ដាំ​តាសក់​ជាន់គ្នា ធ្វើ​ឲ្យ​តម្លៃ​តាសក់ ក្នុងស្រុក​ក្រូចឆ្មារ ធ្លាក់​ដល់ ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​

18/12/2020 12:00 pm ត្បូងឃ្មុំ

​កសិករ​ក្នុងស្រុក​ក្រូចឆ្មារ ភាគច្រើន បាន​ងាក​មក​ដាំ​តាសក់​ចំណារ បន្ទាប់ពី​ដំណាំ​ត្រឡាច ល្ពៅ ប៉េងប៉ោះ ដោយសារ​ជា​បន្លែ​ងាយ​ដាំ មាន​រយៈពេល​ខ្លី​។ ប៉ុន្តែ​ការដាំ​តាសក់ ជាន់គ្នា ដោយ​មិនមាន​ការផ្លាស់ប្ដូរ ធ្វើ​ឲ្យ​តម្លៃ​តាសក់ ក្នុងស្រុក​ក្រូចឆ្មារ ធ្លាក់​ដល់ ២៥០​រៀល ទៅ ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើតាម​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១៧ ខែធ្នូ​។​



​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ នៅ​ថ្ងៃទី ១៧ ខែធ្នូ​នេះ​ថា តម្លៃ​តាសក់​ចំណារ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ពិតជា មានការ​ធ្លាក់ចុះ​ពិតមែន​។ លោក​បញ្ជាក់ថា ការធ្លាក់​ថ្លៃ​នេះ ទើប​រយៈពេល​ប្រមាណ ១​សប្ដាហ៍​ប៉ុណ្ណោះ​។ លោក ហេង ពិសិដ្ឋ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​តម្លៃ​តាសក់ ធ្លាក់ចុះ​មែន តែ​ទើប​ធ្លាក់​ក្នុង​សប្ដាហ៍​នេះ​ទេ ហើយ​តម្លៃ ៣០០​រៀល ក្នុង​មួយ​គីឡូ តែ​ក្នុងស្រុក​ក្រូចឆ្មារ​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​ដាំ​ច្រើន​។ បើ​នៅ​តំបន់​ផ្សេង លក់បាន​តម្លៃ ៥០០​រៀល ទៅ ៦០០​រៀល ក្នុង​មួយ​គីឡូក្រាម​»​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បាន​បន្ថែមថា មាន​កសិករ​ច្រើន ដែល​ដាំ​តាសក់ ព្រោះ​ជា​បន្លែ​មាន​រយៈពេល​ខ្លី និង​ងាយ​ដាំ​។ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទាំងមូល មាន​ផ្លៃ​ដី​ប្រមាណ ៦០​ហិកតា​ទៅហើយ សម្រាប់​ដាំ​តាសក់​នេះ ខណៈ​អ្នកស្រុក​ក្រូចឆ្មារ ស្ទើរ​ទាំងអស់​បាន​ដាំ​តាសក់​ដែរ​។ «​ការដាំ​តាសក់​ជាន់គ្នា មិន​ផ្លាស់ប្ដូរ​ដំណាំ និង​មិន​គិតពី​តម្រូវការ ទីផ្សារ ធ្វើ​ឲ្យ​កសិករ ជួប​បញ្ហា​ទីផ្សារ​។ ដូច្នេះ កសិករ​មិនគួរ ដាំ​អ្វី​តាម​គ្នា​នោះទេ ត្រូវ​ស្វែងយល់ ពី​ទីផ្សារ​សិន និង​ត្រូវ​រៀបចំ​ក្រុម​ដាំ ឲ្យ​បាន​ត្រឹមត្រូវ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​។​



​អ្នកស្រី ហេង រ៉ែ​ម អ្នក​ដាំ​តាសក់​ចំណារ នៅ​ភូមិ​ក្ដុល​ក្រោម ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ អ្នកស្រី បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា អ្នកស្រី​ផ្ដើម​ដាំ​តាសក់ កាល​ឆ្នាំ​២០១៩ បូករួម ជាមួយ ដំណាំ​ល្ពៅ និង​ត្រឡាច បន្ទាប់ពី ការធ្វើ​ស្រូវវស្សា​។ កសិករ​រូបនេះ បាន​បន្ថែមថា​៖«​ជិត ១០​ថ្ងៃ​មកហើយ ដែល​តាសក់ ធ្លាក់​ថ្លៃ ដល់ ២៥០​រៀល ទៅ ៣០០​រៀល​។ កន្លងមក តាសក់ លក់បាន ១ ០០០​រៀល បន្ទាប់មក​ធ្លាក់​ដល់ ៦០០​រៀល ហើយ​ពេលនេះ ត្រឹម ៣០០​រៀល​ទេ ហើយ​មិនសូវមាន​អ្នកទិញ​ផង​»​។​

​កសិករ​ដាំ​តាសក់​ក្នុងស្រុក​ក្រូចឆ្មារ​រូបនេះ ប្រាប់ទៀតថា​៖«​ឆ្នាំនេះ​ពិបាក​ខ្លាំង ព្រោះ​ដាំ​តាសក់ មិន​ចំណេញ ហើយ​ដំណាំ​ស្រូវ​ត្រូវ​ជំនន់​ទឹកភ្លៀង បំផ្លាញ​គ្មាន​សល់​( ២​ហិកតា​)»​។ លើសពីនេះ ដំណាំ​ស្រូវ ដែល​ខូចខាត ទើប​ស្ដារ​បាន​ប្រមាណ ២​ខែ​ប៉ុណ្ណោះ កសិករ ហេង រ៉ែ​ម នៅសល់តែ​ដំណាំ​ត្រឡាច និង​ល្ពៅ ជា​ក្ដី​រំពឹង ដោយ​ដំណាំ​ត្រឡាច អាច​លក់បាន ១​ឡូ (១២​ផ្លែ​) តម្លៃ ៧ ០០០​រៀល និង​ដំណាំ​ល្ពៅ តម្លៃ ៨០០​រៀល ទៅ ១ ៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ នេះ​បើតាម​កសិករ ហេង រ៉ែ​ម​៕


 

ព័ត៌មានទាក់ទង