Thmey Thmey 25
ឧ​ទ្យា​នុ​រក្ស សេង សាំង​ហៀ​ត​៖ «​យើង​ត្រូវ​ចាត់ទុក​ព្រៃឈើ​ជា​ឪពុកម្ដាយ​»
31/07/2020 10:00 am សៀមរាប ​សៀមរាប​៖ លោក សេង សាំង​ហៀ​ត ជា​អនុប្រធាន​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់ការ​បរិស្ថាន​លើ​ខ្នងភ្នំ​គូលែន ខេត្តសៀមរាប​។ រយៈពេល​៣​ឆ្នាំ​ហើយ ដែល​លោក សេង សាំង​ហៀ​ត ធ្វើជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន​។ ឧ​ទ្យា​នុ​រក្ស​រូបនេះ លើកឡើងថា​៖ «​ក្ដី​ស្រឡាញ់​ចេញពី​បេះដូង ទោះបី​ការងារ​ហ្នឹង វា​នឿយហត់​បន្តិច ប៉ុន្តែ​កម្លាំងចិត្ត​ជំរុញ​ឲ្យ​យើង​ទៅធ្វើ ទឹកចិត្ត​យើង យើង​ចូលចិត្ត​»​។​

​ការងារ​ជា​ឧ​ទ្យា​នុ​រក្ស មិនមែនជា​ការងារ​ងា​យ​ស្រួល​នោះទេ។ សម្រាប់​លោក សេង សាំង​ហៀ​ត ការងារ​នេះ​ងាយ​នឹង​ជួប​បញ្ហា​ប្រឈម​នានា ក្នុងពេល​បំពេញភារកិច្ច​។ ឧ​ទ្យា​នុ​រក្ស​រូបនេះ រៀបរាប់​បែបនេះ​៖ «​ពិតជា​មានការ​ពិបាក​ច្រើន បញ្ហា​ប្រឈម និង​សុវត្ថិភាព ពេលដែល​ចុះ​ឃាត់​ពលរដ្ឋ​កាប់​រានចម្កា​រ ពួកគាត់​មិន​សប្បាយ​ចិត្តនឹង​យើង​ទេ​។ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ធ្វើយ៉ាងណា សម្របសម្រួល​គាត់​ឲ្យ​មាន​ការងារ​ផ្សេង​»​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​យកការណ៍​ខាងក្រោម​៖ 

​ទោះ​ហត់នឿយ និង​មាន​ការលំបាក លោក សាំង​ហៀ​ត នៅតែ​បន្តការងារ​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។ ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅលើ​ខ្នងភ្នំ​គូលែន​រូបនេះ បាន​លះបង់​កម្លាំង និង​ទឹកចិត្ត ដើម្បី​រក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​។ «​កម្លាំង និង​ទឹកចិត្ត លះបង់​ច្រើន​មែនទែន ដើម្បី​រក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស និង​រក្សា​ប្រភពទឹក​ពី​ភ្នំ​គូលែន ឲ្យ​បាន​ទៅដល់​តាម​ប្រាសាទ​នានា​»​។ នេះ​ជាការ​លើកឡើង​របស់លោក សេង សាំង​ហៀ​ត​។ 

​ឧ​ទ្យា​នុ​រក្ស សាំង​ហៀ​ត ឲ្យ​តម្លៃ​ព្រៃឈើ​ជា​ឪពុកម្ដាយ និង​ចាត់ទុកជា​របស់​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​។ លោក សាំង​ហៀ​ត លើកឡើង​បែបនេះ​៖ «​ព្រៃឈើ គឺ​ដូចជា​ឪពុកម្ដាយ​របស់​យើង បើ​យើង​ថែរក្សា​គាត់ គាត់​នឹង​ថែរក្សា​យើង​វិញ​»​។ 



​មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប លោក សាំង​ហៀ​ត សម្រេចចិត្ត​មក​ថែរក្សា​ការពារ​បរិស្ថាន​នៅលើ​ខ្នងភ្នំ​គូលែន​។ ឧ​ទ្យា​នុ​រក្ស​រូបនេះ ត្រូវ​ប្រចាំការ និង​ចុះ​ល្បាត​នៅតាម​ព្រៃ ពិសេស​ណែនាំ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ជាប្រចាំ​។ ក្នុង​មួយ​សប្ដាហ៍ ឧ​ទ្យា​នុ​រក្ស សាំង​ហៀ​ត អាច​ទៅផ្ទះ​ជួបជុំ​គ្រួសារ ចំនួន ១​ថ្ងៃ ប្រសិនបើ​មាន​ភ្ញៀវទេសចរ​ធ្វើដំណើរ​ផ្សងព្រេង ចូលទៅ​កាន់​ព្រៃ​ជ្រៅ នោះ​លោក​មិនបាន​ទៅ​ជួបជុំ​គ្រួសារ​នោះទេ​។ 

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នា​ស្នាក់ការ​ខ្នងភ្នំ​គូលែន​រូបនេះ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ និង​ថែរក្សា​ព្រៃឈើ និង​បរិស្ថាន ពិសេស​ទៅ​កម្សាន្ត​នៅ​ភ្នំ​គូលែន ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បី​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០​នាក់ កំពុង​ឈរជើង​ការពារ​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ​នានា​នៅ​កម្ពុជា​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ មាន​បេសកកម្ម​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ រួមទាំង​ទប់ស្កាត់​រាល់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នានា ដែល​កើត​មាននៅ​កម្ពុជា​។​



​សូមបញ្ជាក់ថា ថ្ងៃទី​៣១ កក្កដា​នេះ ជា​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​។ ទិវា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០០៧ ក្នុង​គោលបំណង​ផ្តល់​គុណ​តម្លៃ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជា ជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ និង​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​តួនាទី​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​កម្ពុជា អំពី​ការតស៊ូ​លះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​សេចក្តី​អង់អាច​ក្លាហាន​៕



ដោយ៖ ញឹក​ ស្រី​ល័​ក្ខ  © រក្សាសិទ្ធិដោយ thmeythmey25.com