រដ្ឋបាលខេត្តកណ្ដាល ប្ដេជ្ញាខិតខំធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF Plus ទីមួយនៅកម្ពុជា

26/05/2023 3:00 pm កណ្តាល

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF Plus) នៅសាលាខេត្តកណ្ដាល។ ក្នុងកិច្ចប្រជុំនេះ លោក នុត ពុធដារ៉ា បានប្ដេជ្ញាខិតខំធ្វើយ៉ាងណាឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF Plus ទីមួយដំបូងគេនៅកម្ពុជា។



លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់ រដ្ឋបាលក្រុង-ស្រុកទាំង១៣ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងធ្វើយ៉ាងណាឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF Plus ទីមួយនៅកម្ពុជា តាមរយៈការអប់រំសុខភាពប្រជាជន ដោយចូលរួមថែរក្សាបរិស្ថាន រស់នៅឱ្យបានស្អាត និងមានការប្រើប្រាស់បង្គន់អនាម័យគ្រប់ខ្នងផ្ទះឱ្យបានប្រសើរជាងមុន។

ជាមួយគ្នានេះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល មានប្រសាសន៍ថា សូចនាករសម្រាប់វាស់វែងកម្រិត ODF Plus គឺមិនខុសពី ODF ប៉ុន្មានទេ គឺគ្រាន់តែបន្ថែមចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន លាងដៃនឹងសាប៊ូឱ្យបាន ៩៥% ទុកដាក់សំរាម និងទឹកសម្រាប់ផឹកមានសុវត្ថិភាពឱ្យបាន៨៥% និងស្ថានភាពអនាម័យសមរម្យតាមស្ថាប័ន ឬអង្គភាពផ្ដល់សេវាឱ្យបាន ៨៥%។

គួរបញ្ជាក់ថា ខេត្តកណ្ដាល ត្រូវបានប្រកាសទទួលស្គាល់ជាខេត្តទីបីនៅកម្ពុជាដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង(ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ទន្ទឹមនឹងភាពជោគជ័យនេះ អភិបាលខេត្តកណ្ដាលនៅតែប្ដេជ្ញាខិតខំបំពេញចំណុចខ្វះខាតដើម្បីត្រៀមខ្លួនក្លាយជាខេត្ត ODF Plus នាពេលខាងមុខ៕

 

ព័ត៌មានទាក់ទង