ក្រសួងកសិកម្ម ប្រកាសប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី ដោយផ្ដល់អាទិភាពដល់ជនមានពិការភាព

25/05/2023 3:58 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីចំនួន ៥២នាក់ សម្រាប់ចូលបម្រើការងារនៅអង្គភាពថ្នាក់កណ្ដាល និងមន្ទីរកសិកម្ម រាជធានី-ខេត្ត។ បើតាមក្រសួងកសិកម្ម បេក្ខជនដែលមានពិការភាពត្រូវបានលើកទឹកចិត្ត។



ការប្រឡងជ្រើសរើសនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺសម្រាប់ចូលបម្រើការងារនៅអង្គភាពថ្នាក់កណ្ដាលចំនួន ២៥នាក់ និងមន្ទីរកសិកម្ម រាជធានី-ខេត្តចំនួន ២៧នាក់។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដ្ឋានកៅស៊ូ ជ្រើសរើសក្នុងមួយអគ្គនាយកដ្ឋានចំនួន ៤នាក់។

ដោយឡែក អគ្គនាយកដ្ឋានកសិកម្ម ជ្រើសរើសចំនួន ៥នាក់, រដ្ឋបាលព្រៃឈើ ចំនួន ១នាក់, រដ្ឋបាលជលផល ចំនួន ២នាក់ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ចំនួន ២នាក់។ ចំពោះ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ជ្រើសរើសចំនួន ១នាក់, វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ចំនួន ២នាក់, នាយកដ្ឋានបុគ្គលិក ចំនួន ១នាក់, នាយកដ្ឋានកិច្ចការរដ្ឋបាល ចំនួន ១នាក់, នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំនួន ១នាក់ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំនួន ១នាក់។

សម្រាប់មន្ទីរកសិកម្មរាជធានី-ខេត្តវិញ មន្ទីរកសិកម្មរាជធានីភ្នំពេញ, សៀមរាប, កំពត, បន្ទាយមានជ័យ, ឧត្តរមានជ័យ, រតនគិរី, ស្ទឹងត្រែង, ព្រៃវែង, ត្បូងឃ្មុំ, ព្រះវិហារ និងខេត្តកំពង់ស្ពឺ ជ្រើសរើសចំនួន ១នាក់ ក្នុងមួយស្ថាប័ន។ ចំណែកឯ មន្ទីរកសិកម្មខេត្តកែប ជ្រើសរើសចំនួន ៤នាក់, ព្រះសីហនុ, ប៉ៃលិន, មណ្ឌលគិរី, ពោធិ៍សាត់, កំពង់ចាម និងកោះកុង ជ្រើសរើសចំនួន ២នាក់ ក្នុងមួយស្ថាប័ន។

សេចក្ដីជូនដំណឹងខាងលើ បញ្ជាក់ថា បេក្ខជនទាំងអស់ត្រូវជាសិស្ស និងនិស្សិត ដោយក្នុងនោះ សញ្ញាបត្របណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ រីឯ បញ្ញាបត្រជាន់ខ្ពស់ ត្រូវបានកំណត់អាយុយ៉ាងច្រើន ៤០ឆ្នាំ, បរិញ្ញាបត្រ ត្រូវបានកំណត់អាយុយ៉ាងច្រើន ៣៥ឆ្នាំ។ 

គួរបញ្ជាក់ថា បេក្ខជនទាំងអស់ ត្រូវដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅក្រសួងកសិកម្ម ចាប់ពីថ្ងៃទី២២ ឧសភា-២២ មិថុនា រាល់ម៉ោងធ្វើការ៕ 

 

ព័ត៌មានទាក់ទង