កសិករ ចាប សីមា អំពាវនាវតាមបណ្ដាញសង្គម រកអ្នកជួយទិញខ្ទឹមក្រហម ខណៈសល់ប្រហែល១តោន

27/03/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ លោក ចាប សីមា កំពុងស្វែងរកទីផ្សារលក់ចេញខ្ទឹមក្រហមរបស់ខ្លួន ដែលសល់ប្រហែល ១តោន លក់មិនចេញ។ កសិករ​ លោក សីមា ត្រូវការបង្វែរដើមទុនយកដាំបន្លែឡើងវិញ ខណៈពេលនេះ ស្ងាត់អ្នកបញ្ជាទិញ។

លោក ចាប សីមា បានដាក់លក់ផលិតផលខ្លួន លើបណ្ដាញសង្គម តែផលិតផលរបស់កសិកររូបនេះ ហាក់លក់មិនដាច់ព្រោះថា អ្នកខ្លះជួយទិញក្នុងបរិមាណតិច ។ រីឯ ខ្លះ ឱ្យតម្លៃថោក ដែលធ្វើឱ្យ លោក ពិបាកលក់។  ក្នុងបទសម្ភាស ជាមួយសារព័ត៌មាន ThmeyThmey 25 តាមទូរសព្ទ លោក ចាប សីមា បានឱ្យដឹងថា ក្នុងរដូវប្រមូលផលឆ្នាំនេះ ខ្ទឹមក្រហមរបស់លោក ពុំសូវមានទីផ្សារនោះទេ។​ ជាក់ស្ដែង មកទល់ពេលនេះ នៅសល់ប្រហែល ១តោនទៀត លក់មិនចេញ។ 
បើតាមកសិករនៅខេត្តបន្ទាយមានជ័យរូបនេះ មូលហេតុដែលនាំទីផ្សារខ្ទឹមក្រហមខ្មែរលោក ចង្អៀត ដោយសារតែ លំហូរចូលពីបរទេសមានតម្លៃទាប ជាងខ្ទឹមក្រហមក្នុងស្រុក។ ខ្ទឹមក្រហមរបស់លោក សីមា  លក់ក្នុងតម្លៃ ៦ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈខ្ទឹមក្រហមនាំចូលមានតម្លៃប្រហែល ៤ ទៅ៥ពាន់រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។


 

«ឱ្យតែដាំច្រើន ដឹងតែលក់មិនចេញ។ បើគេទិញខ្ទឹមនាំចូលវាថោកជាង មួយថ្ងៃចូលរាប់រយតោន។ ខ្ទឹមនាំចូល គឺថា របស់របរកសិកម្មគេវាថោក ហើយជីគេក៏ថោក។ ដល់ពេលរបស់យើងនៅនេះ(កម្ពុជា) ស្អីក៏ថ្លៃ ថ្លៃទាំងអស់ តាំងពីគ្រាប់ពូជ ថ្លៃជី សាំង មាស៊ូត ថ្លៃទាំងអស់។ អ៊ីចឹង! បើឱ្យលក់តម្លៃដូចគេ យើងលក់អត់កើត វាខាត»។ នេះជាការអះអាងរបស់លោក ចាប សីមា ដែលបន្ថែមថា សព្វថ្ងៃនេះ លោក ពិបាកប្រកួតប្រជែងជាមួយទីផ្សារបរទេស។ 

លោក ចាប សីមា ដាំខ្ទឹមក្រហម រយៈពេល២ឆ្នាំហើយ លើផ្ទៃដី១ រ៉ៃ ឬ ១៦០០ ម៉ែត្រការ៉េនៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងមួយឆ្នាំ លោក ដាំខ្ទឹមក្រហម តែម្ដងប៉ុណ្ណោះ និងក្រៅពីនោះ លោកទុកដីដាំបន្លែផ្សេងៗ ដូចជា តាសក់ និងបន្ថែមវិលជុំជាដើម។ 

កសិកររូបនេះ  ត្រូវពឹងផ្អែកទីផ្សារលើឈ្មួញនៅភ្នំពេញ និងសៀមរាប ដែលរយៈពេល១ ឬ២សប្ដាហ៍ ឈ្មួញទទួលទិញតែ៥០ ទៅ១០០ គីឡូក្រាមប៉ុណ្ណោះ។ លោក ចាប សីមា ប្រាប់ដូច្នេះថា៖« ទីផ្សារមានតិចតួចដែរ តែមួយអាទិត្យគេយក១០០គីឡូ ៥០គីឡូ។អ៊ីចឹង! វាយឺត ខ្ញុំចង់ដាក់លក់ឱ្យលឿនៗ។ ខ្ញុំបង្ហោះទៅហ្នឹង អត់មានអ្នកទិញច្រើនទេ ព្រោះអីអ្នកខ្លះទិញ ១ ឬ២ គីឡូក្រាមអី ខ្ញុំផ្ញើទៅម៉េចកើត។ អ៊ីចឹង បើបានត្រឹម ១០គីឡូឡើង ខ្ញុំលក់ឱ្យបាន»។   

ថ្វីដ្បិត ដំណាំខ្ទឹមក្រហម អាចទុកលក់បានយូររហូត៦ខែ តែលោក សីមា ចង់លក់ឱ្យអស់ក្នុងពេលឆាប់ៗ ដើម្បីអាចមានលុយយកធ្វើទុនដាំដំណាំផ្សេងទៀត។ 

ពាក់ព័ន្ធបញ្ហានេះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មបន្ទាយមានជ័យ  ប្រាប់សារព័ត៌មាន Thmey Thmey 25 តាមទូរសព្ទខ្លីថា នៅពេលទំនិញច្រើន តែងនាំឱ្យការកកស្ទះខ្លះហើយ គ្រាន់តែកសិករខ្លះត្អូញត្អែរ និងខ្លះមិនសូវបញ្ចេញ។

បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ករណី លោកកសិករត្អូញត្អែរនេះ ទំនងជាការធ្វើទីផ្សាររបស់ខ្លួនប៉ុណ្ណោះ ដោយខ្ទឹមក្រហម នៅក្នុងស្រុកសិរីសោភ័ណ លក់ដាច់តាំងពីដើមមកម្លេះ មិនមានបញ្ហាប្រឈមធំដុំនោះទេ។  លោក ប្រាប់ដូច្នេះថា៖«ធម្មតាទំនិញច្រើន វាមានលក់ចេញ និងអត់ចេញខ្លះ អ៊ីចឹងហើយ។ ហើយចេះតែរកទីផ្សារឱ្យមានគ្រប់តែសព្វហ្នឹងឯង»៕

 

 

ព័ត៌មានទាក់ទង