លោក សុខ រ៉ាដែន បង្កើតសមាគមវារីវប្បករ ដើម្បីដោះស្រាយបញ្ហាផលត្រី និងកាត់បន្ថយការនាំចូល

01/01/2021 10:00 am ភ្នំពេញ

ភ្នំពេញ៖ សមាគមវារីប្បករកម្ពុជា ទើបតែបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២០ ដោយមានការគាំទ្រដោយអង្គការសណ្ដែកសៀងអាមេរិកកាំង ក្នុងផ្ដល់បច្ចេកទេសដល់អ្នកចិញ្ចឹមនៅកម្ពុជា។ ការបង្កើតសមាគមនេះឡើងដើម្បីចងក្រងវារីវប្បករកុំឲ្យចិញ្ចឹមដាច់ដោយឡែកពីគ្នា ជាពិសេសជួយបង្កើនផលិតភាពផលិត និងពង្រីកទីផ្សារ។



លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជា ប្រាប់សារព័ត៌មានThmeyThmey25ថា គោលការណ៍របស់សមាគមវារីវប្បករ គឺជំរុញផលិតផលត្រីក្នុងស្រុកឲ្យមានគុណភាពល្អ កាត់បន្ថយការនាំចូលត្រីពីបរទេស និងអាចឈានដល់ការនាំចេញទៅខាងក្រៅវិញ។ បើតាមលោក រ៉ាដែន ការបង្កើតសមាគមនេះ គឺមានការចូលរួមគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា និងពលរដ្ឋខ្មែរ។ 

«ការនាំចូលត្រីនៅតែមាន នេះជាបញ្ហាដ៏ធំសម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដូច្នេះសមាគមសូមស្នើក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ទប់ស្កាត់ការនាំចូលត្រីពីខាងក្រៅឲ្យមានប្រសិទ្ធភាព»។ នេះជាការបញ្ជាក់របស់លោក សុខ រ៉ាដែន ដែលបានបន្ថែមថា កន្លងមកសមាគមវារីវប្បកម្ម បានស្នើទៅក្រសួងកសិកម្ម និងរដ្ឋបាលជលផល ច្រើនលើកច្រើនសាររួចមកហើយ ដើម្បីទប់ស្កាត់នូវបញ្ហានេះ ប៉ុន្តែសកម្មភាពការនាំចូលត្រីពីប្រទេសជិតខាងនៅតែមាន។

លោក សុខ រ៉ាដែន បន្ថែមថា៖«ការចូលរួមពីអ្នកបរិភោគ ជាផ្នែកមួយជួយជំរុញវិស័យវារីវប្បកម្មកម្ពុជា ហើយចំពោះការបរិភោគត្រីចិញ្ចឹម មិនខុសគ្នានោះទេ បើអ្នកចិញ្ចឹមមានការចិញ្ចឹមបានត្រឹមត្រូវ ដោយគិតលើប្រភពទឹក ពូជត្រី បច្ចេកទេស និងចំណី។ ដូច្នេះពលរដ្ឋបើអ្នកបរិភោគគួរគិតឲ្យបានដិតដល់ចំពោះការបរិភោគ ព្រោះយើងមិនដឹងទេថាត្រីដែលបាននាំចូល វាអាចប៉ះពាល់អ្វីខ្លះដល់សុខភាព។ វាជារយៈពេលខ្លីមួយដែលសមាគមវារីវប្បកម្មត្រូវបានបង្កើត ហើយជាជំហានបន្ទាប់ក្រៅពីផ្ដល់បច្ចេកទេសចិញ្ចឹមដល់សមាជិក គឺត្រូវការការចូលរួមរបស់ក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការនាំចូលត្រីជាមុន»។

សមាគមវារីវប្បករលើកទឹកចិត្តដល់វារីវប្បករ ឲ្យបង្កើនគុណភាពក្នុងការចិញ្ចឹម ដើម្បីឈានដល់កម្រិតស្តង់ដា។ សមាគមវារីវប្បករកម្ពុជា បង្កើតឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានសមាជិក ៩នាក់ប៉ុណ្ណោះ។ តែមកដល់បច្ចុប្បន្នសមាគមនេះ មានសមាជិកជាង ១៦០នាក់៕
 

ព័ត៌មានទាក់ទង