កូន​ត្រី​ជាង​១​ម៉ឺន​ក្បាល ត្រូវ​បាន​ប្រលែង​ចូលក្នុង​អាង​ព្រៃ​កំពែង ខេត្ត​ត្បូងឃ្មុំ​

23/10/2020 9:31 am ត្បូងឃ្មុំ

​កូន​ត្រី​ចំនួន ១១ ០០០ ក្បាល ត្រូវបាន​ប្រលែង​ចូលក្នុង​អាង​ព្រៃ​កំពែង ស្ថិតក្នុង​ភូមិ​ខ្ជាយ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដោយ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០២០​។ កូន​ត្រី​ទាំងនោះ រួមមាន កូន​ត្រី​ប្រា ត្រី​ក្រាញ់ ត្រី​កន្ធរ និង​អន្ទង់ ដែល​បាន​ប្រលែង ក្នុង​អាង​ព្រៃ​កំពែក​ដែលមាន​ទំហំ​រហូតដល់​១.៥ ហិកតា ក្នុង​សហគមន៍​ព្រៃ​កំពែង​។



​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ពី មូល​ហេតុដែល​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ជ្រើសរើស​អាង​មួយ​នេះ សម្រាប់​ការ​ប្រលែង​ត្រី​ជាង ១​ម៉ឺន​ក្បាល ដូច្នេះ​ថា​៖ « ព្រោះ​ជា​អាង​មាន​ទំហំ​ធំ​ផ្សាភ្ជាប់​ជាមួយ​ប្រវត្តិសាស្ត្រ ដូច្នេះ​រដ្ឋបាលខេត្ត​ទុក​តំបន់​នេះ​ជា​កន្លែង​អភិរក្ស និង​ទាក់ទាញ​ទេសចរ​។  ម្យ៉ាងទៀត​ពេល​ត្រី​ទាំងអស់នេះ​មានកូន​អាច​ហូរ​ទៅ​ស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង​។ ទី​ពីរ ដើម្បី​ទាក់ទាញ​ទេសចរ ពេល​មាន​ត្រី​អ៊ីចឹងទៅ ទេសចរ​គាត់​អាច​ទៅលេង​»​។​



​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បន្ថែមថា សហគមន៍​ព្រៃ​កំពែង​មិនទាន់​បានប្រកាស​ជា​តំបន់​ទេសចរណ៍​នោះទេ​។ ប៉ុន្តែ​ក្នុង​ពិធី​ប្រលែង​កូន​ត្រី​នេះ លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន ដាក់ចេញ​ផែនការ​រៀបចំ​ឲ្យ តំបន់​នេះ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ប្រវត្តិសាស្ត្រ​មួយ ព្រោះ​ជា​តំបន់​ប្រវត្តិសាស្ត្រ និង​មាន​ម្លប់ឈើ​ធំៗ​ជាច្រើន ។ 

​លោក ហេង ពិសិដ្ឋ ក៏បាន​លើកឡើង​ដែរ​ថា នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ការលែង​កូន​ត្រី​ក្នុង​សហគមន៍​ព្រៃ​កំពែង​នេះ​។ ដោយ​ឡែ​ង​កាលពី​ខែ កក្កដា ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម​ក៏បាន ដាំ​កូនឈើ​ក្នុង​សហគមន៍​នេះ ចំនួន​២០០​ដើម​បន្ថែម​លើ​ព្រៃឈើ​ដែលមាន​ស្រាប់​ផងដែរ​៕ 

ព័ត៌មានទាក់ទង