តើ​សណ្ឋាន​ដី​បែបណា ដែល​សមស្រប​សម្រាប់​ដំឡូងជ្វា​?

08/04/2021 1:00 pm ភ្នំពេញ

​ដំឡូងជ្វា ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ពលរដ្ឋ​និយម​ទទួលទាន​។ វា​មាន​អត្ថប្រយោជន៍​ច្រើន​ទាំង​មើម ដែល​សម្បូរ​ដោយ វីតាមីន​អា កាបូន​អ៊ី​ដ្រា​ត ជាតិ​ម្សៅ ដែល​អាច​ហូប​ជំនួស​បាយ​បាន ហើយ​ចំពោះ​ទង និង​ស្លឹក គេ​អាច​ធ្វើជា​បន្លែ និង​ចំណី​សត្វ​បាន​ទៀតផង​។ ដើម្បី​ជា​ប្រយោជន៍​ដល់​កសិករ​ThmeyThmey25 សូម​លើកយក​បច្ចេកទេស​ដាំ​ដុះ​ដំឡូងជ្វា ដែល​ដកស្រង់​ពី​ឯកសារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។

 

​ការជ្រើសរើស​ដី និង​រដូវ​ដាំ​ដុះ​៖ ដី​ដែល​សមស្រប​ជាមួយ​ដំណាំ​ដំឡូងជ្វា គឺ​តំបន់​ដីក្រហម ដីភ្នំ ជា​ដីខ្សាច់ ដីល្បាប់​ទន្លេ ស្ទឹង និង​ល្បាប់​ខ្សាច់​។ ចំណែក​ដីស្រែ​ក៏​អាច​ដាំ​បានដែរ បន្ទាប់ពី​ប្រមូល​ផល​រួច តែបើ​នៅ​រដូវភ្លៀង​គេ​ត្រូវ​ដាំ​លើ​ទួល​។ ដោយឡែក​រដូវ​សមស្រប​សម្រាប់​ដាំដំឡូង​ជ្វា គឺ​នៅ​រដូវភ្លៀង​។​

​ការរៀបចំ​ដី​៖ ចំពោះ​ការដាំ​ដំឡូងជ្វា នៅលើ​ដីស្រែ​ដែល​ទើប​ប្រមូល​ផល​រួច ត្រូវ​ភ្ជួរ​ដី​ចោល​ឲ្យ​បាន ២​សារ​ជាមុនសិន​។ ១០​ថ្ងៃ​បន្ទាប់ពី​ភ្ជួរ ត្រូវ​បាច​ជីលា​មក​គោ​រួច​ត្រូវ​ភ្ជួរ​រាស់​ត្រលប់​ភ្លាម និង​ត្រូវ​ទុកចោល​រយៈពេល ៣​ថ្ងៃ​។ បន្ទាប់ពី​ទុកចោល ៣​ថ្ងៃ​ហើយ​ត្រូវ​ភ្ជួរ​ឆូត​រង សម្រាប់​ដាំ​។ តែ​ត្រូវ​ចាំ​ថា​មិនត្រូវ​ឆូត​រង​តូច​ពេក​នោះទេ ព្រោះ​អាច​ឲ្យ​ដំឡូង​ពិបាក​ក្នុង​ការចុះ​មើម​។ 

​ការជ្រើសរើស​ទង​សម្រាប់​ដាំ​៖ ត្រូវ​ជ្រើសរើស​ទង​ណា ថ្លោស និង​ខ្លី​ល្មម និង​មាន​អាយុ​ចាប់ពី ៤០ ទៅ ៥០​ថ្ងៃ និង​មាន​ថ្នាំង​ញឹក​ល្អ​។ ប្រវែង​ទង​ដែល​សមស្រប​ល្អ​មាន​ប្រវែង ២០ ទៅ ៣០​សង់ទីម៉ែត្រ និង​មិន​ត្រូវយក​ទង​ណា​ដែលមាន​ដុះ​ឬ​ស​ច្រើន​នៅតាម​ថ្នាំង​នោះទេ ម្យ៉ាង​ត្រូវ​កាត់​ស្លឹក​ជាប់​ទង​មួយចំនួន ប៉ុន្តែ​ត្រូវ​ទុក​ខ្លះ​។ 

​វិធី​ដាំ​៖ ការដាំ​ដំឡូងជ្វា អាស្រ័យ​តាម​ប្រភេទ​ដី បើសិន​នៅតាម​តំបន់​មាន់​ទន្លេ​អាច​ដាំ​ពីរ​ជួរ​លើ​រង​។ តែបើ​ដីស្រែ​ដាំ​តែមួយ​ជួរ​ក្នុង​មួយ​រង​ជា​ការល្អ​។ ចន្លោះ​ពីមួយ​ដើម​ទៅមួយ​ដើម​មាន​ប្រវែង ៣០ ទៅ ៥០​សង់ទីម៉ែត្រ ហើយ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​មាន​ប្រវែង ១​ម៉ែត្រ​។ ការ​កប់ដើម​ដំឡូង​ត្រូវ​កប់​ដី​ឲ្យ​ផ្អៀង ៤៥ ដឺ​ក្រេ និង​ឲ្យ​ចុង​ទង​ផុតពី​ដី​មួយ​ថ្នាំង ឬ​ពីរ​ថ្នាំង​។ 

​ការថែទាំ​៖ ក្រោយ​ដាំ​រួច​ត្រូវយក​ចំ​ប៉ើង ស្មៅ​ក្រៀម ឬ​កំប្លោក​គ្របពីលើ​រង​ឲ្យ​ជិត ដើម្បី​ការពារ​កុំ​ឲ្យ​ក្ដៅ​ពេក ដែលជា​ហេតុ​ឆាប់​ខ្សោះ​ទឹក​ក្រោម​ដី​។ បើសិន​ដំឡូង​ល្អ​ខ្លាំងពេក​ត្រូវ​ឧស្សាហ៍​បេះ​ត្រួយ ឬ​ត្រូវ​កាត់​រំលែក​ដើម​ខ្លះ​។ សម្រាប់​ទង​ដៃ​ដំឡូង​មិនត្រូវ​ឲ្យ​លើស ២​ម៉ែត្រ និង​មិនត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​ពេក​នោះទេ​។ ត្រូវ​សំអាត​ស្មៅ​នៅពេល​ដំឡូង​នៅ​តូច និង​ត្រូវ​ជ្រោយ​ពូន​ជុំវិញ​គល់​ដើម្បី​ឲ្យ​មើម​ចុះ​ល្អ​។ ជា​ញឹកញាប់​ជំងឺ​ដែល​តែងតែ​កើត​លើ​កំ​ណាំ​ដំឡូងជ្វា គឺ​ជំងឺ​ក្រា​ស៊ី​ស្លឹក និង​ជ​ងឺ​មើម​រលួយ​។ ដោយឡែក​សត្វល្អិត​វិញ​គឺ​ពពួកសត្វ​ដង្កូវ​ដំឡូង​ឬ​ស គឹ​ង​ដំឡូង និង​ចៃ​។​

​ការប្រមូល​ផល​៖ អាយុ​ចាប់ពី ៩០ ទៅ ១៥០​ថ្ងៃ យើង​អាច​ប្រមូល​ផល​បាន​។ ពេល​ដំឡូងជ្វា​ជិត​គ្រប់​ខែ​ប្រមូល​ផល គប្បី​ឧស្សាហ៍​ឆ្កឹះ​គល់​ឲ្យ​ចំ​មើម ដើម្បី​ពិនិត្យ​មើលថា​មើមដំឡូង​មាន​គឹ​ង​ស៊ី​ឬ​អត់​។ បើសិន ដំឡូង​ដាំ​នៅ​រដូវប្រាំង​មិនគួរ​ទុក​យូរ​នោះទេ ព្រោះ​អាច​គឹ​ង​ស៊ី​មើមដំឡូង​៕   

ព័ត៌មានទាក់ទង