យុវជន​មួយក្រុម​បង្កើត​កសិដ្ឋាន​ដាំ​បន្លែ​សុវត្ថិភាព ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ដល់​អ្នក​បរិភោគ​

16/09/2020 5:00 pm ភ្នំពេញ

​ភ្នំពេញ​៖ យុវជន​មួយក្រុម​មាន​សមាជិក ១៥​នាក់ បាន​សហការគ្នា​បង្កើត​កសិដ្ឋាន​មួយ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព ដែលមាន​ឈ្មោះថា​កសិដ្ឋាន DMMV កាលពី​ឆ្នាំ​២០១៩​។ កញ្ញា គង់ រដ្ឋា សមាជិក​កសិដ្ឋាន DMMV ប្រាប់​សារព័ត៌មាន​ThmeyThmey25  ថា​កសិដ្ឋាន​នេះ​បង្កើតឡើង​គោលបំណង ចូលរួម​លើកកម្ពស់​សុខុមាលភាព បំពេញតម្រូវការ​បន្លែ​សុវត្ថិភាព​នៅក្នុង​ស្រុក និង​កាត់បន្ថយ​ការនាំ​បន្លែ​ចូល​ពី​ក្រៅប្រទេស​។​



​កសិដ្ឋាន​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ លើ​ផ្ទៃដី​ទំហំ​កន្លះ​ហិកតា និង​ដែល​កំពុង​ដាំ​ដុះ​បន្លែ​ជាច្រើន​ប្រភេទ ដូចជា សាលា​ដស និង​ស្វាយ ស្ពៃ ខាត់ណា​ដើម ត្រប់ ននោង ត្រឡាច ម្ទេស តាសក់ ម្រះ និង​បន្លែ​មួយចំនួនទៀត​។ បន្លែ​ទាំងនេះ ត្រូវការ​រយៈពេល ៣០-៤០ ថ្ងៃ ទើប​អាច​ប្រមូល​ផល​បាន និង​ទៅតាម​ប្រភេទ​នីមួយៗ​។​

​កញ្ញា គង់ រដ្ឋា ពន្យល់​បន្ថែម​ពី​ការដាំដុះ​បន្លែ​នៅ​កសិក​ដ្ឋា​ន​របស់ខ្លួន​ដូច្នេះ​៖«​បន្លែ​ក្នុង​កសិដ្ឋាន យើង គឺ​យើង​ដាំ​តាមបែប​សុវត្ថិភាព តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ទំនើប ប្រើប្រាស់​សារធាតុចិញ្ចឹម​តាម​ស្តង់ដារ មិន​បាញ់​ថ្នាំពុល មានការ​ពិនិត្យ និង​ទទួលស្គាល់​ពី​មន្ទីរពិសោធន៍​ជប៉ុន​»​។​



​បើតាម កញ្ញា គង់ រដ្ឋា ភាគច្រើន​បន្លែ​ដែល​ដាំ​ដុះ​នៅ​កសិដ្ឋាន​របស់ខ្លួន ត្រូវបាន​នាំចេញ​ទៅកាន់​តំបន់​ក្បែរ​នោះ និង​លក់​នៅ​បណ្ដា​ផ្សារ​បន្លែ​ធម្មជាតិ​-​សុវត្ថិភាព នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​មួយថ្ងៃ កសិដ្ឋាន​នេះ មានលទ្ធភាព​អាច​ផ្គត់ផ្គង់​បន្លែ​នៅលើ​ទីផ្សារ ប្រមាណ​៤០-៥០​គីឡូ​។ 

​ដោយ​មើលឃើញ​ពី​តម្រូវការ​ច្រើន​ពី​អ្នកប្រើប្រាស់ កញ្ញា គង់ រដ្ឋា បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​ខ្លួន​គ្រោង​ព​ង្រី​ការដាំដុះ​បន្ថែមទៀត ដើម្បី​ឈានដល់​ការបំពេញ​នូវ​តម្រូវការ​ក្នុងស្រុក​ឲ្យ​បាន​កាន់តែច្រើន និង​អាំ​ច​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក​ថែមទៀត​៕





ព័ត៌មានទាក់ទង