កម្ពុជា​កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​ត្រី​ប្រា និង​ទី​ឡាប​ព្យា ទៅ​ជប៉ុន​និង​ចិន ចន្លោះ ៥០​ទៅ​១០០​តោន​

13/08/2020 10:15 am ភ្នំពេញ

​ភ្នំពេញ​៖ កម្ពុជា កំពុង​សិក្សា​ពី​លទ្ធភាព​នាំចេញ​ប្រភេទ​ត្រី​ប្រា និង​ត្រី​ទី​ឡាប​ព្យា ទៅកាន់​ប្រទេស​ជប៉ុន ពី ៥០​តោន ទៅ ១០០​តោន និង​កំពុង​សិក្សា​ពី​លទ្ធភាព​ដើម្បី​នាំ​ចេញទៅ​ប្រទេស​ចិន​។



​លោក ថា​យ សុ​មុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២០ ថា ក្រសួងកសិកម្ម កំពុង​ស្នើ​ចិន នូវ​លទ្ធភាព​នាំចេញ​ត្រី​ទី​ឡាប​ព្យា និង​កន្ធាយ​ដើម្បី​នាំ​ចេញទៅ​ចិន​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ដោយឡែក ជប៉ុន​បាន​យក​សំណាក​ត្រី​ទី​ឡាប​ព្យាក​ម្ពុ​ជា​ទៅ​ពិសោធន៍​នៅ​ជប៉ុន ២​ដង​រួចមកហើយ និង​មាន​គម្រោង​នាំចេញ​ត្រី​ទី​ឡាប​ព្យា​ពី​កម្ពុជា ពី ៥០ ទៅ ១០០​តោន ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ គម្រោង​ត្រូវបាន​ផ្អាក​»​។


​លោក ថា​យ សុ​មុនី បាន​បន្ថែមថា សម្រាប់​លក្ខខណ្ឌ​ដែល​កម្ពុជា​អាច​នាំចេញ​ផល​នេសាទ​នេះ​បាន គឺ​ទាមទារ​ឲ្យ​កសិករ​ចិញ្ចឹម​តាម​លក្ខណៈ​បច្ចេកទេស ពូជ និង​ការផ្ដល់​ចំណី​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​លោក​មិន អាច​កំណត់​ពេលវេលា​បាន​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​ភាគី​ជប៉ុន និង​ចិន​សិន​។

​កន្លងមក លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល បានបង្ហាញ​ពី​បរិមាណ​នៃ​នាំចេញ​ផល​វារីវប្បកម្ម ៤​មុខ ប្រមាណ ១​ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ទៅ​ប្រទេស ថៃ វៀតណាម សាំង​ហ្គា​ពួរ ហុងកុង និង​ចិន ដូចជា ត្រី​ដំរី បង្កង ខ្យង​ខ្ចៅ និង​អន្ទង់​។ រដ្ឋបាល​ជលផល ជំរុញ​បង្កើន​ការផលិត​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​បង្កើន​ការនាំចេញ​ឲ្យ​បាន​ច្រើនជាង​នេះ​។​

​បើតាម​របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ប្រចាំឆ្នាំ​២០១៩-២០២០ លើ​វិស័យ​ជលផល​ឆ្នាំ​២០១៩ ផល​នេសាទ និង​វារីវប្បកម្ម​សរុប​មាន​ចំនួន ៩០៨ ៥០៨​តោន ក្នុងនោះ​ផល​នេសាទ​ទឹកសាប​មាន ៤៧៨ ៨៥០ តោន ផល​នេសាទ​សមុទ្រ​មាន ១២២ ៥៥០​តោន និង​ផល​វារីវប្បកម្ម​មាន ៣០៧ ៤០៨​តោន​៕


ព័ត៌មានទាក់ទង