សៀមរាប៖ ព្រះកេសទេវតាមួយអង្គ ត្រូវបានអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា រកឃើញក្នុងរណ្ដៅកំណាយស្រាវជ្រាវមួយ នៅចំណុចខ្លោងទ្វារជ័យ នៅទិសខាងកើត នៃអតីតក្រុងអង្គរធំ កាលពីថ្ងៃទី០៨ ឧសភានេះ។ មុនរកឃើញ ព្រះកេសនេះត្រូវបានកប់ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ និងរកឃើញដោយចៃដន្យ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
លោក អន សុភាព បុរាណវិទូ អះអាងថា៖« ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង»។
ក្នុងព័ត៌មានដែលអាជ្ញាធរជាតិអប្សរាចេញផ្សាយ បន្ទាប់ពីអ្នកជំនាញពិនិត្យ និងសិក្សា លទ្ធផលបញ្ជាក់ឱ្យឃើញថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក នៃជួរទេវតាទាញព្រ័ត្រ។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០សង់ទីម៉ែត្រ ទទឹង១១សង់ទីម៉ែត្រ និងកម្ពស់ ១២សង់ទីម៉ែត្រ។
ជុំវិញការសិក្សានៅចំណុចខ្លោងទ្វារខាងលើនេះ អ្នកជំនាញក៏បានសន្និដ្ឋានថា គ្រឹះចម្លាក់នៅខ្លោងទ្វារជ័យ មានភាពមាំល្អ ដោយសារខ្លោងទ្វារនេះ ធ្លាប់ឆ្លងកាត់ការជួសជួលពីរលើករួចមកហើយ កាលពីសម័យកណ្ដាល (ក្រោយសម័យអង្គរ) និងម្ដងទៀតនៅអំឡុងសម័យបារាំង៕
-
ដោយ៖ ស៊ុល រ៉វី
-
© រក្សាសិទ្ធិដោយ thmeythmey25.com