កសិករថា តម្លៃទុរេនឆ្នាំនេះល្អដូចឆ្នាំមុន តែទិន្នផលធ្លាក់ចុះ

15/05/2024 2:35 pm ភ្នំពេញ

អាកាសធាតុ បានធ្វើឱ្យទុរេននៅត្បូងឃ្មុំ និងកំពង់ចាមធ្លាក់ចុះទិន្នផល។ កសិករខេត្តទាំងពីរនេះ រអ៊ូថា ក្នុងឆ្នាំនេះពិបាកថែទុរេនដោយសារអាកាសធាតុក្ដៅខ្លាំង និងកង្វះទឹកស្រោចស្រព ប៉ុន្តែតម្លៃទុរេនល្អដូចឆ្នាំមុនដែរ ដែលនាំកសិករមិនប្រឈមខាតបង់ខ្លាំង ។



កញ្ញា ថុល ហ្គេកលី ជាម្ចាស់ចម្ការទុរេន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា ទិន្នផលទុរេនរបស់កញ្ញា មិនសូវបានច្រើនទេ ដោយសារអាកាសធាតុក្ដៅ ប៉ុន្តែមានតម្លៃល្អ ដូចឆ្នាំមុនដែរ។

«ទុរេនឆ្នាំនេះពិបាកណាស់ក្នុងការថែទាំ បណ្តាមកពីអាកាសធាតុក្តៅពេក ធ្វើឱ្យទុរេនវាឈឺច្រើន។ កង្វះទឹកមិនដូចឆ្នាំមុន ដោយមូលហេតុជួបបញ្ហាក្តៅខ្លាំង និងជួបគ្រោះរាំងស្ងួតដូច្នេះហើយ បានធើ្វឱ្យទុរេនឆ្នាំនេះក៏មិនសូវមានផ្លែធំៗ ដោយសារទឹកមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងការថែទាំទុរេន និងធ្វើឱ្យផ្លែទុរេនទុំមុនអាយុខូចខាតមួយចំនួន ផ្លែប្រេះខូចលើដើមតែម្តង »។ កញ្ញា ហ្គេកលី បានត្អូញត្អែរពីបញ្ហាថែទាំទុរេនបែបនេះ។

ទោះបី ទុរេនឆ្នាំនេះពិបាកថែទាំ និងទិន្នផលថយចុះ តែម្ចាស់ចម្ការទុរេន ជាង៤០០ដើមរូបនេះ លក់បានតម្លៃដូចឆ្នាំមុនដែរ ដោយ ទុរេនពូជម៉ូសាំងឃីងលក់បានតម្លៃ ៣០០០០-៣៥០០០រៀលក្នុងមួយគីឡូក្រាម ពូជម៉ាន់ថង់តម្លៃ ២៧០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកពូជអារី៦ ក្នុងមួយគីឡូមានតម្លៃ ២២០០០រៀល និងពូជផួងម៉ានី ១៦០០០រៀលក្នុងមួយគីឡូក្រាម ។

រីឯម្ចាស់ចម្ការទុរេនម្នាក់ទៀតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កញ្ញា បូ ធាវី ក៏បានរអ៊ូពីបញ្ហាទុរេនមិនសូវបានផលល្អ ។ បញ្ហាអាកាសធាតុក្ដៅខ្លាំង និងកង្វះទឹកភ្លៀង ធ្វើឱ្យទុរេនជាង ១០០ដើម របស់កញ្ញា បូ ធាវី ធ្លាក់ចុះទិន្នផល ដោយដើមខ្លះខ្លោចស្លឹកបណ្តាលឱ្យងាប់ដើម។

ម្ចាស់ចម្ការវ័យ២១ឆ្នាំរូបនេះ អះអាងដូច្នេះ៖ « ផ្លែទុរេនខ្លះមានទម្ងន់ ដល់មួយគីឡូក្រាមហើយ ក៏នៅតែជ្រុះផ្លែ មិនសូវកាន់ផ្លែទេ មូលហេតុមកពីក្តៅខ្លាំង មិនសូវសម្បូរទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រពដំណាំទុរេន ។ ណាមួយបើស្រោចទឹកយើងស្រោចបានត្រឹមគល់វាប៉ុណ្ណោះ មិនសើមជោគជាំដល់ស្លឹក ដល់ដើម ដូចភ្លៀងទេ មូលហេតុនេះហើយបានជាទុរេនឆ្នាំនេះជួបបញ្ហាច្រើនដូចជា ក្តៅខ្លាំងខ្លោចស្លឹកងាប់ដើម កង្វះទឹកសម្រាប់ការថែទាំដើម និងមិនមានភ្លៀងធ្លាក់ ធ្វើឱ្យទុរេនផ្លែធំៗ ផ្លែមិនគង់ នៅតែជ្រុះពីដើមជាបន្តបន្ទាប់ »។

ក្នុងដើមរដូវទុរេននេះ កញ្ញា ធាវី ប្រមូលផលបានត្រឹម ១០០-២០០គីឡូក្រាមប៉ុណ្ណោះ ដោយពូជទុរេនម៉ាន់ថង លក់បានក្នុងតម្លៃ ២៥ ០០០រៀលក្នុងមួយគីឡូក្រាម។

ខុសពីម្ចាស់ចម្ការទាំងពីរខាងលើ លោក អ៊ូច ខេមរ៉ា ទទួលបានទិន្នផលទុរេនល្អ ក៏ព្រោះតែចម្ការរបស់លោក មានស្រះ សម្រាប់ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។ ទោះយ៉ាងណា ម្ចាស់ចម្ការនៅខេត្តត្បូងឃ្មុំរូបនេះ ទទួលស្គាល់ថា ការថែទាំទុរេនឆ្នាំនេះ ពិតជាពិបាកព្រោះតែអាកាសធាតុក្ដៅខ្លាំង៕

ដោយ៖ ជៃ ភានិត 

ព័ត៌មានទាក់ទង