បារម្ភខ្វះទឹកស្រោចស្រព! រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំង

05/01/2024 9:32 am ពោធិ៍សាត់

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យពលរដ្ឋផ្អាកធ្វើស្រែប្រាំងលើកទី២ ព្រោះបារម្ភខ្វះទឹកស្រោចស្រព។ បច្ចុប្បន្ន ប្រជាកសិករសម្រុកដាំស្រូវប្រាំងរហូតដល់ជាង៤ម៉ឺនហិកតា លើសផែនការជាងពាក់កណ្ដាល។


បើតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែមករា ផែនការទឹកស្រោចស្រពលើការ «បង្កបង្កើនផលស្រូវរដូវប្រាំង ឆ្នាំ២០២៣-២០២៤» ចេញដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដាក់ឱ្យកសិករអនុវត្តត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ។ ប៉ុន្តែ បើតាមការពិនិត្យជាក់ស្ដែងពីមន្រ្តីជំនាញ និងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ឃើញ ការបង្កបង្កើនផលឆ្នាំនេះ កើនរហូតដល់ ៤៦ ៣៤១ហិកតា។ 
 
បញ្ហានេះ រដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំឱ្យពលរដ្ឋផ្អាកដាំដុះស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ លើសពីនោះ ពលរដ្ឋត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។


 
ករណីប្រជាកសិករ នៅតែបន្តដាំដុះស្រូវ ដោយបំពានការណែនាំរបស់ខេត្ត នោះរដ្ឋបាលខេត្តនឹងមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។ ការបង្កបង្កើនផលស្រូវប្រាំងលើកទី២ អាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកាជាក់ជាមិនខាន។ នេះជាការព្រមានរបស់រដ្ឋបាលខេត្ត ពោធិ៍សាត់។ 
 
ទាក់ទិនរឿងនេះ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានបន្ថែមថា នៅក្នុងរដូវប្រាំងឆ្នាំនេះ កសិករសម្រុកធ្វើស្រែច្រើនជាងរាល់ឆ្នាំ ដោយសារពួកគេមើលឃើញពី ទីផ្សារ និងតម្លៃស្រូវល្អ។ 
 
លោក ចាត់ទុកការដាំដុះរបស់កសិករនៅពេលនេះ ធ្វើឡើងក្នុងស្ថានភាពប្រថុយប្រថាន ដោយមិនបានខ្វល់ ឬគិតពីបញ្ហាខ្វះខាតទឹកស្រោចស្រព ទាំងក្រសួងធនធានទឹកព្យាករថា រដូវប្រាំងនេះ ក្ដៅខ្លាំង និងមិនសូវមានភ្លៀងកក់ខែ។  


 
លោក ហៃ ធូរ៉ា ប្រាប់ដូច្នេះថា៖«កសិករភាគច្រើន គាត់ឃើញស្រូវឡើងថ្លៃ បាននាំគ្នាសម្រុកធ្វើ។ ជាក់ស្ដែង កន្លែងខ្លះ មិនធ្លាប់ធ្វើស្រែប្រាំងពីមុនទេ តែឆ្នាំនេះបែរជាធ្វើ ហើយកន្លែងខ្លះ អត់មានប្រភពទឹកស្រោចស្រព ឬសល់ទឹកចតិចតួច ក៏ពួកគាត់ខំធ្វើ»។ 
 
ខេត្តពោធិ៍សាត់ នៅខ្វះខាតទឹកប្រមាណ៣លានម៉ែត្រគីបក្នុងមួយឆ្នាំ សម្រាប់ទ្រទ្រង់ដល់ការដាំដុះស្រូវ។ បច្ចុប្បន្ន មន្ទីរធនធានទឹក និងឧតុនិយម កំពុងមមាញឹកសាងសងទំនប់ចំនួនពីរបន្ថែមទៀត ដែលអាចស្តុកទឹកបានប្រមាណ៦០០លានម៉ែត្រគីប។ លោក ហៃ ធូរ៉ា សង្ឃឹមថា នៅពេលទំនប់ទាំងពីរនេះសាងសង់រួចរាល់ ពលរដ្ឋនឹងមានទឹកធ្វើស្រែគ្រប់គ្រាន់ទាំងប្រាំង និងវស្សា។ 
 
កាលពីឆ្នាំ ២០២២ ពលរដ្ឋខេត្តពោធិ៍សាត់ ធ្វើស្រែលើសផែនការប្រមាណ៤ម៉ឺនហិកតាដែរ ប៉ុន្តែ ពេលនោះ មិនសូវមានបញ្ហាប្រឈមនោះទេ ដោយសារមានភ្លៀងកក់ខែ និងព្យុះ ញឹកញាប់ ខណៈមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ក៏បានជួយអន្តរាគមន៍ទាន់ពេលវេលា ផងដែរ។


 
ដោយឡែក រដូវប្រាំងឆ្នាំ ២០២៤ខាងមុខនេះ កម្ពុជាអាចទទួលរងកម្ដៅរហូតដល់៤១អង្សា និងមានបរិមាណទឹកភ្លៀងតិច នៅ ដោយសារបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
 
ក្រសួងព្យាករថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ កម្ដៅនឹងកើនឡើងជាលំដាប់។ ក្នុងនោះ ចន្លោះពីខែមេសា ដល់ដើមខែឧសភា កម្ដៅអាចកើនឡើងខ្លាំង ជាមួយនឹងសីតុណ្ហភាព៣៨អង្សា ហើយក្នុងថ្ងៃខ្លះអាចឡើងដល់៤១អង្សា។ ក្នុងពេលដែលកម្ដៅកើនឡើងនោះ បរិមាណទឹកភ្លៀងកក់ខែ ក៏ធ្លាក់ក្នុងចំនួនតិចតួចជាងឆ្នាំ២០២៣ដែរ ហើយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
 
កម្ដៅដែលកើនឡើងក្នុងប្រាំងខាងមុខនេះ បណ្ដាលមកពីបាតុភូតសកលអែលនីញ៉ូ និងអែនសូ។ តាមការតាមដានរបស់ក្រសួងធនធានទឹក ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់មករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូគ្រប់ដណ្ដាប់១០០ភាគរយ។ នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូមាន ៩០ភាគរយ និងអែនសូ១០ភាគរយ។ ចំពោះខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ៣០ភាគរយ។ ចំណែក នៅខែមេសា បាតុភូតអែលនីញ៉ូ ៥០ភាគរយ និងអែនសូ ៥០ភាគរយ។
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។ ទន្ទឹមនោះ សាធារណជន ក៏ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤ ខាងមុខ ផងដែរ៕

ព័ត៌មានទាក់ទង