មន្រ្តីកសិកម្ម ហាមឈ្មួញកុំយកទុរេនបរទេស បន្លំឈ្មោះ «ទុរេនកំពត»

01/06/2023 9:55 am ភ្នំពេញ

ភ្នំពេញ៖ ស្របពេលផ្លែទុរេន កំពុងហុចផលយ៉ាងកកកុញ លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  បានហាមប្រាមដល់ឈ្មួញ និងអាជីវករតូចធំ កុំយកទុរេនបរទេសមកលក់ ហើយដាក់ឈ្មោះ ទុរេនកំពត។ ការធ្វើបែបនេះ អាចនាំឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក និងកេរ្តិ៍ឈ្មោះរបស់​ទុរេនកំពត។

លោក តេង វ៉ាន់ធឿន បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmey Thmey 25 នៅថ្ងៃទី៣១ ខែឧសភាថា ជារៀងរាល់ឆ្នាំ «ទុរេនកំពត» តែងតែត្រូវបានគេបង្កាច់បង្ខូចឈ្មោះ។ ជាក់ស្ដែង ឈ្មួញខិលខូចមួយចំនួន បានព្យាយាមយកទុរេនពីបរទេសមកលក់ ហើយដាក់ឈ្មោះ ទុរេនកំពត ដើម្បីឱ្យអតិថិជនជឿជាក់ថាជាផលិតផលខ្មែរ។ ការធ្វើបែបនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងបំផ្លាញ់កេរ្តិ៍ឈ្មោះរបស់ទុរេនកំពត។

ពាក់ព័ន្ធបញ្ហានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត កំពុងពន្លឿនឱ្យមានការចងក្រងសមាគមទុរេនកំពត និងឈានទៅរកការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នៅរយៈពេលដ៏ខ្លីខាងមុខ។ ទន្ទឹមនេះ ខេត្តក៏មានគម្រោងបង្កើតឃ្យូអកូដ (QR Code) ភ្ជាប់ទៅលើផ្លែទុរេន ដើម្បីសម្គាល់ទីតាំងចម្ការ ពូជ និងអត្តសញ្ញាណទុរេនកំពត ច្បាស់លាស់ផងដែរ។
 

លោក តេង វ៉ាន់ធឿន អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរកសិកម្មខេត្តកំពត។ រូបភាព៖ ហ្វេសប៊ុករបស់លោក 


លោក តេង វ៉ាន់ធឿន បានជំរុញឱ្យកសិករដាំទុរេនទាំងអស់ក្នុងខេត្តកំពត ប្រញាប់ចងក្រងជាសហគមន៍កសិកម្ម ដើម្បីឈានទៅចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) បានឆាប់។ មកទល់ពេលនេះ មន្ទីរកសិកម្មខេត្តកំពត បានចងក្រងសហគមន៍ទុរេនបាន១កន្លែង ដែលមានសមាជិក៦៧គ្រួសារ។

លោក ប្រាប់ដូច្នេះថា៖« ខ្ញុំជំរុញឱ្យកសិករដែលដាំទុរេនទាំងអស់ចូលរួមក្នុងសហគមន៍ ដើម្បីយើងអាចបង្កើតបានជាបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សម្រាប់ទុរេនកំពត។ មួយវិញទៀត ខ្ញុំសុំឱ្យអាជីករ ឬឈ្មួញ ដែលលក់ទុរេនហ្នឹង កុំនាំចូលទុរេនពីប្រទេសជិតខាង ឬប្រភពណា ហើយមកបង្ខូចឈ្មោះថា ទុរេនកំពត។ អ៊ីចឹង! សូមយកទុរេនពីណា ដាក់ឈ្មោះពីប្រភពហ្នឹងមក សូមកុំបង្ខូចឈ្មោះទុរេនកំពត»។

បើតាមអនុប្រធានការិយាល័យរដ្ឋបាលមន្ទីរកសិកម្មខេត្តកំពតរូបនេះ នៅរដូវប្រមូលផលនេះ ទុរេនកំពត បានធ្លាក់ថ្លៃជាងឆ្នាំ ២០២២។ ការណ៍នេះមកពី ការនាំចូលទុរេនពីបរទេសយ៉ាងច្រើនកកកុញ ស្របពេលទុរេនកំពត កំពុងហុចផល។ ទុរេនកំពត មានតម្លៃប្រហែល ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ធៀបឆ្នាំ ២០២២ អាចបានតម្លៃ ២ម៉ឺន ២ពាន់រៀល ទៅ ២ម៉ឺន ៥ពាន់រៀល ក្នុងមួយគីឡូក្រាម សម្រាប់លក់ឱ្យឈ្មួញទៅភ្នំពេញ។ 

គិតមកដល់ពេលនេះ ខេត្តកំពត ប្រមូលផលទុរេន បានប្រមាណ៣០ទៅ៣៥ ភាគរយហើយ។ នៅឆ្នាំ ២០២៣នេះ ផ្លែទុរេន បានផល​ប្រហាក់ប្រហែលឆ្នាំមុនដែរ ប៉ុន្តែ ទំហំផ្លែហាក់តូចៗជាងឆ្នាំមុន ដោយសារខ្វះខាតទឹកភ្លៀង៕  






 

ព័ត៌មានទាក់ទង