
ភ្នំពេញ៖ ចម្ការតាថន ជាឈ្មោះចម្ការមានផ្លែឈើដាំដុះច្រើនមុខ ដែលមានទីតាំងនៅស្រុកចំការលើ ខេត្តកំពង់ចាម។ ជាមួយគ្នានេះ លោក ថន ចាន់ធឿន ម្ចាស់ចម្ការតាថន បានប្រកាសពីកម្មវិធីប៊ូហ្វេសាវម៉ាវ ដោយអតិថិជនអាចបរិភោគផ្លែសាវម៉ាវនៅក្រោមដើមផ្ទាល់ ក៏ដូចជាភ្លក់រសជាតិផ្លែឈើធម្មជាតិរបស់ខ្មែរ។
ចម្ការ មានអាយុកាលជាង៣០ឆ្នាំនេះ និងមានផ្ទៃដី ១៨ហិកតា គឺជាមុខរបរលក្ខណៈគ្រួសាររបស់សមាជិក«ចម្ការតាថន»។ ក្រៅពីដំណាំសាវម៉ាវ ចម្ការតាថន មានទាំង ដំណាំទុរេន មង្ឃុត ម៉ាក់ប្រាង និងបំពេញរាជ្យជាដើម។ ដោយឡែក អតិថិជន អាចចូលកម្សាន្តក្នុងចម្ការ ដើម្បីដើរបេះផ្លែសាវម៉ាវ តាមចំណង់ ដោយគ្រាន់តែបង់ប្រាក់តម្លៃ ១ម៉ឺនរៀលប៉ុណ្ណោះ។
លោក ថន ចាន់ធឿន ម្ចាស់ចម្ការសាវម៉ាវ បានលើកឡើកថា កម្មវិធីប៊ូហ្វេសាវម៉ាវនេះបង្កើតឡើង សម្រាប់ភ្ញៀវដែលចូលចិត្តបរិភោគសាវម៉ាវ និងមួយផ្នែកទៀតគឺដើម្បីចូលរួមគាំទ្រកសិផលរបស់ខ្មែរផងដែរ។ លោកបន្តថា ដំណាំដែលដាំដុះច្រើនជាងគេក្នុងចម្ការតាថន គឺដំណាំទុរេន និងសាវម៉ាវ ។
លោក ថន ចាន់ធឿន ម្ចាស់ចម្ការតាថន ស្រុកចម្ការលើ ខេត្តកំពង់ចាម។ រូបភាពពី៖ ចម្ការតាថន
«ខ្ញុំឃើញម្ចាស់ចម្ការមួយចំនួន រៀបចំកម្មវិធីប៊ូហ្វេផ្លែឈើដូចជា ប៊ូហ្វេទុរេនជាដើម។ ដូច្នេះខ្ញុំក៏បានរៀបចំកម្មវិធីប៊ូហ្វេនេះ តែចំពោះផ្លែសាវម៉ាវប៉ុណ្ណោះ ។ ប្រសិនបើ ភ្ញៀវគាំទ្រច្រើន យើងនឹងរៀបចំប៊ូហ្វេផ្លែឈើផ្សេងៗទៀត ដែលមានក្នុងចម្ការ ដើម្បីស្វាគមន៍អតិថិជនរបស់យើង។» នេះជាការបញ្ជាក់របស់លោក ថន ចាន់ធឿន។
ម្ចាស់ចម្ការរូបនេះ បន្ថែមថា កសិផលដែលប្រមូលបានពីក្នុងចម្ការ ត្រូវរៀបចំឱ្យបានស្អាត ដើម្បីទុកឱ្យឈ្មួញកណ្តាលយកទៅលក់បន្ត។ ចំពោះ ការប្រមូលផ្លែឈើម្តងៗ លោកមិនដែលបូកសរុបទិន្នផលនោះឡើយ ពោលគឺអាស្រ័យទៅតាមរដូវការ និងការប្រមូលផលបានតិចឬច្រើន។ សម្រាប់ ផ្លែសាវម៉ាវ មានតម្លែចាប់ពី ៦ពាន់រៀលឡើងទៅ អាស្រ័យទៅតាមការទិញរបស់អតិថិជន។
សូមបញ្ជាក់ថា ប៊ូហ្វេសាវម៉ាវ ចម្ការតាថន បើគិតត្រឹមឆ្នាំ២០២៣នេះ គឺរៀបចំឡើងចំនួន ២លើក។ ដោយឡែក ក្រៅពីចម្ការតាថន បច្ចុប្បន្នក៏មានម្ចាស់ចម្ការផ្លែឈើដទៃទៀត ដែលរៀបចំកម្មវិធីប៊ូហ្វេផ្លែឈើ តាមចម្ការនានាផងដែរ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

