៥ខែ សហគមន៍ពាមក្រសោប នាំចេញគ្រំជំពុះទាទៅទីផ្សារថៃ ប្រមាណ២ពាន់តោន

23/05/2023 3:33 pm កោះកុង

ភ្នំពេញ៖ គ្រំជំពុះទា គឺជាប្រភេទគ្រំម្យ៉ាងដែលមានរូបរាងពណ៌ស្រស់ស្អាត និងមានរសជាតិឆ្ងាញ់ពិសាហើយភាគច្រើនមានវត្តមាននៅក្នុងសហគមន៍ពាមក្រសោប ខេត្តកោះកុង។ សព្វថ្ងៃនេះ គ្រំជំពុះទាកំពុងមានទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ក្រុមប្រជាសហគមន៍ ប្រកបរបរចិញ្ចឹម និងលក់គ្រំជំពុះទា បានបញ្ជាក់ថា គ្រំជំពុះទាបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ ប្រមាណ២ពាន់តោន ចាប់ពីខែមករា ដល់ខែឧសភា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP។



លោក វង្ស តារា អ្នកគ្រប់គ្រងសហគមន៍សិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើកឡើងថា៖ «ពេលនេះទីផ្សារគ្រំជំពុះទា មានភាពល្អប្រសើរច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក។ ក្នុងមួយថ្ងៃលោក លក់បានចន្លោះពី២០០-៣០០គីឡូក្រាម (គ្រំមិនទាន់បក ឬកែច្នៃ) តាមរយៈការបញ្ជាទិញយកទៅលក់បន្ដពីអតិថិជន នៅភ្នំពេញ និងតាមផ្សារជាដើម»។

សព្វថ្ងៃក្រៅពីកែច្នៃលក់ក្នុងស្រុក គ្រំជំពុះទាក៏បានលក់ទៅកាន់ទីផ្សារនៅក្រៅប្រទេស ដូចជា ប្រទេសវៀតណាម និងថៃផងដែរ។ ចាប់ពីខែមករា ដល់ខែឧសភា សហគមន៍ បានលក់ទៅកាន់ទីផ្សារប្រទេសថៃ ប្រហែល២ពាន់តោន ដោយក្នុងមួយថ្ងៃ នាំចេញចន្លោះពី២០ ទៅ៥០តោន  ដោយមួយតោន មានតម្លៃ១លានរៀល។ អ្នកគ្រប់គ្រងសហគមន៍សិប្បកម្មកែច្នៃគ្រំជំពុះទា បន្តថា គ្រំដែលមិនទាន់កែច្នៃ ឬបករួចហើយ មានតម្លៃ៣ពាន់រៀល ក្នុងមួយគីឡូ ចំណែកកែច្នៃរួចហើយ១គីឡូ ៤ម៉ឺនរៀល។

ការចិញ្ចឹមគ្រំជំពុះទា ត្រូវចំណាយពេលពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលបាន។ ការចិញ្ចឹមនេះ មិនប្រើចំណីនោះទេ ពោលចិញ្ចឹមបែបធម្មជាតិនៅក្នុងទឹកសមុទ្រតែម្តង។ លោក វង្ស តារា បញ្ជាក់ថា  ការចិញ្ចឹមគ្រំជំពុះទានេះ បានធ្វើឱ្យជីវភាពរីកចម្រើន និងរួមចំណែកអភិរក្សព្រៃកោងកាង។ លើសពីនេះ ពីមួយឆ្នាំទៅមួយឆ្នាំ គ្រំជំពុះទាមានការកើនឡើងដោយសារនៅក្នុងព្រៃតំបន់ សហគមន៍ពាមក្រសោប ត្រូវបានថែរក្សាការពារបាន១០០ភាគរយ គ្មានការកាប់បំផ្លាញ៕

 

ព័ត៌មានទាក់ទង