តែផ្កាម្រេចកំពត ជាផលិតផលខ្មែរដំបូងដែលទទួលបានកម្មសិទ្ធិបញ្ញា

28/04/2023 8:56 am ភ្នំពេញ

តែសុខភាព«គីរម្យ» ដែលផលិតចេញពីផ្កាម្រេចកំពត របស់ក្រុមហ៊ុន ខនហ្វីរេល ទទួលបានកម្មសិទ្ធិបញ្ញាពីក្រសួងពាណិជ្ជកម្ម នៃការសិក្សាស្រាវជ្រាវលើវត្ថុធាតុដើមពីដូនតាខ្មែរ។ នេះជាផលិតផលខ្មែរដំបូងគេបង្អស់ដែលទទួលបានកម្មសិទ្ធិបញ្ញា។



លោក ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ទទួលបានកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល តែសុខភាព «គីរម្យ» ពីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក​ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៦មេសា។ ការទទួលបានកម្មសិទ្ធិបញ្ញានេះ គឺជាមោទកភាពជាតិមួយដែលជួយលើកកម្ពស់ផលិតផលខ្មែរក្នុងការបង្ហាញភាពច្នៃប្រឌិត ជាពិសេសត្រូវបានគេទទួលស្គាល់ជាផលិតផលខ្មែរទីមួយនៅលើទីផ្សារសកលលោក។​



លោក  ហៃ លីអ៊ាង បានបញ្ជាក់ថា៖« ការទទួលបានកម្មសិទ្ធិបញ្ញានេះ គឺវាសំខាន់ណាស់សម្រាប់យើងក្នុងការការពារផលប្រយោជន៍ផ្នែកអាជីវកម្ម។ ជាពិសេស វាជួយលើកតម្កើងនូវមុខមាត់ និងកេរដំណែលរបស់ដូនតាយើង ព្រោះផលិតផលទាំងអស់ហ្នឹង សុទ្ធជាផលិតផលដូនតាទុកឱ្យយើង»។ 

បើតាមប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល និងក្រុមហ៊ុន ប៉េប៉េអឹម រូបនេះ ជំហានបន្ទាប់លោកនឹងខិតខំធ្វើយ៉ាងណាឱ្យផលិតផលទាំងនោះបានបង្ហាញនូវភាពល្អឥតខ្ចោះគ្មានពីរក្នុងលោក ទាំងពីរសជាតិ គុណភាព  និងសារជាតិសកម្មនៅក្នុងផលិតផលតែផ្កាម្រេចកំពតនេះ។​ « តែផ្កាម្រេចកំពតជាផលិតផលទីមួយហើយដែលយើងចាប់ផ្តើមបង្កើតនូវផលិតផលសម្គាល់ភូមិសាស្រ្តហ្នឹង​ ហើយយើងបន្តកែច្នៃដើម្បីធ្វើម៉េចឱ្យគេស្គាល់ផលិតផលយើងមិនគ្រាន់តែបម្រើទីផ្សារក្នុងស្រុកឡើយ តែយើងជាផលិតផលឆ្នើមគ្មានលើសកលលោកយើង»។ លោក ហៃ លីអ៊ាង បានថ្លែងបែបនេះមកកាន់ក្រុមអ្នកសារព័ត៌មាន។​

សូមជម្រាបថា តែសុខភាព «គីរម្យ» ដែលផលិតចេញពីផ្កាម្រេចកំពត បានទទួល កម្មសិទ្ធិបញ្ញាអន្តរជាតិ ច្រើនជាង១០ប្រទេស រួមមកហើយ។ ក្នុងនោះមាននៅ កម្មសិទ្ធិបញ្ញពីប្រទេសបារាំង, សហគមន៍អឺរ៉ុប, ប្រទេស ប្រេស៊ីល, ជប៉ុន, កូរ៉េខាងត្បូង, ចិន, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង ប្រទេសហ្វីលីពីន។ ផលិតផលច្នៃប្រឌិតរបស់ក្រុមហ៊ុន ខនហ្វីរេល រួមមាន តែសុខភាព «គីរម្យ», ខេម ប្រូបាយអ៊ូទិក, ដំណាប់ស្វាយរមូល, ស្រា និងផលិតផលផ្សេងៗទៀត ដូចជាម្រេចកំពត ស្ករត្នោត សូកូឡាបែបខ្មែរ ជាដើម៕ 


 

ព័ត៌មានទាក់ទង