មានពិការភាពតាំងពីកំណើត កញ្ញា ជួន សុខា យកការចាក់រូបដើម្បីកំដរជីវិត

04/03/2024 2:15 pm ភ្នំពេញ

ភ្នំពេញ៖ កញ្ញា ជួន សុខា មានពិការភាពជើងទាំងសងខាង ដើរមិនកើតតាំងពីកំណើត មកម្ល៉េះ។ សព្វថ្ងៃ កញ្ញា សុខា ចាត់ទុកការងារចាក់រូប ដើម្បីរកប្រាក់ចំណូល និងជាកិច្ចការងារកំដរជីវិត។



កញ្ញា សុខា ឆ្លងកាត់បញ្ហាប្រឈមជាច្រើននោក្នុងជីវិតនេះ ប៉ុន្តែស្ត្រីវ័យ៤៣ឆ្នាំរូបនេះ មិនព្រមចុះញ៉មនោះឡើយ។ ដើម្បីជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ កញ្ញា ជួន សុខា បានចាប់ផ្តើមការចាក់រូបលក់តាមបណ្តាញសង្គម រយៈពេល៥ឆ្នាំហើយ។ ដើម្បីរូបចាក់ដោយដៃមួយផ្ទាំងៗ ស្រ្តីមានពិការរូបនេះ  ចំណាយពេលមិនតិចជាង២ខែ និងអាចលក់បានតម្លៃចន្លោះពី ៥ម៉ឺនទៅ១៥ ម៉ឺនរៀល ក្នុងមួយផ្ទាំង អាស្រ័យតាមទំហំ។

បច្ចុប្បន្នស្នាដៃរូបដែលកញ្ញា សុខា ចាក់នេះ ទទួលបានការគាំទ្រជាហូរហែពីសាធារណជន ។ រូបលក់តាមប្រព័ន្ធអនឡាញ ទំនិញរបស់អ្នកស្រីសុខា មិនសូវជាទទួលបានការចាប់អារម្មណ៍ និងបញ្ជាទិញពីអតិថិជនច្រើននោះទេ។ ការគាំទ្រជាបន្តបន្ទាប់ពីអតិថិជន បានផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់ស្ត្រីមានពិការភាពរូបនេះ ដែលខិតខំតស៊ូ ទ្រាំនឿយ ដើម្បីបានប្រាក់ចំណូលដោយការងារសុច្ចរឹត។

 « ខ្ញុំមិនអាចជួយអ្វីបានច្រើនទេ តែខ្ញុំអាចជួយ សម្រួលដល់គ្រួសារខ្ញុំមួយចំនួនផងដែរ។ ខ្ញុំសុខចិត្តលំបាក ប៉ុន្តែខ្ញុំមិនអង្គុយសុំទានគេនោះទេ។ ខ្ញុំនៅមានកម្លាំងរក ទោះមិនបានចំណូលច្រើន តែវាក៏មានតម្លៃសម្រាប់ជនមានពិការភាពដូចរូបខ្ញុំ»។  កញ្ញា ជួន សុខា រៀបរាប់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ។

អ្នកស្រុករំដួល ខេត្តស្វាយរៀងរូបនេះ  ប្រាប់ថា ពីមុនមកកញ្ញាធ្វើការមិនកើត នៅតែផ្ទះ គិតច្រើន ក៏ធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតដែរ តែក្រោយ សុខា អាចចាក់រូបលក់បានទើប សុខាយល់ថា ទោះខ្លួនពិការក៏នៅអាចធ្វើការងាររកចំណូលបាន សំខាន់ឱ្យតែមានសង្ឃឹម និងខិតខំប្រឹងប្រែង។
ទោះបីជាមិនអាចរកចំណូលបានច្រើនក៏ពិតមែន តែកញ្ញា សុខា ពិតជាសប្បាយចិត្តដែលអាចធ្វើការងារបាន មិនអាចជួយដោះស្រាយជីវិតគ្រួសារមួយចំនួនតូច។ «របរនេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារខ្ញុំបាននោះទេ ប៉ុន្តែវាក៏អាចផ្ដល់បាយឱ្យខ្ញុំបីពេល និងគ្រាន់ជាងខ្ញុំដេកលើកន្ទេលមិនធ្វើអ្វីសោះ»។ នេះជាការបន្ថែមរបស់ កញ្ញា ជួន សុខា ។ 

ពិការជើង តែមិនពិការចិត្ត កញ្ញា ជួន សុខា ក៏បានអំពាវនាវដល់បងប្អូនខ្មែរឱ្យជួយគាំទ្រផលិតផល និងស្នាដៃកូនខ្មែរ មិនថាផលិតផលរបស់កញ្ញា ឬផលិតផលណាឡើយ។ កញ្ញា សុខា សង្ឃឹមថា នឹងមានពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុកបានច្រើនជាងនេះ៕
 

 

ព័ត៌មានទាក់ទង