ចាស់បុរាណ ប្រើរទេះដំរីសម្រាប់ដឹកជញ្ជូនសម្ភារៈធំៗ នាសម័យអង្គរ

15/03/2023 3:00 pm សៀមរាប

សៀមរាប៖ នាសម័យអង្គរ រទេះដំរី ជាយានជំនិះសម្រាប់ដឹកជញ្ជូនសម្ភារៈធំជាងគេ ក្នុងការប្រើប្រាស់ជាមធ្យោបាយប្រចាំថ្ងៃលើផ្លូវគោក។ មធ្យោបាយដឹកជញ្ជូនដោយរទេះដំរីនេះ មានពីរប្រភេទ គឺរទេះដំរីមានកង់ និងរទេះដំរីអូសធម្មតា។


រទេះដំរី ជាទូទៅគេប្រើសម្រាប់ជាយានជំនិះ ឬជាមធ្យោបាយដឹកជញ្ជូនសម្ភារៈ និងសម្រាប់ធ្វើដំណើរផ្សេងៗទៅតាមទីជិតឆ្ងាយតាមតម្រូវការរបស់មនុស្សនាសម័យអង្គរ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងដូច្នេះ ៖ «មធ្យោបាយដឹកជញ្ជូនសម្ភារៈធំជាងគេលើផ្លូវគោកនាសម័យអង្គរ គឺមធ្យោបាយដោយរទេះដំរី។ ទន្ទឹមនឹងនោះ មធ្យោបាយដឹកជញ្ជូននាសម័យអង្គរ ក៏មានតាម រទេះសេះ រទេះគោ និងដឹកលើខ្នងដំរីខ្លួនឯងផងដែរ»។ 

ជាមួយគ្នានេះ នាសម័យអង្គរនៅតំបន់ទាបៗ គេនិយមប្រើប្រាស់មធ្យោបាយដោយរទេះដំរីអូសធម្មតា។ រីឯ រទេះដំរីមានកង់ គេប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារៈតាមតំបន់ធម្មតានាសម័យនោះ។ រទេះដំរីនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យសង្គមកិច្ចនាសម័យនោះផងដែរ។  

បន្ថែមពីនេះ នាសម័យបុរាណ ផ្លូវ មានពីរសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនសម្ភារៈ គឺផ្លូវគោក និងផ្លូវទឹក។ ផ្លូវទាំងពីរនេះ វាដំណើរព្រមគ្នាបានយ៉ាងល្អ។ ក្រៅពីនេះ រាជធានីនាសម័យបុរាណ មកដល់បច្ចុប្បន្ន មិនដែលនៅឆ្ងាយពីទឹកនោះទេ។ ដូច្នេះ ផ្លូវទឹក មានសារៈសំខាន់ក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនសម្ភារៈនានា។ ផ្លូវទឹកនេះ មិនត្រឹមភ្ជាប់បណ្តាញទឹកក្នុងតំបន់អង្គរនោះទេ គឺបានភ្ជាប់់ទៅសមុទ្រផងដែរ៕ 


 

ព័ត៌មានទាក់ទង