វត្តឧត្តមមានជ័យ ធ្វើរូបនាគពីចំបើងបែបត្លុក

02/04/2024 10:09 am ព្រះវិហារ

ភ្នំពេញ៖ រយៈពេល៤ឆ្នាំហើយ ដែលវត្តឧត្តមមានជ័យ ស្ថិតនៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ច្នៃចំបើង ឬស្សី និងធាងដូង ជារូបតំណាងឆ្នាំខ្មែរនីមួយៗ។ ដោយឡែកឆ្នាំនេះ វត្តបានធ្វើរូបនាគបែបត្លុកចំនួនមួយគូ ក្នុងគោលបំណងបង្ហាញឱ្យសារធារណជនបានថតរូបលេង និងសើចសប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។



ព្រះតេជគុណ ជិន វាសនា ចៅអធិការវត្តឧត្តមមានជ័យ មានសង្ឃដីកាថា ជារៀងរាល់ឆ្នាំ ព្រះអង្គតែងតែដឹកនាំសាមណេរ និងគណៈកម្មាធិការវត្ត ច្នៃចំបើង ឬឈើចាស់ៗ ធ្វើជារូបសត្វតំណាងឆ្នាំនីមួយៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ ចំពោះឆ្នាំនេះវិញ វត្តបានធ្វើរូបនាគចំនួនមួយគូ ដែលមានទទឹង២ម៉ែត្រ និងបណ្ដោយ១១ម៉ែត្រ។ 


 
រូបនាគពីចំបើងបែបត្លុកនេះ ទទួលបានការចាប់អាម្មណ៍ ​និងចែកចាយរូបភាពជាច្រើនពីសារធារណជន។ អ្នកខ្លះបញ្ចេញមតិល្អៗ ឯមួយចំនួនក៏មានគំនិតផ្ទុយផងដែរ។ យ៉ាងណា ព្រះតេជគុណ ជិន វាសនា បានបញ្ជាក់ថា រូបនាគនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនបរិយាកាសរីករាយជូនសារធារណជនក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះ។ ម្យ៉ាងទៀត វត្តក៏ចង់បង្ហាញពីការសន្សំសំចៃ ក្នុងគំនិតច្នៃប្រឌិតនេះដែរ តាមរយៈការយកចំបើង ឬស្សី និងធាងដូងចាស់ៗ មកតុបតែង។ 
 
ព្រះអង្គមានសង្ឃដីកាដូច្នេះថា៖«បងប្អូន គាត់សប្បាយចិត្ត នៅពេលឃើញយើងធ្វើរូបកំប្លុកកំប្លែងបែបនេះ ក្នុងនោះ ក៏ជៀសមិនផុតពីមតិរិះគន់បន្តិចបន្តួចដែរ​។ នេះប្រហែលមកពីពួកគាត់អត់យល់ថា​ យើងធ្វើជាលក្ខណៈត្លុក ហើយវត្តុធាតុដើមដូចជា ចំបើង ឈើ ធាងដូង និងឬស្សី សុទ្ធតែសេសសល់ទាំងអស់ ដូច្នេះ វត្តមិនបានចំណាយថវិការអ្វីនោះទេ»។


 
ក្រៅពីរូបត្លុកចម្លែកៗ វត្តឧត្តមមានជ័យ ក៏បានរៀបចំសង្រ្កាន និងការលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គញ់ ទាញព្រ័ត្រ និងល្បែងកម្សាន្ត ជាច្រើនទៀត ពិសេសការដាក់តាំងបង្ហាញនូវឧបករណ៍នេសាទ និងសម្ភារប្រើប្រាស់មួយចំនួនដូចជាកញ្ច្រែង ឈ្នាង អង្រុត ដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ៕

ព័ត៌មានទាក់ទង