CARDI ចំណាយពេល៩ឆ្នាំ បង្កាត់ពូជស្រូវ «ចំប៉ីស៧០» ដែលអាចមានតម្លៃខ្ពស់លើទីផ្សារជាតិ-អន្ដរជាតិ

18/01/2023 10:22 am ភ្នំពេញ

ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានចំណាយពេល ៩ឆ្នាំ ក្នុងការធ្វើពិសោធន៍ និងបង្កាត់ពូជស្រូវ «ចំប៉ីស៧០»។ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលអាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា និងអាចមានតម្លៃខ្ពស់លើទីផ្សារជាតិ-អន្ដរជាតិ។



«ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅចុងឆ្នាំ ២០២២។ បើតាមក្រសួងកសិកម្ម ពូជស្រូវនេះ ចាប់ផ្ដើមបង្កាត់នៅឆ្នាំ២០១៣ តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល ជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។

ពូជស្រូវ «ចំប៉ីស៧០» ត្រូវបានប្រសិទ្ធនាមដោយសម្ដេច ហ៊ុន សែន កាលពីចុងឆ្នាំ២០២២។ ពូជស្រូវ «ចំប៉ីស៧០»នេះ អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ដោយសារតែមានអាយុកាលខ្លី កសិករអាចដាំដុះពូជស្រូវនេះនៅដើមរដូវវស្សា, ក្នុងរដូវវស្សា, ចុងរដូវវស្សា និងលក្ខខណ្ឌប្រាំងស្រោចស្រព។


រូបភាពពីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ

ពូជនេះ មានកម្ពស់ដើមជាមធ្យមពី ១១៣-១១៩ សង់ទីម៉ែត្រ និងចំនួនដើមបែកផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ ចំណែកឯ គ្រាប់អង្ករវិញ គឺសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិផងដែរ។ នេះបើតាមក្រសួងកសិកម្ម។ 

ដោយឡែក ការដាំដុះវិញ សម្រាប់ស្រូវសន្ទូង បរិមាណគ្រាប់ពូជដែលចាំបាច់គឺពី ៣០ទៅ៤០គីឡូក្រាម ក្នុង១ហិកតា ប៉ុន្តែក្នុងករណីគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ បរិមាណគ្រាប់ពូជ ត្រូវការក្នុង១ហិកតា ពី១៥ទៅ២០គីឡូក្រាមប៉ុណ្ណោះ។ ដើម្បីឱ្យសំណាបដុះលូតលាស់ធំធាត់ល្អ កសិករត្រូវសាបគ្រាប់ពូជ១គីឡូក្រាមលើថ្នាលសំណាប ១០ម៉ែត្រការេ។ ចំពោះ ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក និងនៅឆ្ងាយពីម្លប់ព្រៃ និងកន្លែងមានភ្លើងអគ្គិសនី ដើម្បីចៀសពីការបំផ្លាញ់របស់សត្វល្អិត។ កសិករគួរស្ទូងសំណាបដែលមានអាយុ១៨ទៅ២២ថ្ងៃ ដោយក្នុងមួយគុម្ពត្រូវមាន ២ទៅ៣ដើម។ 


រូបភាពពីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ

សម្រាប់ស្រូវពង្រោះ បរិមាណគ្រាប់ពូជដែលចាំបាច់គឺ១០០គីឡូក្រាម ក្នុង១ហិកតាលើដីមានជីជាតិល្អ និង១៥០គីឡូក្រាម លើដីមិនសូវមានជីជាតិល្អ។ ជាមួយគ្នានេះ កសិករគួររៀបចំដីឱ្យបានល្អ និងរាបស្មើមុនស្ទូង ឬព្រោះ។ រីឯ ការភ្ជួររាស់ គួរធ្វើឱ្យបាន ២ទៅ៣ សារជាការល្អ។ ក្នុងករណីស្រែអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពីស្ទូង ឬព្រោះបាន ២០ថ្ងៃ អាចបញ្ចេញទឹកឱ្យអស់ពីក្នុងស្រែរយៈពេល២-៤ថ្ងៃ  រួចបញ្ចូលទឹកថ្មីវិញ។ ការធ្វើបែបនេះ ដើម្បីធ្វើឱ្យស្រូវបែកគុម្ពបានច្រើន និងមានដើមដងរឹងមាំ៕


រូបភាពពីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ

ព័ត៌មានទាក់ទង