កូនខ្ទីងសង្គ្រោះនៅខ្នងផ្សារសប្តាហ៍មុន បានងាប់​ហើយ បន្ទាប់ពីពេទ្យជួយអស់លទ្ធភាព

12/01/2023 3:00 pm ភ្នំពេញ

ភ្នំពេញ៖ កូនខ្ទីងអាយុ៥ខែ ដែលបានសង្គ្រោះពីតំបន់​ឱរ៉ាល់កាលពីសប្ដាហ៍មុនបានងាប់ កាលពីល្ងាចថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២៣។ បញ្ហារបួសធ្ងន់ធ្ងរ កង្វះអាហារ និងបញ្ហាផ្លូវអារម្មណ៍ អាចជាកត្តាចម្បងដែលធ្វើឱ្យកូនសត្វនោះមិនអាចរស់បន្តបាន។



លោក សេក សេង អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះនៃរដ្ឋបាលព្រៃឈើ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា កូនខ្ទីងនោះបាន​ងាប់​​ បន្ទាប់ពីពេទ្យជួយសង្គ្រោះអស់លទ្ធភាពរយៈជាង២ថ្ងៃ។ 

«កូនខ្ទីងនោះមានសភាពធ្ងន់ធ្ងរតាំងពីយកចុះពីភ្នំមក។ ធម្មតា​សត្វព្រៃដឹងក្លិនណាស់ បើដឹងថាមនុស្សនៅជិតវាហើយនេះ វានឹងរត់គេច ប៉ុន្ដែកូនខ្ទីងនោះមិនបានទៅណាទេ អាចដោយសារគ្មានកម្លាំងរើ»។ នេះជាការរៀបរាប់របស់ លោក សេក សេង ដោយ​បន្ថែមថា នៅពេលមកដល់ភ្នំតាម៉ៅកូនខ្ទីងនោះ ត្រូវបានព្យួសេរ៉ូម និងបញ្ចុកទឹកដោះគោ។ លុះមួយថ្ងៃក្រោយមកកូនខ្ទីងនោះ ហាក់មានសុខភាពប្រសើរ ដោយអាចមានកម្លាំង ប្រែខ្លួនផ្នែកខាងមុខដោយខ្លួនឯងបានខ្លះ រួមទាំងអាចស៊ីស្មៅបានតិចតួចផងដែរ។
 
ស្ថានភាពប្រសើររបស់កូនសត្វនោះ បានធ្វើឱ្យក្រុមការងារលោក សេង មានក្តីសង្ឃឹមថា វាអាចរស់បាន ប៉ុន្ដែនៅល្ងាចថ្ងៃអាទិត្យកូនខ្ទីងនោះបានងាប់ដោយគ្មានបង្ហាញសញ្ញាអ្វីទាល់តែសោះ។ លោក បញ្ជាក់បែបនេះ៖« យើងមានសង្ឃឹមព្រោះបានឃើញវាអាចស៊ីចំណីបានខ្លះ តែអ្វីៗប្រែជាផ្ទុយទៅវិញ។ ទន្ទឹមនោះក្រុមយើងបានពិនិត្យស្នាមរបួសដែលដាច់ដោយអន្ទាក់ ឃើញថាធ្ងន់ ព្រោះដំបៅស៊ីរូងចូលទៅក្នុងបន្ត និងមានដង្កូវ ដែលអាចធ្វើឱ្យវាឈឺចាប់»។
 
បើតាម​អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះនៃរដ្ឋបាលព្រៃឈើខាងលើ កត្តាធំៗចំនួនបីដែលអាចធ្វើកូនខ្ទីងនោះ ងាប់រួមមាន របួសធ្ងន់ធ្ងររហូតកូនខ្ទីងនៅតូចបែបនេះមិនអាចទ្រាំទ្របាន។ មួយទៀត អាចដោយសារការជាប់អន្ទាក់ច្រើនថ្ងៃ ធ្វើឱ្យក្នុងខ្លួនរបស់វាខ្វះអាហារ និងចុងក្រោយអាចមកពីបញ្ហាសម្ពាធផ្លូវចិត្ត  ដោយសារសត្វនោះនៅតូចមិនទាន់ឈប់បៅ។ ពេលបាត់ម្ដាយវានឹកខ្លាំងរហូតធ្វើឱ្យទឹកចិត្តវាចុះខ្សោយក្នុងអំឡុងពេលឈឺ នេះក៏អាចជាផ្នែកមួយដែរ។ 

លោក សេក សេង អះអាងថា សត្វព្រៃពិតជាពិបាកព្យាបាលជាងសត្វស្រុកឆ្ងាយណាស់ មូលហេតុគឺ មិនងាយសាំជាមួយមនុស្ស ដូច្នេះការព្យាបាល​រួមជាមួយការមើលថែជំងឺពិតជាត្រូវការពេលយូរ ដោយ​មិនរាប់បញ្ជូលទាំង ការមើលថែផ្លូវចិត្តរបស់វាផង។

សត្វខ្ទីង ជាប្រភេទដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN និង VU ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជាស​កល។ សត្វ​ខ្ទីង​ស្ថិតនៅក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា​សាយ​តេស៕

ព័ត៌មានទាក់ទង