ខេត្តចំនួន៩ អស់គ្រាប់មីន នៅត្រឹមឆ្នាំ២០២២

12/01/2023 2:01 pm ភ្នំពេញ

ដោយ: ញឹក សំអូន

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា( CMAC) ប្រកាសខេត្តចំនួន ៩ ដែលបានបោសសម្អាតគ្រាប់មីនអស់នៅឆ្នាំ២០២២។ ក្នុងនោះមានដីចម្ការមីន និងចម្ការគ្រាប់ជាង ១៩៤គីឡូម៉ែត្រក្រឡា ស្មើជាង ៩០ភាគរយ ។



អង្គភាពស៊ីម៉ាក់ បានរំដោះខេត្តឱ្យអស់គ្រាប់មីនចំនួន ៩ខេត្ត ដោយបានកម្ទេចចោលគ្រាប់មីន និងគ្រាប់មីនមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ៦១ ៤៧៧គ្រាប់។ នេះបើតាមអង្គភាព ស៊ីម៉ាក់ បានបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២២ កាលពីថ្ងៃទី ១១មករា។
 

សកម្មភាពក្រុមការងារស៊ីម៉ាក់ចុះសម្អាតគ្រាប់មីន។ រូបភាព៖ CMAC

ប្រតិបត្តិការអង្គភាពស៊ីម៉ាក់នេះ អនុវត្តនៅក្នុងតំបន់ចំនួន៣៤០ និងរំដោះភូមិបាន ១៦៨ភូមិ ក្នុងខេត្តកែប កំពត តាកែវ កំពង់ឆ្នាំង កំពង់ចាម ភ្នំពេញ ព្រះសីហនុ ស្វាយរៀង និងព្រៃវែង។ នេះបើតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡក្រាម។
 
នាយកមជ្ឈមណ្ឌលស៊ីម៉ាក់រូបនេះ បានបញ្ជាក់ថា៖«លទ្ធផលនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ពលរដ្ឋជាង ៣ម៉ឺនគ្រួសារ សម្រាប់ដីលំនៅដ្ឋាន ដីកសិកម្ម និងគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។ ស៊ីម៉ាក់ បានផ្សព្វផ្សាយអប់រំយល់ដឹងពីមីនដល់ក្រុមគោលដៅចំនួន ២២ ៧៦៥លើក មានអ្នកចូលរួមជាង ១៣៤ម៉ឺននាក់»។ 
 
ក្រោយពីការពិភាក្សា និងការតម្រង់ទិសក្នុងឆ្នាំ២០២៣ អង្គភាពស៊ីម៉ាក់ មានផែនការបោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ជាង ២៦៨គីឡូម៉ែត្រក្រឡា ឬអាចពង្រីកដល់ ៣០០គីឡូម៉ែត្រក្រឡា ដើម្បីឆ្លើយតបតាមសំណើអន្តរាគមន៍បន្ទាន់ពីពលរដ្ឋ និងធានាសុខសុវត្ថិភាពសង្គមជាតិ។
 
ជាមួយគ្នានេះ អង្គភាពស៊ីម៉ាក់ ក៏បានត្រៀមខ្លួន ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពមីន ជាមួយនឹងប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួនទៀត រួមមាន ប្រទេសកូឡុំប៊ី ឡាវ និងអ៊ុយក្រែនជាដើម៕

ព័ត៌មានទាក់ទង