ក្រសួងអប់រំ គ្រោងរៀបចំសិក្ខាគម្រោងអក្ខរកម្មឌីជីថល រយៈពេល៣ឆ្នាំ

09/01/2023 5:07 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសិក្ខាសាលាអក្ខរកម្មឌីជីថល នៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាគោលដៅ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល  រយៈពេល៣ឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៦។

  

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Prashant Verma នាយកអង្គការឆាលហ្វាន់ ប្រចាំកម្ពុជា  បានលើកឡើងក្នុងជំនួបពិភាក្សាផ្ដល់ការងារស្ដីពីការលើកកម្ពស់អក្ខរកម្មឌីជីថល ថា គម្រោងនេះ នឹងចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រដល់ការលើកកម្ពស់អក្ខរកម្មឌីជីថលនៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ។ 


លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Prashant Verma នាយកអង្គការឆាលហ្វាន់ ប្រចាំកម្ពុជា បានជួបពិភាក្សាការងារស្ដីពីការលើកកម្ពស់អក្ខរកម្មឌីជីថល។ 

សិក្ខាសាលានេះ ក៏បានលើកពីគោលការណ៍មួយចំនួនដើម្បីពង្រឹងវិស័យអប់រំ ក្នុងសាលារៀន ដើម្បីបានរៀនពីជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជាមូលដ្ឋាន និងពង្រឹងយន្តការផ្លូវការ និងក្រៅផ្លូវការពីសុវត្ថិភាពកុមារតាមអ៊ីនធឺណិតនៅសាលារៀនក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងតាមសហគមន៍ផងដែរ។

ជាមួយគ្នានេះ កុមារនៅក្នុងសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល  នឹងអាចរៀនពីជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជាមូលដ្ឋាន ចំណេះដឹងឌីជីថល ជំនាញអក្ខរកម្មហិរញ្ញវត្ថុ ជំនាញការគិតប្រកបដោយការត្រឹះរិះពិចារណា និងការច្នៃប្រឌិតទៅតាមកម្រិតថ្នាក់រៀងៗខ្លួនផងដែរ។ 

បន្ថែមពីនេះ ការរៀបចំគម្រោងអក្ខរកម្មឌីជីថល នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងគោលបំណងឱ្យសាលារៀនគោលដៅទាំងពីរ បង្ហាញតួនាទីសំខាន់ៗ នៃអក្ខរកម្មឌីជីថលក្នុងការសិក្សា និងរួមចំណែកក្នុងការធ្វើឌីជីថលនីយកម្មក្នុងការអប់រំនៅកម្ពុជាដល់កុមារ៕


 

ព័ត៌មានទាក់ទង