សត្វជាង ៧០០ប្រភេទ ក្នុងនោះមានសត្វជិតផុតពូជ និងងាយរងគ្រោះចំនួន៥ប្រភេទ ត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃកោងកាងចំនួន២ ក្នុងខេត្តកោះកុង។ នេះបើតាមការផ្សាយរបស់ហ្វេសប៊ុកអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ។
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី បានសហការជាមួយក្រសួងបរិស្ថាន ចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវ លើកដំបូងស្តីពីជីវចម្រុះនៅតំបន់ព្រៃកោងកាងរ៉ាមសារកោះកាពិ និងដែនជម្រកសត្វព្រៃពាមក្រសោបក្នុងខេត្តកោះកុង។
បើតាមការផ្សាយដដែល សត្វជាង៧០០ប្រភេទ កំពុងរស់នៅក្នុងព្រៃកោងកាងទាំងពីរ។ ក្នុងនោះមានសត្វជិតផុតពូជ និងងាយរងគ្រោះជាច្រើនរួមមាន សត្វស្វាកន្ទុយវែងជាប្រភេទជិតផុតពូជ សំពោចធំ សត្វភេរោមច្រមុះ( ភេខ្មៅ) និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។
ជាមួយគ្នានេះ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា រំពឹងថា ការរកឃើញនេះ នឹងផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវចម្រុះ និងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com