គម្រោងរេដបូកនៅដែនជម្រកព្រៃលំផាត់ នឹងជួយឱ្យកម្ពុជា លក់ឥតទានកាបូនបន្ថែម

25/11/2022 5:00 pm ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ គ្រប់ដណ្ដប់លើស្រុកកោះញែក ស្រុកកូនមុំ ស្រុកលំផាត់ ដែលមានផ្ទៃដីសរុប២៥ម៉ឺនហិកតា។ គម្រោងនេះ នឹងត្រូវអនុវត្តជំហានទី១ ចាប់ពីចុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ ។



លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25ថា ការអនុវត្តគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ អាចចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ។  គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីសរុបចំនួន២៥ម៉ឺនហិកតា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ ប៉ុន្ដែផ្ទៃដីមានត្រឹមចំនួន១៣៦ ៥៣៧ ហិកតាប៉ុណ្ណោះ ដែលអាចអនុវត្តគម្រោងរេដបូកបាន។ 

ជាមួយគ្នានោះ លទ្ធផលនៃការសិក្សា បានបង្ហាញថាផ្ទៃដីព្រៃ ១៣៦ ៥៣៧ ហិកតានៃដែនជម្រកសត្វព្រៃលំផាត់ មានសក្ដានុពលខ្ពស់ក្នុងការរៀបចំគម្រោងរេដបូក ដែលអាចកាត់បន្ថយកាបូន ៥៧៦ ២៤២,២៧ តោន ក្នុងរយៈពេល៥ឆ្នាំដំបូង គិតចាប់ពីឆ្នាំ២០១៩ ដល់២០២៣។ បរិមាណកាបូនជាមធ្យម អាច១១៥ ២៤៨,៤៥ តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំដំបូង។


លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា ។ រូបភាពដោយ USAID Morodok Baitang

លោក វរសក្ស បញ្ជាក់ដូច្នេះ៖ «ជាជំហានទីមួយគម្រោងរបស់យើង នឹងចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២២ ដល់២០២៤។ បន្ទាប់មកទៀតនៅជំហានទី២ និងគម្រោងបន្តបន្ទាប់ អាចធ្វើឡើងរយៈពេល៥ឆ្នាំម្ដងៗ រហូតដល់រយៈពេល៣០ឆ្នាំ។  គម្រោងរេដបូកនៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវអនុវត្តសកម្មភាពលើស្រុកចំនួនបី មានភូមិចំនួន១៦»។ 

ការបង្កើតគម្រោងរេដបូក ជាយុទ្ធសាស្រ្តមួយដើម្បីធានានិរន្តភាពហិរញ្ញវត្ថុក្នុងការគ្រប់គ្រងព្រៃឈើ។  លើសពីនេះ នៅពេលគម្រោងត្រូវបានអនុវត្ត មានន័យថា គេត្រូវរក្សាព្រៃឈើឱ្យនៅឈរ បន្ទាប់មកនឹងប្រមូលយកបរិមាណកាបូនដែលស្រូបបានពីព្រៃទាំងនោះទៅលក់លើទីផ្សារស្ម័គ្រចិត្ត។ 

នៅពេលគម្រោងទទួលជោគជ័យ មូនិធិមួយចំនួនធំនឹងត្រូវបានយកទៅផ្គត់ផ្គង់ព្រៃឈើឱ្យនៅគង់វង្ស ក៏ដូចជាកែលម្អ និងលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរជាងមុន។ មួយវិញទៀត មូនិធិនោះ នឹងត្រូវបានយកទៅកសាងសមត្ថភាពរបស់អ្នកពាក់ព័ន្ធទាំងអស់ដែលធ្វើការទាក់ទងព្រៃឈើ ដែលក្នុងនោះរួមមាន ប្រជាពលរដ្ឋ មន្ត្រីឧទ្យានុរក្ស និងបូករួមទាំងមន្ត្រីធ្វើការក្នុងNGOផងដែរ៕

 

ព័ត៌មានទាក់ទង