ក្រុមហ៊ុនក្នុងស្រុកមួយ នឹងទិញមៀនប៉ៃលិន១ម៉ឺនតោន ដើម្បីនាំទៅចិន

28/09/2022 11:00 am ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី បានប្រកាសទិញមៀនប៉ៃលិនប្រមាណ ១ម៉ឺនតោន ពីកសិករនៅរដូវប្រមូលផលខាងមុខ ដើម្បីនាំចេញទៅទីផ្សារចិន។ ការទទួលទិញផ្លែមៀននេះ ត្រូវភ្ជាប់ជាមួយលក្ខខណ្ឌតម្រូវភូតគាមអនាម័យ។



ផ្លែមៀនប៉ៃលិន ត្រូវបានឆ្លងកាត់ការវាយតម្លៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យពីអគ្គនាយដ្ឋានគយចិន ដោយជោគជ័យ។ កន្លងទៅ អគ្គនាយកដ្ឋានកសិកម្ម ធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងអាចនាំចេញមៀនប៉ៃលិនទៅចិនលើកនៅរដូវប្រមូលផលខាងមុខ គិតចាប់ពីខែចុងខែកញ្ញានេះ។
 
លោក ភត់ សុផាន់បូរី (ខាងឆ្វេង) ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី។ 

លោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី និងប្រធានទីផ្សារនៃសហគមន៍កសិកម្មមៀនប៉ៃលិន ប្រាប់សារព័ត៌មានថ្មីៗ ២៥ថា នៅដំណាច់ខែកញ្ញានេះ ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្ដើមប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ រហូតដល់ខែឧសភា ឆ្នាំ២០២៣។ តាមគម្រោង ក្រុមហ៊ុនមួយនេះ ត្រូវការផ្លែមៀនប៉ៃលិនចំនួន៣០០ទូកុងតឺណ័រ ឬស្មើ ១ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនដៃគូរចំនួន៦ផ្សេងទៀត និងនាំបន្តទៅទីផ្សារចិន។ 

ផ្លែមៀនប៉ៃលិនស្រស់ ដែលត្រូវនាំទៅចិន គឺតម្រូវឱ្យម្ចាស់ចម្ការអនុវត្តន៍កសិកម្មល្អ ដោយផលិតតាមស្តង់ដារសុវត្ថិភាព និងបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ មៀន ត្រូវមានពណ៌ល្អ និងផ្លែធំៗស្មើ។ ដោយឡែក ផ្លែមៀនពុំស្អាត ត្រូវបានក្រុមហ៊ុនលោក ភត់ សុផាន់បូរី ទទួលទិញដោយខ្លួនឯង ដើម្បីយកទៅកែច្នៃជាប្រភេទក្រៀម និងវេចខ្ចប់នាំទៅចិន។ 

លោក ភត់ សុផាន់បូរី ប្រាប់ដូច្នេះ៖«យើងបានប្រជុំគ្នាហើយ ថានឹងទទួលទិញពីគាត់(កសិករ) តែយើងចង់ឱ្យគាត់ស្ថិតក្រោមការបញ្ជាទិញពីសហគមន៍ ដែលមានបច្ចេកទេសជាក់លាក់។ ប្រសិនបើ គាត់ព្រមលក់ក្នុងតម្លៃដែលចរចា នៅខែតុលានេះ យើងនឹងផ្ដល់ប្រាក់កក់ដល់គាត់»។ 

លោក ភត់ សុផាន់បូរី (ពាក់អាវស) ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី។ 

មូលហេតុដែល លោក ភត់ សុផាន់បូរី អាចទាញក្រុមហ៊ុនក្រៅស្រុកឱ្យទិញផ្លែមៀនប៉ៃលិននេះ គឺដោយសារលោក ជាថ្នាក់ដឹកនាំនៃសហភាពសហគមន៍មៀនកម្ពុជាស្រាប់។ ដូច្នេះ ការក្ដោបក្ដាមទីផ្សារមានភាពទូលំទូលាយ។ ម្យ៉ាងទៀត សហភាពសហគមន៍មៀនកម្ពុជា មានកសិករជាសមាជិកចំនួន៦សហគមន៍ ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ ក្នុងមួយសហគមន៍ៗមានផ្ទៃដីដាំមៀនប៉ៃលិនចន្លោះពី៥០០ទៅ១០០០ហិកតា។ 

ក្នុងការនាំទៅចិនលើកដំបូង ផ្លែមៀនស្រស់ អាចលក់បានតម្លៃ៣ ទៅជាង៤ពាន់រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះ កសិករអាចចំណេញប្រមាណ៣០ភាគរយ ប៉ុន្តែជំហ៊ានដំបូង លោក ភត់ សុផាន់បូរី  ចង់ឱ្យចិនស្គាល់ពីគុណភាពមៀនកម្ពុជាសិន។ លោក ភត់ សុផាន់បូរី ប្ដេជ្ញានាំយកតម្លៃខ្ពស់ជាងនេះ ជូនកសិករនៅឆ្នាំបន្តបន្ទាប់។ 

លោក ភត់ សុផាន់បូរី បញ្ជាក់ដូច្នេះ៖«តាមពិតការផលិតកម្មកសិករនេះ មិនត្រូវចំណេញ៣០ភាគរយនោះទ គឺត្រូវចំណេញយ៉ាងទាបក៏៥០ភាគរយដែរ ព្រោះយើងត្រូវគិតហានិភ័យនៅថ្ងៃក្រោយទេ។ ជួនកាល កសិករជួបគ្រោះរាំងស្ងួត។ អ៊ីចឹងត្រូវចោលទាំងអស់(មៀន)។ ប៉ុន្តែ ក្នុងដំណាក់កាលនេះ ខ្ញុំបានប្រជុំសម្រេច និងធ្វើទិន្នន័យការចំណាយថ្លៃដើមផលិតជាមួយសហភាពសហគមន៍មៀនកម្ពុជា គឺឃើញថាយើងបានចំណេញតែ៣០ភាគរយទេ។ ប៉ុន្តែ ចំពោះក្រុមហ៊ុន សម្រាប់ដំណាក់កាលសុំតែមួយរួចខ្លួនទេ ធ្វើយ៉ាងណាឱ្យតែយើងអាចនាំចេញទៅបាន»។ 

ប្រធានក្រុមហ៊ុនរូបនេះ សប្បាយចិត្តដែលអាចរកទីផ្សារជូនកសិករ។ ប៉ុន្តែ លោក ភត់ សុផាន់បូរី បានអំពាវនាវដល់កសិករចូលរួមធ្វើការងារជាមួយ សហភាពសហគមន៍មៀនកម្ពុជា ដើម្បីផ្ដល់នូវបច្ចេកទេសពាក់ព័ន្ធនឹងការផលិត និងចំណាយទាប។ កសិករ ត្រូវបង្កើតជាក្រុមផលិតឱ្យបានច្បាស់ និងចុះបញ្ជីចម្ការត្រឹមត្រូវ។ 

កសិករមិនបញ្ចេញឈ្មោះម្នាក់ បានឱ្យដឹងថា ផ្លែមៀនប៉ៃលិនមានតម្លៃ ៣ទៅជាង៤ពាន់រៀល ហាក់ថោកបន្តិច បន្ទាប់ពីជីថ្នាំកសិកម្មឡើងថ្លៃខ្ពស់។ ប្រសិនបើ កសិករអាចលក់បានតម្លៃ៤ ពាន់រៀល ទៅ៤ ៥០០ រៀល ទើបកសិករអាចចំណេញ។ យ៉ាងណា កសិកររូបនេះ ជឿជាក់ថា នារដូវប្រមូលផលខាងមុខ មៀនប៉ៃលិននឹងមានទីផ្សារគ្រាប់គ្រាន់ ដោយសារការបញ្ជាទិញពីក្រុមចិនមានចំនួនច្រើន។ 

កសិកររូបនេះ ប្រាប់ដូច្នេះ៖«តម្លៃវិញរៀងថោកដែរ ព្រោះឥឡូវជីថ្នាំកសិកម្មហ្នឹងឡើងថ្លៃដែរ។ ហើយយើងត្រូវប្រើវាច្រើន។ ប្រសិន ជាបាន ៤ ទៅ៤,៥ពាន់រៀល យើងទូទាត់ទៅអាចំណេញបន្តិច។ ឆ្នាំនេះ ការបញ្ជាទិញដូចជាមានច្រើន ព្រោះមានក្រុមហ៊ុនចិនហ្នឹង គេមកទំនាក់ទំនងច្រើន។ អ៊ីចឹង បែបមិនអាចសល់ដូចឆ្នាំមុនៗទេ»។ 

ក្រសួងកសិកម្ម បន្តជំរុញម្ចាស់ចម្ការមៀនប៉ៃលិនដាក់ពាក្យស្នើសុំចុះបញ្ជីថែមទៀត។ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក ចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់៨ ត្រូវបានអនុម័តទទួលស្គាល់ជាផ្លូវការដោយ GACC របស់ចិន។

មៀនប៉ៃលិន គឺជាដំណាំកសិឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម នៅឆ្នាំ២០២១ កម្ពុជា មានផ្ទៃដីដាំដុះមៀនសរុបចំនួន ១២ ៨៣៧ហិកតា និង ផ្ទៃដីប្រមូលផលមានចំនួន ១០៥៦៥ហិកតា។ ជាមធ្យម មៀនប៉ៃលិន ត្រូវបាន ប្រមូលផល ១៣១ ៤៩៨តោនក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ផ្លែមៀនប៉ៃលិន អាចជាផ្លែឈើទី៣របស់កម្ពុជា ដែលនាំចេញទៅប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីផ្លែចេក និងផ្លែស្វាយ។ បច្ចុប្បន្ន កម្ពុជាសម្រេចបានការនាំចេញផលិតផលកសិកម្មចំនួន ៣៥មុខហើយទៅកាន់ទីផ្សារចិន ខណៈទុរេន និងសំបុកត្រចៀកកាំ ជាគោលដៅនាំចេញបន្ទាប់៕

 

ព័ត៌មានទាក់ទង