Thmey Thmey 25
សម្ដេច ហ៊ុន សែន ស្នើអូស្ត្រាលីបើកទីផ្សារទទួលផលិតផលកម្ពុជាធំជាងមុន 
05/08/2022 5:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី កើនឡើងរង្វង់ជាង ២០០លានដុល្លារ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩មក។ សម្ដេច ហ៊ុន សែន បានស្នើអូស្ត្រាលី ជួយបើកទីផ្សារនាំចូលផលិតផលពីកម្ពុជាឱ្យធំជាងមុន ជាពិសេសការនាំអង្ករពីកម្ពុជា។ 

សម្ដេច ហ៊ុន សែន ស្នើរទៅកាន់ភាគីអូស្រ្តាលីពង្រីកការនាំចូលផលិតផលពីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុង វិស័យពាណិជ្ជកម្មបន្ថែមទៀត រវាងភាគីទាំងពីរ។ ជាមួយគ្នានេះ សម្ដេចក៏ស្វាគមន៍ចំពោះការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារអាហារផងដែរ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នា២០២២ កន្លងទៅ។ 

គួរជម្រាបផងដែរថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសបានជាង ៥,៥លានតោន ទៅកាន់ទិសដៅ ៦៧ប្រទេស។ ការនាំចេញនេះ គឺកើនឡើង ១១,០៣ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ 

ដោយឡែកការនាំចេញអង្ករបានជាង ៣៥ម៉ឺនតោន កើនឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទិសដៅសំខាន់ដែលកម្ពុជានាំចេញអង្ករទៅ គឺសហភាពអឺរ៉ុប ដែលបានទិញអង្ករពីកម្ពុជា១១៤ ៣៨០តោន, ប្រទេសចិនបាន ១៦៩ ៧៦៦តោន និង តំបន់អាស៊ាន ២៩ ៩៥៧តោន។ ចំណែកអង្ករជាង ៣៦ ៧៩៩តោនទៀតត្រូវបាននាំចេញទៅប្រទេសផ្សេងៗ៕

 

ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com