Thmey Thmey 25
លោក វេង សាខុន ស្នើឱ្យធនាគារពិភពលោក ផ្ដល់កម្ចី និងប្រព័ន្ធស្រោចស្រពបន្ថែមដល់កសិករ
23/06/2022 2:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើឱ្យធនាគារពិភពលោក (World Bank) ជួយផ្ដល់កម្ចីបន្ថែមទៀតដល់សមាគម និងបណ្ដុំកសិករ ដើម្បីពង្រីកផលិតកម្មចិញ្ចឹមសត្វ។ លើសពីនេះ លោក ក៏បានស្នើឱ្យ ពិនិត្យលើលទ្ធភាពរៀបចំប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់បន្ថយការចំណាយថ្លៃភ្លើង និងប្រេងឥន្ទនៈ។


នៅក្នុងជំនួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) លោក វេង សាខុន បានដាក់សំណើមួយចំនួនទៅកាន់លោកស្រី ចំរើន មុទិតា ក្រុមការងារនៃធនាគាពិភពលោក ពាក់ព័ន្ធនឹងការពិនិត្យលើលទ្ធភាពរៀបចំប្រព័ន្ធស្រោចស្រពដែលប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទនៈដល់កសិករ។

ក្នុងជំនួបខាងលើ រដ្ឋមន្រ្តីកសិកម្ម ចង់ឱ្យធនាគារពិភពលោក ជួយជាកម្ចីឲ្យដល់សមាគមចិញ្ចឹសត្វ បណ្តុំកសិករចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ដើម្បីយកទៅពង្រីកផលិតកម្មចិញ្ចឹមសត្វ លើកកម្ពស់ការផ្គត់ផ្គង់សាច់ និងស៊ុតឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។ បន្ថែមលើនេះ ពិនិត្យលើលទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើផលិតកម្មដំណាំ និងបន្លែ ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃបន្ថែម រួមទាំងទីផ្សារ និងការកែច្នៃ។

ជាមួយគ្នានេះ លោក វេង សាខុន ក៏បានណែនាំឱ្យក្រុមការងារធនាគារពិភពលោក សិក្សាលើលទ្ធភាពរបស់សហគមន៍ ដើម្បីជួយពង្រឹងសមត្ថភាព ចំណេះជំនាញ បទពិសោធន៍ ការងារដឹកនាំ និងគ្រប់គ្រង រដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងការចូលរួមជួយដល់សហគមន៍ខាងលើ ក្នុងបំណងប្រែក្លាយសហគមន៍កសិកម្ម ឬសហគមន៍ចិញ្ចឹមសត្វឲ្យទៅ ជាសហគ្រា កសិធុរកិច្ចនៅជនបទ ក្នុងឆន្ទៈរក្សាឲ្យបាននូវនិរន្តរភាពផលិតកម្ម និងម្ចាស់ការក្រោយពេលគម្រោងត្រូវបានបញ្ចប់៕
 
 
 
 

 

ដោយ៖ ឈុំ ចន្ថា © រក្សាសិទ្ធិដោយ thmeythmey25.com