វ័យ៨១ឆ្នាំ លោកយាយ ថូ សាន ខ្មីឃ្មាតដេរមួកត្នោត ដើម្បីរកចំណូល

21/06/2022 9:00 am កណ្តាល

ដោយ៖ ហេង ស្រីលីន

ភ្នំឧដុង្គ ជាបូជីយដ្ឋានប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយរបស់កម្ពុជា។ ពីមុន រមណីយដ្ឋាននេះ ល្បីសុះសាយពេញទឹកដីសុវណ្ណភូមិ ដែលមានទេសចរជាតិ មកពីគ្រប់ទិសទី តែថា បច្ចុប្បន្ន ភ្នំឧដុង្គ មិនមានទេសចរទៅកម្សាន្តច្រើននោះទេ។



នាព្រឹកថ្ងៃសៅរិ៍ ទេសចរទៅលេងភ្នំឧដុង្គ មានតិចជាងអ្នកលក់ទៅទៀត។ សូរសំឡេងរៃយំទ្រហឹង នៅលើដើមឈើធំៗ ឮជាងសំឡេងទេសចរ។ ក្រឡេកមកមើលអ្នកលក់វត្ថុអនុស្សាវរីយ៍ ដែលផលិតដោយដៃផ្ទាល់ និងជាផលិតផលរបស់អ្នកភូមិ ពួកគាត់ អង្គុយស្ងាប ស្ទើរតែលង់លក់បាត់ទៅហើយ។ អ្នកសារព័ត៌មានថ្មីៗ២៥ បានទិញមួកត្នោតមួយ ដែលផលិតចេញពីភូមិមួយល្បីខាងផលិតមួកត្នោត។ 
 
ភូមិនោះ មានឈ្មោះថា ភូមិអូរស្លាត ស្ថិតក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលសម្បូរសិប្បករធ្វើមួកពីស្លឹកត្នោត មកដល់បច្ចុប្បន្ន។ នៅថ្ងៃសៅរិ៍ ភូមិនេះ រៀងស្ងាត់បន្តិច ព្រោះមិនឮសូរសំឡេងធាក់ម៉ាស៊ីនដេរនោះឡើយ ប៉ុន្តែមានសំឡេងក្មេងរត់លេងអ៊ូអរពេញភូមិ។ បើតាមអ្នកភូមិ សិប្បករទាំងនោះ សម្រាកថ្ងៃចុងសប្តាហ៍។

ជាថ្ងៃចុងសប្ដាហ៍ ដែលសិប្បករភាគច្រើនសម្រាក នៅមានផ្ទះតៀមមួយប៉ុណ្ណោះ ដែលកំពុងដេរមួកត្នោត។ នៅក្នុងតៀមនេះ មានលោកយាយ ថូ សាន អាយុ៨១ម្នាក់ កំពុងដេរមួកត្នោត។ វ័យកាន់តែចាស់ ភ្នែកកាន់តែព្រិល លោកយាយ សាន ខំផ្ចង់ចិត្តនឹងម្ជុលដេរមួកត្នោតតាំងពីព្រឹក ទល់ល្ងាច។ 

អង្គុយលើកៅអីជ័រត្រួយចេក ជើងជាន់បញ្ជាម៉ាស៊ីនដេរ ភ្នែកសម្លឹងមើលចុងម្ជុល លោកយាយ សាន ដេរស្លឹកត្នោតប្រទាក់គ្នាម្តងមួយៗតាមដំណាក់កាលនៃការធ្វើមួកត្នោត។ 

ដេរស្លឹកត្នោតបណ្តើរ លោកយាយ បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗ២៥បណ្តើរថា សព្វថ្ងៃលោកយាយរស់នៅជាមួយក្មួយ និងចៅៗជាច្រើននាក់។ ក្រៅពីរបរដេរមួកនេះ ក្មួយៗជាកសិករធ្វើស្រែចម្ការ។ ចំណែកលោកយាយ គ្មានអ្វីក្រៅពីដេរមួករាល់ថ្ងៃ ដើម្បីបានប្រាក់ខ្លះ គ្រាន់ដោះស្រាយជីវភាព។

ថ្វីបើមមាញឹកដេរមួក តែលោកយាយ សាន បានរៀបរាប់ពីដំណើរជីវិតទាំងសំឡេងខ្សាវៗថា ដោយសារជីវភាពខ្វះខាត ក្នុងវ័យ១០ឆ្នាំ កុមារី ថូ សាន ចាប់ផ្តើមដេរមួកស្លឹកត្នោត ដើម្បីជួយសម្រួលជីវភាពគ្រួសារ។ ទោះរៀនបានតិចក្តី តែលោកយាយមិនតូចចិត្តនោះឡើយ ផ្ទុយទៅវិញលោកយាយសប្បាយចិត្ត និងការងារនេះណាស់។ 

ជារៀងរាល់ថ្ងៃ ស្រ្តីក្រមុំចាស់ និងក្មួយស្រីបង្កើត តែងក្រោកពីព្រលឹម ដើម្បីរៀបចំស្លឹកត្នោត ដែលបានកាត់ជាបន្ទះៗនោះ ដាក់ហាលថ្ងៃឱ្យស្ងួត ទើបអាចយកមកដេរបាន។ ស្លឹកត្នោត ដែលបានមកនោះលោកយាយ ទិញពីកសិករក្នុងភូមិ និងមួយផ្នែកទៀត គឺជួលឱ្យគេឡើងកាប់ស្លឹកពីដើមជាប់របងផ្ទះ។ កសិករកាប់ស្លឹកត្នោតលក់ឱ្យលោកយាយ ទទួលបានប្រាក់ចំនួន ២ម៉ឺនទៅ៣ម៉ឺនរៀល តាមចំនួនដែលលោកយាយទិញ។

មួកត្នោត ដែលលោកយាយ និងក្មួយដេរនេះ ត្រូវលក់ទៅឱ្យឈ្មួញដែលគេបញ្ជាទិញក្នុងខេត្ត និងមួយផ្នែកទៀតគឺ ឈ្មួញតាមខេត្តបញ្ជាទិញតាមទូរស័ព្ទ។ ការផលិតមួកត្នោត ត្រូវចំណាយពេលច្រើន ទាំងកាត់ស្លឹក ហាល ដេរប្រទាក់គ្នា កាត់តម្រឹមស្លឹកឱ្យត្រូវទំហំជាដើម។ ថ្ងៃខ្លះលោកយាយ លក់បានចន្លោះពី ១០ម៉ឺនទៅ១៥ម៉ឺនរៀល ដោយលោកយាយលក់មួកមួយក្នុងតម្លៃ ១ ១០០រៀល សម្រាប់ឈ្មួញ។ 

ពីមួយថ្ងៃទៅមួយថ្ងៃ ការបញ្ជាទិញមួកពីឈ្មួញកាន់តែថយចុះជាងមុន។ ឈ្មួញដែលទិញមួកយកទៅនោះ ពួកគេលក់មិនសូវដាច់ ដោយសារប្រជាជនមិនសូវចាប់អារម្មណ៍ពាក់មួកស្លឹកត្នោតដូចមុន។ ការណ៍នេះ ធ្វើឱ្យ សិបុ្បករមួយចំនួន ដែលប្រកបរបរនេះ រួមទាំងលោកយាយ សាន ដេរមួកត្នោតថយចុះជាងមុន។ 

បើទោះ របរនេះមិនអាចផ្គត់ផ្គង់គ្រួសារទាំងមូលបានយ៉ាងណាក្តី តែលោកយាយនៅតែបន្តដេរមួយនេះ ទៅតាមកម្លាំងវ័យមនុស្សចាស់រហូតមក។ កំពុងអង្គុយកាត់តម្រឹមស្លឹកត្នោតបណ្តើរ លោកយាយ ថូ សាន បង្ហើបសំឡេងតិចៗថា៖ «ចាស់ហើយ គ្មានមុខរបរអ្វីរក មានតែដេរមួកហ្នឹងចេះតែរកទៅ គ្រាន់បើជាងអត់សោះដែរ។ ចាំពេលដេរលែងកើត មើលលែងឃើញ ចាំគិតទៀតទៅ។»

បច្ចុប្បន្ន លោកយាយ សាន នៅតែបន្តដេរមួកពីស្លឹកត្នោត តាមកម្លាំងមនុស្សរបស់ខ្លួនដដែល។ ជាវ័យដែលកូនចៅត្រូវមើលថែ ប៉ុន្តែលោក ថូ សាន មិនធ្វើជាបន្ទុកក្នុងគ្រួសារឡើយ។ លើសពីនេះ លោកយាយ សាន នឹងបន្តជីវិតមួយភ្ជាប់ខ្លួន ជាសិប្បករដេរមួកស្លឹកត្នោតនេះ រហូតដល់លោកយាយ មិនអាចដេកបន្តទៀតបាន៕

ព័ត៌មានទាក់ទង