មេពូជត្រី នៅតំបន់អភិរក្សរាំងពែន ថយចុះពាក់កណ្ដាល ដោយសារបាត់បង់ព្រៃលិចទឹក

20/07/2022 9:00 am បាត់ដំបង



ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ តំបន់បឹងអភិរក្សរាំងពែន ស្ថិតនៅក្នុងដែនគ្រប់គ្រងសហគមន៍នេសាទស្តីក្រោមរហាលសួង   ស្រុកឯកភ្នំ។ បឹងនេះ មានពូជត្រី ១៥ តោន កំពុងត្រៀមពងកូន នៅពេលណាទឹកទន្លេសាបឡើងមកដល់ ។

លោក ភី ហឿត ប្រធានសហគមន៍នេសាទស្តីក្រោមរហាសួង បានឱ្យដឹងថា បឹងអភិរក្សនេះ ធ្លាប់មានមេពូជត្រី ប្រមាណ៣០ តោនក្នុងមួយឆ្នាំៗ។ កត្តាប្រែប្រួលអាកាសធាតុ  ធ្វើឱ្យរបបទឹកទន្លេសាប ប៉ុន្មានឆ្នាំមកនេះ ឡើងមិនដល់ នាំឱ្យពូជត្រី ថយចុះពាក់កណ្តាល ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


 
លោក ភី ហឿត ប្រធានសហគមន៍នេសាទស្តីក្រោមរហាសួង ដែលបានអភិរក្សតំបន់រាំងពែន៣ ត ស្ថិតនៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ រៀបរាប់ថា តំបន់អភិរក្សនេះចាប់ផ្តើម ដំណើរការតាំងពី ឆ្នាំ ២០០៧ ដោយសារ សហគមន៍ នេសាទ បានយកចិត្តទុកដាក់ ថែរក្សាការពារ មេពូជត្រី ធ្វើឱ្យត្រីមានការកើនឡើងពីមួយទៅមួយឆ្នាំ  ។  ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារ ការប្រែប្រួលអាកាសធាតុ  ធ្វើឱ្យ របបទឹកទន្លេសាប ឡើងមិនដល់ បឹងអភិរក្ស បណ្តាលឱ្យត្រីមិនអាចចេញពងកូនបាន នារដូវត្រីពង  និងកត្តាភ្លើងឆេះព្រៃលិចទឹក នៅជុំវិញ បឹងអភិរក្ស  ដែលធ្វើឱ្យបាត់បង់ជម្រកត្រីពងកូនជាច្រើន ។

បើទោះបីយ៉ាងណា លោក ភី ហឿត ថាសហគមន៍ នៅតែខិតខំការពារអភិរក្ស មេពូជត្រី ឱ្យកើនឡើងវិញ ដើម្បីបន្សល់ ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ពិសេសអ្នកប្រកបរបរ នេសាទលក្ខណៈគ្រួសារ  ខណៈបច្ចុប្បន្ននេះ កំណើតនៃ តម្រូវការសាច់ត្រីកាន់តែច្រើន  ។ 
ម្យ៉ាងវិញទៀត លោក រំពឹងនាថ្ងៃអនាគត ត្រីធម្មជាតិ ក្នុងតំបន់ទន្លេសាប នឹងកើនឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល  ប្រើវិធានការលុបបំបាត់បទល្មើសនេសាទ និង  ការដកហូត ដីព្រៃលិចទឹក ពីជនខិលខូចទន្ទ្រានកាន់កាប់ ក្នុងតំបន់ ៣ រយៈកាលកន្លងទៅ ។   

សូមបញ្ជាក់ថា សហគមន៍នេសាទស្តីក្រោមរហាសួង  ជាសហគមន៍អភិរក្ស មេពូជត្រី ធម្មជាតិគំរូមួយ ក្នុងខេត្តបាត់ដំបង ដែលថែរក្សា ការពារ បានយ៉ាងល្អ  ក្នុងចំណោម សហគមន៍នេសាទ ផ្សេងៗទៀត៕ 
 

ព័ត៌មានទាក់ទង