ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមធ្លាក់ចុះជាង៤០ភាគរយ

18/05/2022 10:00 am ភ្នំពេញ


ដោយ៖ ឈុំ ចន្ថា 
ភ្នំពេញ៖ រយៈពេល ៤ខែដើមឆ្នាំ២០២២ វៀតណាមបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាជាង ៥០ម៉ឺនតោន ស្មើនឹងទឹកប្រាក់ ៧៦៧លានដុល្លារ ថយចុះ ៤៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើយោងតាមទិន្ន័យរបស់​សមាគមស្វាយចន្ទីកម្ពុជា។

 

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ បានលើកឡើងថា ប៉ុន្មានខែនេះ ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានធ្លាក់ចុះបន្តបន្ទាប់។​ មួយវិញទៀត គ្រាប់ស្វាយចន្ទី ក៏ពុំសូវមានគុណភាពល្អ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសភ្លៀងធ្វើឱ្យគ្រាប់ស្វាយចន្ទីខូច។ លោក អះអាងថា កត្តាទាំងនេះ អាចជាមូលហេតុធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាមធ្លាក់ចុះ។ 

ប្រធានសមាគមនរូបនេះ ប៉ាន់ប្រមាណថា ៤ខែនេះ ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានត្រឹមតែ ៥៧ម៉ឺន ទៅ៦០ម៉ឺនតោនប៉ុណ្ណោះ។ ជាក់ស្ដែង កាលពីខែមករា ទិន្នន័យស្វាយចន្ទីធ្លាក់ចុះ១០ ទៅ៣០ភាគរយ រហូតមកដល់​ពេលនេះ ធ្លាក់ចុះដល់ ៥០ភាគរយ ដោយសារវិបត្តិអាកាសធាតុ។  


កសិករហាល គ្រាប់ស្វាយចន្ទី ។រូបភាពពី សមាគមស្វាយចន្ទីកម្ពុជា

លោក ស៊ីឡុត ប្រាប់ដូច្នេះថា៖«ឥឡូវ មានភ្លៀងធ្លាក់រហូត អ៊ីចឹង គុណភាពសាច់ចន្ទីមិនសូវពេញល្អទេ។ ដូច្នេះ សហគ្រិន ឬសហគ្រាសមួយចំនួន គេក៏មិនហ៊ានឱ្យថ្លៃដែរ ព្រោះបើពួកគេទិញទៅខាត»។ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ថ្លៃមកត្រឹម ២៣០០រៀលក្នុងមួយគីឡូក្រាម រីឯគ្រាប់ស្ងួតមានតម្លៃល្អចន្លោះ ១៣០០ ទៅ១៥០០ដុល្លារក្នុងមួយតោន។ 

ទន្ទឹមគ្នានេះដែរ ក៏មានកសិករមួយចំនួន បោះបង់ការដាំស្វាយចន្ទី ដោយអ្នកខ្លះកាប់ដើម ឬភ្ជួរចោលជាដើម។ មូលហេតុដែលកសិករទាំងនោះឈប់ដាំ ដោយសារពួកគេរងការខាតបង់ញឹកញាប់។  ផ្ទៃដីដុះស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានចំនួន ៨០ម៉ឺនហិកតា​ ប៉ុន្តែ បច្ចុប្បន្ន ថយចុះមកត្រឹម ៧០ម៉ឺនហិកតា។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អួន ស៊ីឡុត។ 

ចំណែក លោក សា សុផល កសិករដាំស្វាយចន្ទីប្រមាណ៣ហិកតា នៅខេត្តស្ទឹងត្រែង បានលើកឡើងថា លោក និងកសិករឯទៀត ចង់ឈប់ដាំស្វាយចន្ទី ហើយងាកទៅដាំដំឡូង ឬដំណាំផ្សេងវិញ។ បើតាមលោក សា សុផល មូលហេតុដែលលោកចង់ឈប់ដាំ ព្រោះគ្រាប់ស្វាយចន្ទីរបស់លោកមួយចំនួនធំ ត្រូវរងការខូចខាត ដោយសារភ្លៀងធ្លាក់បន្តបន្ទាប់ក្នុងឆ្នាំនេះ។

ផលវិបាករបស់កសិករ គឺតម្លៃថោក ខណៈជី និងថ្នាំកសិកម្មឡើងជាងពាក់កណ្ដាល។ ជាក់ស្ដែង ថ្នាំបាញ់សម្លាប់ស្មៅ បានឡើងពី៦ ទៅជាង១២ម៉ឺនរៀលក្នុងចំណុះ ៥លីត្រ។ លោក សុផល អះអាងថា បញ្ហាទាំងនេះ​ នឹងធ្វើឱ្យលោក ខាតបង់ជាញឹកញាប់ ដូច្នេះ លោក គ្មានកម្លាំងចិត្តដាំស្វាយចន្ទីទៀតទេ។ 

 «ខ្ញុំលែងចង់ធ្វើអីទៀតហើយ ព្រោះអី យើងប្រឈមមុខខាតរហូត។ ដល់ពេលអ៊ីចឹង ខ្ញុំចង់ទៅស៊ីឈ្នួលធ្វើការងារឱ្យគេវិញ ប្រហែលស្រួលជាង។ ចន្ទី មានទីផ្សារល្អដែរ តែទប់ទល់នឹងជីសាំង ឡើងថ្លៃមិនគ្រប់ទេ ហើយណាមួយភ្លៀងមកខូចគ្រាប់ស្វាយចន្ទីអស់»។ នេះជាការលើកឡើងរបស់កសិករ សា សុផល។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ៣ខែចុងក្រោយនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ២ម៉ឺនតោន ដោយកើនឡើង ៣១១,៨៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ចំនួន ២៧ម៉ឺនតោនធ្លាក់ចុះ ៣៩,៦៧ភាគរយ ដែលភាគច្រើន នាំទៅប្រទេសវៀតណាម៕ 
 
 








 

ព័ត៌មានទាក់ទង