នាយកគ្រប់គ្រង EDI ពន្យល់ពីដំណើរការ​សរសេរសំណើថវិកា ពីអង្គការធំៗសម្រាប់ SMEsនៅកម្ពុជា

13/05/2022 4:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី

ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ចំនួន២៥០ នៅតំបន់ជុំវិញបឹងទន្លេសាប និងខេត្តជាប់សមុទ្រ ក្នុងគម្រោងបណ្តុះបណ្តាលការសរសេរស្នើសុំកញ្ចប់ថវិកា ពីគម្រោងរបស់អង្គការជាតិ និង​អន្តរជាតិនានា។ លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថាន​​ EDI បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលជាមួយ EDI ក៏បាន​ដាក់ពាក្យស្នើសុំថវិកាទៅអង្គការ និងស្ថាប័ននោះផ្ទាល់ដែរ ក្រោមការ​សម្របសម្រួល និងបណ្តុះបណ្តាលពី EDI បន្ថែមទៀត។ ក្រៅពីការរបៀបសរសេរគម្រោងស្នើសុំថវិកា EDI ក៏បណ្តុះបណ្តាលជំនាញរៀបចំផែនការអាជីវកម្ម សហគ្រិនភាព និងការច្នៃប្រឌិត គ្រប់គ្រងហិរញ្ញវត្ថុ ​ធនធានមនុស្ស និងរដ្ឋបាលជាដើម​។​



ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី»  និងលោក  គុជ សាវ៉ាត ដូចតទៅ៖

 
នាយកគ្រប់គ្រង EDI ពន្យល់ពីដំណើរការសរសេរសំណើថវិកា ពីអង្គការធំៗសម្រាប់ SMEsនៅកម្ពុជា

នាយកគ្រប់គ្រង EDI ពន្យល់ពីដំណើរការសរសេរសំណើថវិកា ពីអង្គការធំៗសម្រាប់ SMEsនៅកម្ពុជា ====== វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ចំនួន២៥០ នៅតំបន់ជុំវិញបឹងទន្លេសាប និងខេត្តជាប់សមុទ្រ ក្នុងគម្រោងបណ្តុះបណ្តាលការសរសេរស្នើសុំកញ្ចប់ថវិកា ពីគម្រោងរបស់អង្គការជាតិ និងអន្តរជាតិនានា។ លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថាន EDI បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលទទលបានការបណ្តុះបណ្តាលជាមួយ EDI ក៏បានដាក់ពាក្យស្នើសុំថវិកាទៅអង្គការ និងស្ថាប័ននោះផ្ទាល់ដែរ ក្រោមការសម្របសម្រួល និងបណ្តុះបណ្តាលពី EDI បន្ថែមទៀត។ ក្រៅពីការរបៀបសរសេរគម្រោងស្នើសុំថវិកា EDI ក៏បណ្តុះបណ្តាលជំនាញរៀបចំផែនការអាជីវកម្ម សហគ្រិនភាព និងការច្នៃប្រឌិត គ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាលជាដើម។

Posted by Thmey Thmey on Thursday, May 12, 2022


វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដំបូងគេ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានដំណើរការក្នុងទីផ្សារ ១៥ឆ្នាំ​ហើយ។ បេសកកម្មចម្បងរបស់ EDI គឺការបណ្តុះបណ្តាលធនធានមនុស្ស ការប្រឹក្សាយោបល់ និងការសិក្សាស្រាវជ្រាវ​។ 

ទោះបីក្នុងវិបត្តិកូវីដ-១៩ តែវិទ្យាស្ថាននេះនៅតែមមាញឹកចំពោះបេសកកម្មខ្លួន ដោយទទួ​ល​បានគម្រោងពីអង្គការមួយចំនួន រួមមានអង្គការទស្សនៈពិភពលោក (World Vision Cambodia) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) ដើម្បីបណ្តុះបណ្តាលម្ចាស់អាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា។ ជាមួយគ្នានេះ ម្ចាស់សហគ្រាស ប្រមាណ២៥០ ដែលមកពីបណ្តាខេត្តនៅជុំវិញបឹងទន្លេសាប និងតំបន់ជាប់មាត់សមុទ្រ សុទ្ធតែចាប់អារម្មណ៍​នឹងគម្រោងស្នើសុំថវិកា ពីអង្គការធំទាំងពីរនោះ ដើម្បីពង្រឹងនិងពង្រីកមុខរបររបស់ខ្លួន ឱ្យមានភាពប្រសើរឡើង។ គម្រោងស្នើសុំថវិកានេះ ពាក់ព័ន្ធទៅនឹងម្ចាស់សហគ្រាស ដែលប្រកបរបរទាក់ទងនឹងវារីវប្បកម្ម ដូចជាការចិញ្ចឹមត្រី កែច្នៃត្រី ប្រហុក ផ្អកជាដើម។ 

នាយកគ្រប់គ្រងវិទ្យស្ថានអភិវឌ្ឍវិស័យអប់រំរូបនេះ បានប្រាប់ថា គម្រោងដែលខ្លួនទទួលបានពី​បណ្តាអង្គការអន្តរជាតិខាងលើ ព្រោះតែបេសកកម្មរបស់ EDI មានភាពស្របគ្នាទៅនឹងតម្រូវការរបស់ស្ថាប័នទាំងនោះតែម្តង។ ម្យ៉ាងទៀតធនធានមនុស្សរបស់លោក គឺសុទ្ធតែជាអ្នកមានជំនាញ បទពិសោធន៍ លើផ្នែកនេះដែរ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំ លោក គុជ សាវ៉ាត ក៏ធ្លាប់មានបទពិសោធការងារក្នុងស្ថាប័នអង្គការក្រៅរដ្ឋាភិបាលជាង១០ឆ្នាំដែរ ដែលវាជាដើមទុន ក្នុងការជំរុញឱ្យការងារទាំងអស់នេះមានភាពរលូន។ 

លើសពីនេះ ដោយសារតែ EDI មានភាពចាស់ទុំនៅក្នុងវិស័យអប់រំ និងធ្វើការជិតស្និទ្ធជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើន ទើបអាច​បណ្តុះបណ្តាលពីជំនាញសរសេរស្នើសុំថវិកា ជំនាញរៀបចំផែនការអាជីវកម្ម សហគ្រិនភាព និងការច្នៃប្រឌិត គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងធនធានមនុស្ស រដ្ឋបាល និងកៀរគរធនធានថវិកាជាដើម។

លោក គុជ សាវ៉ាត បានបញ្ជាក់ ដូច្នេះ៖« សមិទ្ធផលចុងក្រោយ យើងសរសេរបានជាផែនការអាជីវកម្មមួយ ដែលនិយាយពីអាជីវកម្មរបស់គាត់យ៉ាងពិស្តារ។ មានទស្សនវិស័យ បេសកកម្ម មានរចនា​សម្ព័ន្ធ បុគ្គលិករបស់គាត់ មានចំណូលចំណាយរបស់គាត់ តាមរយៈបទសម្ភាស របស់ខាងខ្ញុំ។ យើងធ្វើទៅ យើងសរសេរជូនបានឱ្យគាត់ទៅ។ ហើយខាងម្ចាស់ជំនួយគាត់មិនត្រូវការ collateral(វត្ថុបញ្ចាំ) ប្លង់ដី ប្លង់ផ្ទះ អីនោះទេ។ តាមពិតម្ចាស់ជំនួយ គាត់ចង់មើលតែទៅលើផែនការអាជីវកម្មរបស់គាត់ មានផែនការដឹកនាំគ្រប់គ្រង បេសកកម្ម ទស្សនវិស័យច្បាស់លាស់អត់។ មានការកត់ត្រាចំណូលចំណេញហ្នឹងបានច្បាស់លាស់អត់។ បើសិនថាគេផ្តល់មូលនិធិលុយជំនួយបន្ថែមចំនួនប៉ុណ្ណេះ តើនឹងធ្វើឱ្យអាជីវកម្មរបស់គាត់ វាកាន់តែប្រសើរ រីកចម្រើនទៅកម្រិតណាដែរ?»។

បើយោងតាម លោក គុជ សាវ៉ាត ដើម្បីឱ្យម្ចាស់សហគ្រាសទាំងនោះ មានឱកាសទទួលបានថវិកាពីម្ចាស់ជំនួយ ទាមទារឱ្យពួកគាត់ធ្វើកិច្ចការងារទាំងនេះដោយផ្ចិតផ្ចង់ និងបំពេញរាល់ចន្លោះខ្វះខាតជាមួយ EDI  ក្នុងការអភិវឌ្ឍអាជីវកម្មនៅក្នុងដៃឱ្យក្លាយជាស្តង់ដារ និងមានសុវត្ថិភាព ពិសេសអាចបំពេញតម្រូវការទីផ្សារ ទាំងនៅក្នុង និងក្រៅប្រទេស។

 
នាយកគ្រប់គ្រងរូបនេះ ឆ្លៀតបន្ថែមថា ដោយសារតែគម្រោងនីមួយៗ មានពេលវេលាកំណត់ ក្នុងបេសកកម្មរបស់ខ្លួន តួយ៉ាងដូចគម្រោងរបស់អង្គការធំៗចំនួនពីរ ដែល EDI កំពុងតែបណ្តុះបណ្តាល និងសម្របសម្រួលទៅកាន់ម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជានេះដែរ។ គម្រោងនេះ មានយៈពេលពី៣ ទៅ ៥ឆ្នាំ ដែលវាជាការបង្កនូវភាពងាយស្រួលទៅកាន់ SMEs និងភាគីម្ចាស់ជំនួយដូចគ្នាដែរ៕  





 

 

  
 
 
 

 

ព័ត៌មានទាក់ទង