អាជ្ញាធរស្រុកបាទី ផ្អាកឱ្យភ្ញៀវទេសចរចូលលេងភ្នំចំបាប់

11/08/2021 5:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

អាជ្ញាធរស្រុកបាទី ខេត្តតាកែវ ផ្អាកឱ្យភ្ញៀវទេសចរចូលថតរូបនៅតំបន់ភ្នំចំបាប់ចាប់ពីថ្ងៃទី១០សីហា រហូតដល់មានការជូនដំណឹងជាថ្មី។ បើតាមលោក ភួន ឈីម អភិបាលស្រុកបាទី ការផ្អាកបណ្ដោះអាសន្ននេះព្រោះទឹកនៅភ្នំចំបាប់មានសារធាតុគីមី TNT និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។



អាជ្ញាធរ ចុះត្រួតពិនិត្យតំបន់ភ្នំចំបាប់ នៅថ្ងៃទី ១០សីហា ឆ្នាំ២០២១។ រូបភាពពីទំព័រហ្វសប៊ុ​ករដ្ឋបាលស្រុកបាទី។

ក្នុងរយៈពេលថ្មីៗនេះ រូបភាពរបស់ភ្ញៀវទេសចរទៅភ្នំចំបាប់ ជាច្រើនបានបង្ហោះលើបណ្ដាញសង្គម។ រូបភាពទាំងអស់នោះ បានបង្ហាញពីភាពទាក់ទាញនៃសម្រស់ បឹងថ្លាឆ្វង់ អមដោយផ្ទាំងថ្មគួរឱ្យទាក់ទាញ។ ប៉ុន្តែមតិមួយចំនួនក៏បានលើកឡើងថា ទឹកនៅបឹងនោះមានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះដែរ រដ្ឋបាលស្រុកបាទីក៏បានលើកឡើងថា ទឹកនៅភ្នំចំបាប់ ពិតជាមានសារធាតុគីមី TNT ដែលមានក្នុងរំសេវ ប្រើបំផ្ទុះភ្នំចំបាប់នេះមែន។ 

លោក ភួន ឈីម បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទថា អាជ្ញាធរបានសម្រេចឱ្យបិទតំបន់ភ្នំចំបាប់នេះ បណ្ដោះអាសន្នសិនរហូតដល់មានការជូនដំណឹងជាថ្មី ពីការបើកឱ្យភ្ញៀវទេសចរចូលវិញ។ « យើងផ្អាកសិនព្រោះទឹកនោះមានសារធាតុគីមី TNT ហើយយើងមិនទាន់ដឹងថា ទឹកនោះនៅមានសារធាតុគីមីបំប្លែងអ្វីខ្លះ ហើយ រណ្ដៅទឹកនោះជ្រៅ ធ្លាប់មានមនុស្សលង់ទឹកស្លាប់»។ នេះជាការបញ្ជាក់របស់អភិបាលស្រុករូបនេះ។

ជាមួយគ្នានេះដែរ ការផ្អាកបណ្ណោះអាសន្ននេះ ក៏ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ខណៈភ្ញៀវទេសចរជិតឆ្ងាយ សម្រុកទៅថតរូបនៅតំបន់ភ្នំចំបាប់នេះផងដែរ។ យ៉ាងណាមិញលោក ភួន ឈីម មិនអាចបញ្ជាក់បានទេថា នឹងបើកឱ្យទេសចរអាចចូលកម្សាន្តនៅភ្នំចំបាប់វិញនៅពេលណានោះទេ ៕
 

ព័ត៌មានទាក់ទង