២ឆ្នាំចុងក្រោយនេះ អ្នកភូមិ​ទួលតាហោ និយមដាំជីររណារ ព្រោះទីផ្សារល្អ

13/08/2021 2:57 pm ត្បូងឃ្មុំ

ដោយ៖ ផាត ដាណេ

កសិករក្នុងភូមិទួលតាហោ ខេត្តត្បូងឃ្មុំ និយមដាំជីររណារ ព្រោះវាងាយស្រួលដាំដុះ មិនចំណាយទុនច្រើន និងអាចប្រមូលផលបានរយៈពេលវែង។ បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ រយៈពេល២ឆ្នាំចុងក្រោយនេះ ជីររណា​រមានទីផ្សារល្អ កសិករអាចលក់ចេញរាល់ថ្ងៃ ដ្បិតតម្លៃមិនខ្ពស់ថេរក៏ដោយ។

ជីររណារ ជាដំណាំស្លឹកសម្រាប់ប្រើជារបោយម្ហូបអាហារដ៏ពេញនិយម ហើយក៏មានប្រយោជន៍ច្រើនសម្រាប់សុខភាព ដោយជួយព្យាបាលជំងឺក្រពះ ពោះវៀន ផ្ដាសាយ ហៀរសំបោរ ជួយរំលាយអាហារ និងបំបាត់ក្លិនមាត់ជាដើម។

លោក ហេង​ ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋក្នុងភូមិទួលតាហោ ឃុំគង់ជ័យ ស្រុកអូររាំងឪ ជាង២០គ្រួសារ បាននាំគ្នាដាំជីររណារ​ ព្រោះដំណាំប្រភេទនេះ មិនពិបាករកទីផ្សារដូចដំណាំដទៃ​។ អ្នកភូមិទួលតាហោ បានចាត់ទុកការដាំជីររណារ ជារបរកសិកម្មចម្បងសម្រាប់ពួកគេ ព្រោះវាមានទីផ្សារល្អជាងដំណាំស្ពៃ តាសក់ និងត្រប់ ដែលពួកគេធ្លាប់ដាំកន្លងមក។

«មុនពេលដាំជីររណារ ពួកគាត់ធ្វើស្រែ ដាំស្ពៃ តាសក់ និងត្រប់ជាដើម។ តែវាអត់ទីផ្សារ ហើយលក់បានតម្លៃទាប ២០០-៣០០រៀលក្នុង១គីឡូក្រាម ថ្លៃបំផុតហើយបានជាង១ពាន់រៀលហ្នឹង។ ក្រោយមកពួកគាត់ងាកមកដាំជីររណារនេះវិញ វាគ្រាន់បើជាង»។ នេះជាការលើកឡើងរបស់លោក ហេង​ ពិសិដ្ឋ ដោយបន្តថា ជីររណារនេះ ទោះលក់មិនបានតម្លៃថ្លៃខ្លាំង ប៉ុន្តែក៏មិនដែលធ្លាក់មកក្រោម១ពាន់រៀលក្នុង១គីឡូក្រាម។ យ៉ាងហោចណាស់បាន១៣០០រៀលទៅ១៥០០រៀលក្នុង១គីឡូក្រាម។

កសិករដាំជីររណារក្នុងភូមិទួលតាហោ អាចប្រមូលផលជីលក់ចេញឱ្យឈ្មួញរាល់ថ្ងៃ។ នេះបើតាមការលើកឡើងរបស់លោក ហេង​ ពិសិដ្ឋ ដោយបន្ថែមថា ឈ្មួញទាំងនោះ នាំជីររណារទៅលក់តាមបណ្ដាខេត្តនានា និងរាជធានីភ្នំពេញ។ បច្ចុប្បន្ន ជីររណារ​មិនទាន់មានការនាំចេញទៅក្រៅប្រទេសឡើយ ដ្បិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមិនទាន់គ្រប់គ្រាន់។

លោក គង់ សុធី កសិករដាំដុះជីររណារ ក្នុងភូមិទួលតាហោ បានលើកឡើងថា ជីររណារមានទីផ្សារល្អ ប៉ុន្តែតម្លៃបានធ្លាក់ចុះបន្តិច រយៈពេលចុងក្រោយនេះ ដោយសារកូវីដ-១៩រាលដាលខ្លាំង។ «តែជីររណាតនេះ ទោះធ្លាក់ថ្លៃយ៉ាងណាក៏មិនដូចដំណាំផ្សេងៗ បាន២០០-៣០០រៀល។ ហើយពេលខ្លះគ្មានអ្នកសោះតែម្ដង»។ នេះបើតាមការបញ្ជាក់របស់លោក គង់ សុធី។

កសិករវ័យ៦១ឆ្នាំរូបនេះ អាចលក់ចេញជីររណារ បានប្រមាណ៥០គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្នជីររណារ​​​របស់លោកលក់បានតម្លៃចន្លោះពី១៥០០រៀល ទៅ១៨០០រៀលក្នុងមួយគីឡូក្រាម ដោយអាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ មានបទពិសោធន៍ដាំជីររណារបាន២ឆ្នាំ លោក សុធី យល់ថាជីររណារជាប្រភេទដំណាំមានទីផ្សារ មិនពិបាកថែទាំខ្លាំងដូចដំណាំដទៃមួយចំនួន ពិសេសអាចប្រមូលផលបានរយៈពេលយូរ។

កន្លងមកមុនពេលមានជំងឺកូវីដ-១៩ ពុំទាន់មានកសិករនាំគ្នាដើមច្រើន ជីររណាររបស់អ្នកភូមិទួលតាហោ មានតម្លៃខ្ពស់ដល់ទៅ៧ពាន់រៀលក្នុងមួយគីឡូក្រាម ឬជាង៣ពាន់រៀលក្នុងមួយគីឡូក្រាម។ នេះបើតាម លោក គង់ សុធី ដោយបន្តថា បច្ចុប្បន្នមានកសិករដាំដុះច្រើន ឡើងដល់ជាង២០គ្រួសារ ខណៈភោជនីយដ្ឋានក៏បិទច្រើន ដោយសារកូវីដ-១៩។

លោក គង់ សុធី បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា នៅពេលយើងចាប់ផ្ដើមដាំជីររណារដំបូង ត្រូវយកចិត្តទុកដាក់បន្តិចលើការដាក់ជី​ ស្រោចទឹកព្រឹកល្ងាច និងចាប់សត្វល្អិតជាដើម។ ប៉ុន្តែបន្ទាប់ពីវាលូតលាស់បានរយៈពេល៣ខែ កសិករអាចប្រមូលផលបានហើយ។ លោក បន្តថា ដល់រដូវភ្លៀងកាន់តែផ្ដល់ភាពងាយស្រួលដល់កសិករ ព្រោះមិនចាំបាច់ត្រូវស្រោចទឹក។​ បន្ទាប់ពីលូតលាស់បាន៣ខែ កសិករនឹងអាចប្រមូលផលបន្តបន្ទាប់បានរយៈពេល១ឆ្នាំពេញ៕

 

ព័ត៌មានទាក់ទង