​កសិករដាំទុរេនខ្មែរ ប្រាប់ពីលក្ខណៈខុសគ្នារវាងទុរេនខ្មែរ និងទុរេននាំចូល

29/05/2021 3:00 pm ភ្នំពេញ


ភ្នំពេញ៖ គ្រប់ប្រភេទពូជទុរេនខ្មែរ មិនថាដាំនៅខេត្តណាទេ គឺគ្មានលក្ខណៈខុសគ្នាច្រើនឡើយ។ ទុរេន ខ្មែរ មានបន្លាសម្បកស្រួចៗ សាច់ទុរេនពណ៌លឿងទុំ មានសណ្ដង់វែងរឹង និងរសជាតិសាច់ទុរេនផ្អែមឈ្ងុយ។ ផ្ទុយពីផ្លែទុរេននាំចូលពីប្រទេសជិតខាង ដែលមានបន្លាសំបកទាលៗ រីកៗ ផ្លែមូលៗ សណ្ដង់ខ្លី និងសម្បុរស្រអាប់។ នេះបើតាមការលើកឡើងដូចគ្នា របស់កសិករ២រូប ដែលមានបទពិសោធដាំទុរេនជាង១០ឆ្នាំរៀងខ្លួន។



អ្នកបច្ចេកទេសដាំទុរេន ក្នុងឃុំអូរសោម លោក ស៊ឹម សុជាតិ បានលើកឡើងថា ផ្លែទុរេនខ្មែរ ទោះដាំនៅខេត្តកោះកុង កំពង់ចាម ត្បូងឃ្មុំ កំពត បាត់ដំបង ឬខេត្តពោធិ៍សាត់ក៏ដោយ គឺសុទ្ធតែជាប្រភេទពូជទុរេនខ្មែរតែមួយ គ្មានអ្វីខុសគ្នាឡើយ ទាំងរសជាតិ និងរូបរាងសម្គាល់ខាងក្រៅ។



«ទុរេនខ្មែរ ខុសពីទុរេននាំចូលពីវៀតណាម និងថៃ។ ដូចខ្ញុំជាអ្នកដាំទុរេនអ៊ីចឹង គ្រាន់តែឃើញហ្នឹង ដឹងបាត់ហើយថាមួយណារបស់យើង មួយណារបស់គេ។ របស់ខ្មែរយើង បន្លាស្រួចៗ តែគេទាលៗ។ សណ្ដង់ទុរេនយើងវែងៗរឹង ហើយរបស់គេវិញ ខ្លីៗ»។ នេះជាការលើកឡើងរបស់លោក ស៊ឹម សុជាតិ ដោយបន្ថែមថា ទុរេនខ្មែររសជាតិផ្អែមឈ្ងុយ ទោះបរិភោគច្រើន ក៏មិនធ្វើឲ្យឈឺកដែរ។


លោក ស៊ឹម សុជាតិ កសិករដាំទុរេន នៅឃុំអូរសោម ខេត្តពោធិ៍សាត់

ជាមួយគ្នានេះ លោក សុខ ឡេង អ្នកដាំទុរេន ក្នុងខេត្តត្បូងឃ្មុំ ក៏បានលើកឡើងបន្ថែមពីលើលោក សុជាតិ យ៉ាងដូច្នេះថា៖«បើនិយាយទៅ សាច់ទុរេនខ្មែរខាងក្នុងគឺពណ៌មាស ហើយសម្បកខាងក្រៅមិនថ្លោសមូលស្មើគ្នាច្រើន ដូចទុរេនគេទេ។ មួយទៀតគឺ បន្លាសម្បកទុរេនខាងក្រៅហ្នឹង មានចៃដំណាំខ្លះអ៊ីចឹងទៅ»។

លោក សុខ ឡេង ដែលជាកសិករដាំទុរេនជាង២០ឆ្នាំរូបនេះ មើលឃើញថា ផ្លែទុរេនមានទីផ្សារខ្លាំង ហើយបច្ចុប្បន្នក៏បាននាំចូលពីបរទេសមកទីផ្សារកម្ពុជាច្រើនផងដែរ ខណៈទុរេនខ្មែរ មិនទាន់ដល់ពេលត្រូវប្រមូលផលនៅឡើយ។ តាមធម្មតា ទុរេនរបស់កសិករខ្មែរតាមបណ្ដាខេត្តនានា នឹងចាប់ផ្ដើមប្រមូល នៅពាក់កណ្ដាលខែឧសភា​ រហូតអាចទៅដល់ខែសីហា។


លោក សុខ ឡេង កសិករដាំទុរេន នៅខេត្តត្បូងឃ្មុំ

ក្នុងនោះដែរ លោក សុខ ឡេង ចង់ឲ្យអាជីវករលក់ទុរេនលើទីផ្សារទាំងអស់ មានទំនួលខុសត្រូវចំពោះផលិតខ្លួន ជៀសវាងការក្លែងបន្លំ អតិថិជន ពិសេសការឃោសនាថាទុរេនខ្លួនជារបស់ខ្លួន ប៉ុន្តែជាទុរេននាំចូលទៅវិញ។ បន្ថែមទៀតនេះ កសិករទាំង២រូប ចង់ផ្ដល់ការយល់ដឹងដល់អតិថិជនខ្លួន និងពលរដ្ឋទូទៅ ដោយអាចបែងចែកថាមួយណាជាទុរេនខ្មែរ និងទុរេននាំចូលផងដែរ៕
 
 

ព័ត៌មានទាក់ទង