យុវជន សុវណ្ណ វិមាន បង្កើតបានកសិដ្ឋានផ្គត់ផ្គង់ពូជស្ត្រប៊ឺរីខ្នាតតូចមួយ ក្នុងវ័យត្រឹម១៩ឆ្នាំ

02/03/2021 2:00 pm ត្បូងឃ្មុំ

ភ្នំពេញ៖ យុវជន សុវណ្ណ វិមាន គឺជាម្ចាស់កសិដ្ឋានលក់ពូជស្ត្រប៊ឺរីខ្នាតតូចមួយ នៅក្នុងខេត្តត្បូងឃ្មុំ។ មានវ័យ១៩ឆ្នាំ វិមានបានប្រាប់ Thmeythmey25 ថា ខ្លួនចាប់ផ្តើមរៀនបង្កាត់ពូជស្ត្រប៊ឺរីចំនួន៥ផើង ដែលរូបគេទិញពីប្រទេសថៃ ក្នុងតម្លៃ១០ម៉ឺនរៀល កាលពីដើមឆ្នាំ២០១៩។ រយៈពេល២ឆ្នាំក្រោយមក យុវជន វិមាន ដែលកំពុងសិក្សាថ្នាក់ទី១២ផងនោះ ស្ទាត់ជំនាញក្នុងការបង្កាត់ពូជដំណាំមួយនេះ ហើយបានក្លាយជាអ្នកផ្គត់ផ្គង់ពូជស្ត្រប៊ឺរីវិញម្តង។ បច្ចុប្បន្ន យុវជន សុវណ្ណ វិមាន កំពុងថែទាំកូនស្ត្រប៊ឺរី ប្រមាណ២ពាន់ដើម នៅក្នុងកូនកសិដ្ឋានរបស់ខ្លួន ដែលមានដីទទឹង ២០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ។



កាលពីដើមឆ្នាំ២០១៩ យុវជន សុវណ្ណ វិមាន បានទិញកូនស្រ្តប៊ឺរី ចំនួន ៥ផើង ក្នុងតម្លែ១០ម៉ឺនរៀល ពីប្រទេសថៃ ដើម្បីរៀល ដើម្បីយកមកសាកល្បងបង្កាត់ពូជ និងដាំដុះនៅស្រុកកំណើត ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  យុវជន វិមាន ដែលកំពុងសិក្សាថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់ផងនោះ បានប្រាប់សារព័ត៌មាន Thmeythmey25ថា រូបគេបានបានស្រាវជ្រាវពីរបៀបនៃការបង្កាត់ពូជពី YouTube  និងអ្នកលក់កូនស្រ្តប៊ឺរីនៅប្រទេសថៃ រហូតអាចបង្កាត់ពូជបានដោយខ្លួនឯង។

បើតាមម្ចាស់អាជីវកម្មវ័យ១៩ឆ្នាំរូបនេះ ស្ត្រប៊ឺរី ដែលរូបគេ នាំចូល និងបង្កាត់ពូជបាននាពេលបច្ចុប្បន្ន  មានពីរប្រភេទ នៅឡើយតែរសជាតិស្ត្រប៊ឺរីដែលហុចផល ដែលវិមាន អះអាងថា នៅមិនដូចរសជាតិដើមទាំងស្រុងឡើយ។ 



យុវជន សុវណ្ណ វិមាន បានបញ្ជាក់ប្រាប់សារព័ត៌មាន Thmeythmey25 ដូច្នេះ៖«ខ្ញុំនាំចូលពូជស្ត្រប៊ឺរី ចំនួនពីរប្រភេទ គឺពូជស្ទេឡា និងពូជស៊ីស្កេត មានរសជាតិឆ្ងាញ់ផ្សេងគ្នា ដោយពូជស៊ីស្កេត ផ្លែមានទំហំតូច និងមានរសជាតិផ្អែម។ ចំណែក ពូជស្ទេឡា មានរសជាតិជូរអែម ក្លិនប្រហើរ និងផ្លែមានទំហំតូចជាងស្ទេឡា។ បើប្រៀបធៀបរសជាតិជាមួយប្រទេសថៃ គឺខុសគ្នាប្រហែល ៣០ភាគរយ នៃរសជាតិដើម ព្រោះខ្ញុំមិនទាន់រៀបចំដីត្រូវស្តង់ដានៅឡើយ»។ 

បច្ចុប្បន្នយុវជនរូបនេះ កំពុងថែទាំ និងបង្កាត់ពូជស្ត្រប៊ឺរីប្រមាណ ២ពាន់ដើម នៅលើផ្ទៃដីទំហំដែលមានទទឹង ២០ម៉ែត្រ និងបណ្តោយ ៤០ម៉ែត្រ។ លោក បន្តទៀតថា ចំពោះការដាំដុះវិញ ដំណាំស្ត្រប៊ឺរី ត្រូវការស្បៃពណ៌បៃតង ឬពណ៌ខ្មៅគ្រប ដើម្បីឲ្យមានពន្លឺថ្ងៃ ៥០ភាគរយ និងម្លប់៥០ភាគរយ ចូលកន្លែងបង្កាត់ពូជ។ ដីសម្រាប់ដាំដុះ ជាដីដែលសម្បូរជីវជាតិ និងដាក់ជីកំប៉ុស្តឲ្យបានច្រើន ជាពិសេសត្រូវស្រោចទឹកស្អាត ព្រោះបើមិនស្រោចទឹកស្អាតទេ វាងាយឆ្លងជំងឺរួញស្លឹក និងស្វិតដើម។ ម៉្យាងទៀត ដំណាំស្ត្រប៊ឺរី ត្រូវការបាញ់ថ្នាំដង្កូវមួយខែម្តង ដើម្បីការពារកុំឲ្យដង្កូវស៊ីស្លឹក។ 



«ពូជស្ត្រប៊ឺរី ដែលអាចលក់ចេញបាន មានអាយុ ១ខែកន្លះ នៅពេលវាមានផ្កា ឬអាចលឿនជាងនេះ តាមការចង់បានរបស់អ្នកទិញ ដោយមួយផើងមានតម្លៃ ១៥ ០០០រៀល។ អតិថិជនរបស់ខ្ញុំមានដូចជា ចម្ការស្ត្រប៊ឺរីមួយកន្លែងនៅភ្នំពេញ និងភាគច្រើនទៀតជាអ្នកក្រុង ដែលគាត់ទិញយកទៅដាក់តាំងលម្អនៅកន្លែងធ្វើការ។ ចំពោះប្រាក់ចំណូលពីការលក់ពូជស្រ្តប៊ឺរី ខ្ញុំទទួលបានប្រមាណ ២ ៥០០ដុល្លារ ក្នុងមួយឆ្នាំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សុវណ្ណ វិមាន។

បើទោះបច្ចុប្បន្ន មានអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែយុវជន រូបនេះ នឹងបន្តការសិក្សាជំនាញកសិកម្ម បន្ទាប់ពីរូបគេជាប់បាក់ឌុប។ យុវជន សុវណ្ណ វិមាន មានបំណងបង្កើតចម្ការស្ត្រប៊ឺរីនៅស្រុកកំណើតខ្លួន។  «ខ្ញុំចង់រៀនផ្នែកកសិកម្ម ដើម្បីយកចំណេះ និងជំនាញ ទៅបង្កើតចំការស្ត្រប៊ឺរីនៅស្រុករបស់ខ្ញុំឲ្យកាន់តែមានភាពរីកចម្រើន។ លើសពីនេះ ខ្ញុំចង់បង្ហាញឲ្យគេឃើញថា ស្រ្តប៊ឺរីក៏អាចដាំនៅប្រទេសខ្មែរបានដែរ ហើយល្អទៀត»។ នេះជាការរៀបរាប់របស់ ម្ចាស់កសិដ្ឋានផ្គត់ផ្គង់ពូជស្ត្រប៊ឺរីនៅស្រុកមេមត់ សុវណ្ណ វិមាន៕





 

ព័ត៌មានទាក់ទង