យុវជន នី ប៊ុនថា ដំាបន្លែហៃត្រូផូនិកដំបូង ទទួលជោគជ័យ និងការគាំទ្រច្រើនពីអតិថិជននៅស្រុកស្រែអំបិល

08/02/2021 5:00 pm កោះកុង

ភ្នំពេញ៖ លោក នី ប៊ុនថា ជាកសិករដំបូងបង្អស់ ដំាបន្លែលើទឹក (ហៃត្រូផូនិក) ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ មានវ័យ ២៦ឆ្នាំ លោក នី ប៊ុនថា ទើបចាប់ផ្ដើមប្រកបមុខរបរនេះ តែលោកទទួលបានជោគជ័យលើការដំា និងមានការគាំទ្រពីអ្នកបរិភោគ រួមទាំងលក់បានតម្លៃខ្ពស់ ក្នុងស្រុកស្រែអំបិល។ លោក ប៊ុនថា ប្រាប់ថា ដើម្បីជោគជ័យលើការដំាដុះប្រភេទនេះ ទាមទារនូវបច្ចេកទេសច្បាស់លាស់។



ជាអ្នកដំាបន្លែលើទឹក ឬហៃត្រូផូនិក ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង លោក នី ប៊ុនថា មានរោងដំាបន្លែលើផ្ទៃដី ១៥ម៉ែត្រ គុណនឹង ១៥ម៉ែត្រ។ នៅក្នុងកសិដ្ឋានរបស់កសិករ នី ប៊ុនថា មានដំាបន្លែដូចជា ប្រភេទស្ពៃស្លឹក និងប្រភេទសាលាដបរទេស ប្រមាណ ១០ប្រភេទផ្សេងទៀត។ 

លោក នី ប៊ុនថា ជាកសិករ និងជាម្ចាស់ផេក «រៀនដំា» បានប្រាប់សារព័ត៌មាន Thmey Thmey 25 តាមទូរសព្ទថា នៅក្នុងស្រុកស្រែអំបិល មិនទាន់មានអ្នកដំាបន្លែប្រភេទហៃត្រូផូនិកនោះទេ គឺមានតែរូបលោកប៉ុណ្ណោះ ហើយក៏ជាអ្នកទើបចាប់ផ្ដើមដំាបន្លែលើទឹកនេះផងដែរ។ ជាម្ចាស់អាជីវកម្មដំាបន្លែលើទឹកថ្មីថ្មោង តែនៅក្នុងស្រុកស្រែអំបិលនេះ លោកទទួលបានការគាំទ្រ ទុកចិត្ត លើគុណភាព និងសុវត្ថិភាពបន្លែ ព្រមទាំងលក់បានតម្លៃថ្លៃផងដែរ។



ទាក់ទងនឹងការគាំទ្របន្លែលើទឹកនេះ លោក ប៊ុនថា ប្រាប់ពីមូលហេតុដល់សារព័ត៌មាន ThmeyThmey25 ថា ដោយសាររូបលោកជាអ្នកបង្រៀនពីបច្ចេកទេសដំា ហើយមានអ្នកស្គាល់ ក៏ដូចជាទុកចិត្ត លើបន្លែលើទឹក ថាជាបន្លែសុវត្ថិភាព ក្នុងការទទួលទាន។ កសិករ នី ប៊ុនថា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ផលិតផល(បន្លែ)ដែលខ្ញុំមាន មិនពិបាកក្នុងការលក់ទេ ដោយសារផលិតផលរបស់យើង ជាផលិតផលសរីរាង្គ និងទំនួលខុសត្រូវ។ ហើយក៏មានអ្នកស្គាល់យើងច្រើន ក៏មានអ្នកមកទិញដល់ផ្ទះផងដែរ។ ឯនៅក្នុងស្រុកស្រែអំបិល ក៏លក់បានថ្លៃដែរ»។

បើតាមលោក នី ប៊ុនថា ស្ពៃមួយគីឡូក្រាម អាចលក់បាន តម្លៃ១៥,០០០រៀល និងប្រភេទសាលាដ អាចលក់បានតម្លៃ ២៥,០០០រៀល។ លោក ប៊ុនថា បញ្ជាក់ថា តម្លៃនៃការលក់នេះ ជាតម្លៃកំណត់ផ្ទាល់ពីកសិដ្ឋាន  ហើយក៏ជាតម្លៃដែលអ្នកបរិភោគទទួលយកបាន ក្នុងស្រុកស្រែអំបិលផងដែរ។



ជាអ្នកដំាបន្លែលើទឹក និងជាម្ចាស់បន្លែដំាលើដី ប្រមាណ ៣ហិកតា លោក ប៊ុនថា យល់ឃើញថា ការដំាបន្លែហៃត្រូផូនិកនេះ មានភាពងាយស្រួលដំា ជាងលើដី ហើយចំណាយពេលតិចក្នុងការប្រមូលផល ពោលគឺចំណាយពេល ៣០ថ្ងៃ ទៅ ៤០ថ្ងៃប៉ុណ្ណោះ។ កសិកររូបនេះ បន្តថា ការដំាប្រភេទបន្លែលើទឹក ជួយកាត់បន្ថយកម្លាំងពលកម្ម ងាយស្រួលគ្រប់គ្រង លើពពួកសត្វល្អិត  តែលោកក៏មិនបោះបង់ការដំាដុះលើដីដែរ ពោលគឺនៅតែបន្តដំា ប្រភេទបន្លែមើម ដែលមិនអាចដំាលើទឹកបាន។

បន្លែលើទឹក ទទួលបានការគាំទ្រពីប្រជាជន ក្នុងស្រុកស្រែអំបិល តែលោក ប៊ុនថា អះអាងថា៖ «ទម្រាំខ្ញុំមានអ្នកទទួលស្គាល់អ៊ីចឹង ខ្ញុំផ្សព្វផ្សាយ ចែករំលែក ពន្យល់មិនថាការឡាយ(FaceBook Live) មិនថាតាមការបង្រៀន ដោយសារអ្នកខ្លះនៅតែបែងចែកថា បើអត់ប្រើសារធាតុគីមី ម៉េចទើបអាចដំាលើទឹកបាន»។ 



ទោះបីជាការប្រកបអាជីវកម្មប្រភេទនេះ ទទួលបានការគាំទ្រ និងលក់បានតម្លៃថ្លៃ និងងាយស្រួលដំាដុះ តែម្ចាស់អាជីវកររូបនេះ ពន្យល់យ៉ាងដូច្នេះថា៖ «ការដំាប្រភេទនេះងាយស្រួលគ្រប់គ្រង តែត្រូវការចំណាយដើមទុនច្រើន»។ កសិដ្ឋានរបស់លោក ប៊ុនថា ដែលមានទំហំ ១៥ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ចំណាយថវិកាជិត ២ពាន់ដុល្លារ ផងដែរ។ 

ជុំវិញការដំាដុះបន្លែហៃត្រូផូនិក លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានមានប្រសាសន៍ថា ការដំាដុះដំណាំហៃត្រូផូនិកនៅក្នុងខេត្តកោះកុង មិនទាន់មានការដាំដុះច្រើននៅឡើយនោះទេ គឺមានកម្រិតតិចតួចនៅឡើយ។ លោក អ៊ី ម៉េងលាង ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះថា៖ «ការដំាបន្លែហៃត្រូផូនិកនេះល្អ វាត្រូវការទំហំផ្ទៃដីតូច តែផលិតបានច្រើន ហើយវាជាបន្លែសុវត្ថិភាពដែរ។ ការដំាដំណាំហៃត្រូផូនិកនេះ ដំាស្របតាមបច្ចេកទេសខ្ពស់»។ ប្រធានមន្ទីរកសិកម្ម បន្តថា បន្លែប្រភេទនេះ ក៏មានតម្រូវការទីផ្សារ មានការគាំទ្រពីអ្នកប្រើប្រាស់ នៅក្នុងទីរួមខេត្តផ្ទាល់។

លោក អ៊ី ម៉េងលាង លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការផលិតបន្លែហៃត្រូផូនិក ដោយសារលោកមើលឃើញពី ការគាំទ្រពីប្រជាជន ក៏ដូចជាអត្ថប្រយោជន៍ការដំាបន្លែប្រភេទនេះ ជាពិសេសគឺ លក់បានតម្លៃខ្ពស់លើទីផ្សារ ប៉ុន្តែប្រជាជនត្រូវរៀនពី បច្ចេកទេសឲ្យបានត្រឹមត្រូវ៕






ព័ត៌មានទាក់ទង