លោក ស៊ឹម សុជាតិ ចែករំលែក​បច្ចេកទេស​ដាំ​ទុរេន ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​

13/01/2021 2:00 pm ពោធិ៍សាត់

​ពោធិ៍សាត់​៖ ការបណ្ដុះ​ទុរេន​មិន​ត្រូវការ​ប្រភេទ​ដី​នោះទេ តែ​កសិករ​ត្រូវមាន​បច្ចេកទេស ក្នុងការ​ធ្វើ​ជី​សម្រាប់​ដាក់​ដើម​ទុរេន​។ បច្ចេកទេស​ប្រើប្រាស់​ជី គឺ​ចាប់ផ្តើម​តាំងពី​ការបណ្តុះ ទទួល​ដល់​ទុរេន​ហុច​ផល​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ឹម សុជាតិ កសិករ​ដាំ​ទុរេន​នៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។  សម្រាប់ លោក ស៊ឹម សុជាតិ ការដាក់​ជី​ឲ្យ​ទុរេន ប្រៀបបាន​នឹង​គ្រូ​ពេ​ទ្យ​មើលថែ​អ្នកជំងឺ ព្រោះ​ត្រូវ​ច្បាស់​ថា តើ​ទុរេន​របស់ខ្លួន ត្រូវការ​ជី​ប្រភេទ​អ្វីខ្លះ​។


 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ លោក អ្នកនាង ទស្សនា​បទ​សម្ភាសរ​វា​ង កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក ស៊ឹម សុជាតិ កសិករ​ក្នុង​ឃុំ​អូរ​សោម​ដូចតទៅ​៖ 
 

​ដើម្បី​ឲ្យ​ទុរេន ទទួលបាន​ទិន្នផល​ខ្ពស់ ប្រៀបដូចជា​ការមើល​ថែ​កូន​ក្នុង​គ្រួសារ​អីចឹង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ឹម សុជាតិ អ្នក​ដាំ​ទុរេន នៅ​ឃុំ​អូរ​សោម​។ តាម​លោក សុជាតិ ទុរេន​អាច​ផ្ដល់​ទិន្នផល​ខ្ពស់ ឬ​ទាប អាស្រ័យ​លើ​ការ​មើលថែ ការធ្វើ​ដី​សម្រាប់​បណ្ដុះ​កូនដើម​ទុរេន និង​ការដាក់​ជី​។ កសិករ រូបនេះ សង្កត់ធ្ងន់ថា ការដាក់​ជី ជា​រឿង​សំខាន់បំផុត សម្រាប់​ការដាំដុះ​ទុរេន​។  

​លោក សុជាតិ បានលើកឡើង​ដូច្នេះ​ថា​៖ « ជី​មាន​ច្រើន​ប្រភេទ​ណាស់ មុននឹង​យើង​ដាក់​ជី យើង​ត្រូវ​មក​មើ​លវា​សិន​ថា​ត្រូវការ​ជី​ប្រភេទ​ណា​។ យើង​មិនអាច​ចេះតែ​ដាក់​ជី​ផ្ដេសផ្ដាស​ទេ​។ សម្រាប់​ការពារ​សត្វល្អិត​វិញ យើង​ត្រូវ​ប្រើ​ជីសរីរាង្គ និង​ជីគីមី ព្រោះ​យើង​មិនអាច​រក​ជីសរីរាង្គ មក​ផ្គត់ផ្គង់​សម្រាប់​ចម្ការ​ទាំងមូល​បានទេ​។ កសិករ​ក៏​មិនត្រូវ​ចាញ់បោក អ្នកលក់​ជី ថា​ប្រភេទ​ជី​ទាំងនោះ​សុទ្ធតែ​ជីសរីរាង្គ​អី ព្រោះ​គេ​មិនអាច​មាន​ជី​គ្រប់គ្រាន់​មក​លក់​ឲ្យ​ទេ​»​។​



​មុននឹង​យើង​អាច​បណ្ដុះ​កូន​ទុរេន កសិករ ក៏ត្រូវ​ចេះ​របៀប​លាយ​ដី​សម្រាប់​បណ្តុះ​ដែរ​។ បើតាម លោក ស៊ឹម សុជាតិ ទូទៅ​ដី​ដែល​លាយ​សម្រាប់​ទុរេន​គឺ​ត្រូវការ ប្រភេទ​ដី​ចំនួន​៧០​ភាគរយ និង​អង្កាម​ចំនួន​៣០ ភាគរយ​។ ការ​លាយ​ដី​នេះ គឺ​ដើម្បី​ឲ្យ​កូន​ទុរេន ចាក់ឫស និង​លូតលាស់​បាន​លឿន​។​

​កសិករ គួរ​ដាំ​ទុរេន ចន្លោះ​៤​ម៉ែត្រ​ពី​ដើម​មួយ ទៅ​ដើម​មួយទៀត​។ ចន្លោះ​ប៉ុណ្ណេះ បើតាម លោក សុជាតិ ទុរេន នឹង​ហុច​ផល​ច្រើនជាង​ការដាំ​ឃ្លាត​គ្នា​ចម្ងាយ​៨​ម៉ែត្រ​ក្នុង​មួយ​ដើមៗ​ទៅទៀត​។ កសិករ​រូប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​លោក អាច​លក់​ផ្លែ​ទុរេន​បាន ប្រមាណ​៥​ម៉ឺន​ដុល្លារ ពី​ទុរេន​ចំនួន ៥៣​ដើម ដែលមាន​នៅក្នុង​ចម្ការ​នេះ​៕



ព័ត៌មានទាក់ទង