ពលរដ្ឋខណ្ឌដង្កោដែលបានជម្លៀសពេលទឹកជំនន់ បានត្រឡប់ទៅផ្ទះវិញជិតអស់ហើយ

22/10/2020 3:59 pm ភ្នំពេញ

ភ្នំពេញ៖ ពលរដ្ឋក្នុងខណ្ឌដង្កោជាង៥ពាន់គ្រួសារ ដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពនាពេលកន្លងមកនោះ បានត្រឡប់ទៅគេហដ្ឋានរៀងខ្លួនវិញជិតអស់ហើយ គិតត្រឹមព្រឹកថ្ងៃទី២២តុលា។ បើតាមអភិបាលខណ្ឌដង្កោ ដែលបានប្រាប់សារព័ត៌មាន Thmeythmey25 នៅសល់តែពលរដ្ឋប្រមាណ៦០គ្រួសារទៀតប៉ុណ្ណោះមិនទាន់ត្រឡប់ទៅរស់នៅផ្ទះរបស់ខ្លួនវិញបាន ដោយសារស្ថានភាពទឹកនៅមិនទាន់ថមថយ។

ពលរដ្ឋខណ្ឌដង្កោចំនួន៥ ៥៨៧ ពាន់គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ហើយបាន ជម្លៀសទៅទីទួលសុវត្ថិភាពនាពេលកន្លងមកនោះ បានត្រឡប់ចូលទៅសម្អាត និងរស់នៅក្នុងផ្ទះរបស់វិញហើយ ក្រោយទឹកស្រកអន់ថយ។ នេះបើតាមអ្នកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ប្រាប់សារព័ត៌មាន Thmeythmey25 ។ អ្នកស្រីអភិបាលខណ្ឌ ឲ្យដឹងទៀតថា បច្ចុប្បន្ន នៅសល់ពលរដ្ឋតែប្រមាណ ៦០គ្រួសារទៀតប៉ុណ្ណោះ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុត្ថិភាព ហើយភាគច្រើន ជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងបុរីពិភពថ្មី កួរស្រូវ ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

អ្នកស្រី គឹម ញឹប បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey25ដូច្នេះ៖« ក្នុងចំណោមប្រជាជនជាង ៥ពាន់គ្រួសារ នៅសល់ប្រហែល៦០ គ្រួសារទៀតទេ ដែលនៅទីទួលសុវត្ថិភាព គឺប្រជាជនដែលនៅបុរីពិភពថ្មី កួរស្រូវ២។ ប្រជាជនប៉ុន្មានទៀតគាត់ទៅនៅផ្ទះគាត់ធម្មតាវិញហើយ»។

បើតាមអ្នកស្រីអភិបាលខណ្ឌ ស្ថានភាពទឹកជំនន់នៅក្នុងខណ្ឌដង្កោ មានការថមថយច្រើន ដោយនៅបន្តលិចដោយកន្លែងប៉ុណ្ណោះ ហើយភាគច្រើនគឺតំបន់នៅអមទំនប់។ទឹកជំនន់បានស្រកហូរចូលទៅទន្លេ ប៉ុន្តែទឹកដែលនៅដក់ហ្នឹងគឺ ទឹកនៅអមទំនប់ ផ្លូវក្រវាត់ក្រុង២ និងផ្លូវ២០អា ដូច្នេះទឹកដែលហូរចូលមកនៅកណ្តាល អ៊ីចឹង វាត្រូវស្រកតាមធម្មជាតិវិ»។ នេះជាការរៀបរាប់របស់អ្នកស្រី គឹម ញឹប ដោយអ្នកស្រីបានបន្តទៀតថា  មានសង្កាត់ចំនួន ១១ ក្នុងខណ្ឌដង្កោ បានរងប៉ះពាល់ដល់ពលរដ្ឋចំនួន ៥ ៥៨៧ គ្រួសារ។  ក្រៅពីនេះ ក៏មានដែរហេដ្ឋារចនាសម្ពន្ធផ្លូវ សាលារៀន និងវត្តអារាម មួយចំនួន បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហមន្តរាយ គិតត្រឹមព្រឹកថ្ងៃទី២២តុលា មានខេត្ត-រាជធានីចំនួន១៩ បានរងគ្រោះដោយទឹកជំនន់ ដោយក្នុងនោះមានពលរដ្ឋចំនួន ៣៦នាក់ បានបាត់បង់ជីវិត។ ខេត្តបន្ទាយមានជ័យរងគ្រោះខ្លាំងជាងគេ ដោយមានពលរដ្ឋស្លាប់ដល់ទៅ១៩នាក់៕

 

ព័ត៌មានទាក់ទង