រដ្ឋាភិបាល យកប្រាក់ដេញថ្លៃរថយន្ត និងឈើល្មើសច្បាប់ ទៅប្រើក្នុងការសង់សាលារៀន
មណ្ឌលគិរី៖ ថវិកាដែលប្រមូលបាន ពីការដេញថ្លៃររថយន្តចំនួន៥០០គ្រឿង និងឈើជាច្រើនម៉ែត្រគូប ដែលអាជ្ញាធរបានរឹបអូស ពីបទល្មើសចធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០១៦-២០១៧ ត្រូវបាន រដ្ឋាភិបាល ប្រគល់ជូនទៅក្រសួងអប់រំសម្រាប់កសាង និងអភិវឌ្ឍសាលារៀន។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាអំឡុងទស្សនកិច្ច នៅដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី៣ ខែតុលាកន្លងទៅ។
គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស បានដាក់ដេញថ្លៃរថយន្ត និងឈើដែលដែលរឹបអូសបាននោះ ចំនួន៣លើកមកហើយ។ នេះបើតាមលោក នេត្រ ភក្ត្រា ដែលបានបន្តដូច្នេះ៖«រថយន្តខ្លះវាល្អៗ បើយើងទុក វានឹងខូច។ អ៊ីចឹងយើងដាក់ដេញថ្លៃចូលរដ្ឋ។ ការដេញថ្លៃពីឆ្នាំ២០១៦ ដល់២០១៧កន្លងមក គឺយើងដេញថ្លៃសម្រាប់យកថវិកាទាំងអស់នេះ ផ្តល់ឲ្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅសាងសង់សាលារៀនណា ដែលមានការខ្វះខាត»។
អ្នកនាំពាក្យក្រសួងបរិស្ថាន ពន្យល់ថា ការដាក់ដេញថ្លៃវត្ថុតាងដែលល្មើសច្បាប់ទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់សង្គមជាតិ ជាជាងដុតបំផ្លាញចោល។ «ពីមុនយើងដុត ប៉ុន្តែតាមការណែនាំជារួម គឺយើងមិនដុតបំផ្លាញចោលទេ។ យើងធ្វើយ៉ាងម៉េច សម្រាប់វិធានការការពារ។ បើយើងមិនចាត់វិធានការលើវត្ថុតាងហ្នឹងទេ ហើយទុកចោលនៅកន្លែងហ្នឹង ឧទ្យានុរក្ស និងសមត្ថកិច្ច អាចនឹងលួចវិញ។ កន្លែងខ្លះជិត គឺយើងដឹកឈើយកមក ប៉ុន្តែបើកន្លែងឆ្ងាយៗ គឺយើងទុកចោលនៅកន្លែងហ្នឹង។ យើងនឹងដាក់នៅហ្នឹង ដោយមានការឃ្លាំមើល ដើម្បីឲ្យដឹងថានរណា ជាអ្នកល្មើស»។ នេះជាការរៀបរាប់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន។
កម្ពុជា មានផ្ទៃដីធនធានធម្មជាតិ សរុប៧,៣លានហិកតា ស្មើនឹង៤១ភាគរយ នៃផ្ទៃដីសរុប។ នេះបើតាមលោក នេត្រ ភក្ត្រា តួលេខនេះ គឺបង្ហាញថាកម្ពុជា គឺមានការគ្រប់គ្រងអភិរក្សល្អប្រសើរជាងពីមុន។ លោកបានរៀបរាប់ដូច្នេះថា៖«អ្វីដែលយើងត្រូវការចាំបាច់ក្នុងការការពារ គឺការអនុវត្តច្បាប់ ការផ្សព្វផ្សាយ និងការអប់រំ។ នេះហើយ ដែលជាគោលដៅសំខាន់ ដើម្បីពង្រឹងការការពារធនធានធម្មជាតិ»។
កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានរឹបអូសវត្ថុតាងបទល្មើសព្រៃឈើ នៅដែនជម្រកសត្វព្រៃកែវសីមា ជាង៦០០វត្ថុតាង ក្នុងនោះអន្ទាក់ចំនួន ១៧៥អន្ទាក់ កាំភ្លើងកែច្នៃ៨ ធ្នូចំនួន២ រណារយន្ត២១៣ កាំបិត៥១ ពូថៅ៣ ម៉ូតូកែច្នៃ ១៤១គ្រឿង រថយន្តកែច្នៃ៤៨គ្រឿង និងគោយន្តចំនួន២គ្រឿង។ នេះបើតាមរបាយការណ៍ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com