រយៈពេល​៣​ខែ ខេត្តព្រៃវែង​នាំចេញ​ស្រូវ​ជាង​១៨​ម៉ឺន​តោន​ទៅ​វៀតណាម​

13/08/2020 12:15 pm ព្រៃវែង

​ភ្នំពេញ​៖ ព្រៃវែង ជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​លើ​ការផលិត​ស្រូវ ទាំង​ការផ្គត់ផ្គង់​ក្នុង​ខេត្ត និង​ការនាំចេញ​។ របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ស្ដីពី​ស្ថានភាព​នៃ​ការងារ​បន្ត​បង្កើន​ផលដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ រយៈពេល​ជិត​៣​ខែ គិត​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០ ខេត្តព្រៃវែង បាន​នាំចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​សរុប​ជាង​១៨​ម៉ឺន​តោន ដោយ​លក់បាន​តម្លៃ​២២៣​ដុល្លារ ក្នុង​មួយ​តោន​។



​រយៈពេល​ជិត​៣​ខែ ឆ្នាំ​២០២០​នេះ ខេត្តព្រៃវែង​បាន​ដាំ​ដុះ​ស្រូវ​លើ​ផ្ទៃ​ខ្ពស់ជាង​ឆ្នាំ​២០១៩ ចំនួន​៣០៤​ហិកតា ស្មើនឹង​៨៨.៥៧​ភាគរយ នៃ​ផែនការ​២៥​ម៉ឺន​ហិកតា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។ ចាប់ពី​ថ្ងៃទី​២២-៣១ ខែឧសភា ឆ្នាំ​២០២០ បាន​នាំចេញ​ជាង​២​ម៉ឺន​តោន ហើយ​ចាប់ពី​ថ្ងៃទី​១-៣០ មិថុនា  ឆ្នាំ​២០២០​បាន​នាំចេញ​ជាង​៦​ម៉ឺន​តោន និង​ចាប់ពី​ថ្ងៃទី​១-៣១ កក្កដា ឆ្នាំ​២០២០ បាន​នាំចេញ​៩​ម៉ឺន​តោន​។ ចំណែកឯ​រយៈពេល​ចុងក្រោយ ចាប់ពី​ថ្ងៃទី​១-៩ សីហា ឆ្នាំ​២០២០ បាន​នាំចេញ​ជាង​២​ម៉ឺន​តោន​ផងដែរ​។ 

​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បានលើកឡើង​ដូច្នេះ​ថា ទោះបី​ជាមាន​បញ្ហា​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តែ​ការផលិត ក៏ដូចជា​នាំចេញ​ស្រូវ​នៅ​ខេត្តព្រៃវែង​នេះ​មិនមាន​ការថយចុះ​ឡើយ ហើយ​រដ្ឋាភិបាល បាន​ជំរុញ​បន្ថែម​ក្នុង​បរិបទ​នេះ​ផងដែរ​។ 


រូបភាពពី លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង

​លោក បាន​ប្រាប់ ThmeyThmey25 យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​ការនាំចេញ​ស្រូវ គឺ​ក្រោយពី​កសិករ​បាន​ទុក​រួចជាស្រេច​សម្រាប់​ផ្គត់ផ្គង់​ជា​ស្បៀង​នៅក្នុង​ស្រុក​ហើយ ទើប​នាំចេញ​។ ចំពោះ​ការប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​នេះ​គឺ​ភាគច្រើន​នាំចេញ​ស្ទើរតែ​៨០ ទៅ​៩០​ភាគរយ ហើយ​មិនមាន​ជួបប្រទះ​បញ្ហា​ខ្វះខាត​អ្វី​នោះទេ តម្រូវការ​ក្នុងស្រុក​គឺ​គ្រប់គ្រាន់​»​។ លោក បន្ថែមថា ដោយសារតែ​លើសពី​តម្រូវការ​ពលរដ្ឋ​ក្នុងស្រុក ទើប​មាន​ការនាំ​ចេញទៅ​ក្រៅប្រទេស ដើម្បី​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​។ ការប្រមូល​ផល​នេះ មាន​លក្ខណៈ​បម្រុង​រួចជាស្រេច ដោយ​ចំនួន​១៣​ភាគរយ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក  មិនមាន​នាំចូល​អង្ករ​ពី​ក្រៅប្រទេស​ឡើយ​។​

​លោក បាន​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ បច្ចុប្បន្ននេះ​ជា​រដូវ​ដាំ​ដុះ​ស្រូវ IR504 ដែល​ស្រូវ​ផលិតឡើង​សម្រាប់​ការនាំចេញ ហើយ​ការផ្គត់ផ្គង់​ក្នុងស្រុក​គឺ​ប្រភេទ​ស្រូវ​ក្នុងស្រុក ដូចជា ផ្ការំដួល ជាដើម​។ ស្រូវ​សម្រាប់​នាំចេញ ជា​ប្រភេទ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ ដែល​កសិករ​អាច​ដាំ​ដុះ​បាន​គ្រប់ពេលវេលា​បាន ទាំង​រដូវប្រាំង និង​រដូវវស្សា ប្រើពេល​តែ​៩៥​ថ្ងៃ​អាច​ប្រមូល​ផល​បាន​។ ខេត្តព្រៃវែង ដាំ​ដុះ​ស្រូវ​ចំនួន​៣​ប្រភេទ​គឺ ស្រូវស្រាល​មិន​ប្រកាន់​រដូវ ស្រូវកណ្ដាល និង​ស្រូវធ្ងន់​ប្រកាន់​រដូវ ហើយ​រដ្ឋាភិបាល​ក៏បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​ស្រូវស្រាល​នេះ​ឲ្យ​បាន​ច្រើនជាង​ស្រូវធ្ងន់ ព្រោះ​ប្រើ​រយៈពេល​ខ្លី​។ 


រូបភាពពី លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង

​ស្រូវស្រាល​ខេត្តព្រៃវែង​ភាគច្រើន​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដោយសារ​ខេត្តព្រៃវែង មាន​ព្រំប្រទល់​នៅ​ជិត​ប្រទេស​វៀតណាម និង​ក៏​ព្រោះ​តម្រូវការ​ទីផ្សារ ប្រទេស​វៀតណាម​មានលទ្ធភាព​ក្នុង​ការប្រមូលទិញ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រធាន​មន្ទីរ​រូបនេះ ដោយបាន​បន្ថែមថា ជាគោលការណ៍​របស់រ​ដ្ឋា​ភិ​បាល គឺ​ខិតខំ​បង្កើន​តម្លៃ មិនមាន​នាំចេញ​វត្ថុធាតុដើម​ទេ គឺ​កែច្នៃ ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុងស្រុក​។ ប៉ុន្តែ​ដោយសារ មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​មិនមាន​រោង​ម៉ាស៊ីនកិនស្រូវ ហើយ​បរិមាណ​ស្រូវ​ច្រើន ដូច្នេះ​ស្រូវ​ដែល​លើសពី​តម្រូវការ​ក្នុងស្រុក គឺ​ត្រូវ​លក់​ចេញទៅ​ក្រៅប្រទេស​៕

ព័ត៌មានទាក់ទង