Thmey Thmey 25
កម្ពុជា អា​ចនាំមៀន​ប៉ៃលិន​ទៅ​ចិន នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២
18/09/2020 1:00 pm ភ្នំពេញ ​ភ្នំពេញ​៖ កម្ពុជា​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ ២០២២​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​បញ្ជាក់ថា ការនាំចេញ​មៀន​ប៉ៃលិន​នេះ នឹង​ធ្វើឡើង​បន្ទាប់ពី​ការនាំចេញ​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ទៅ​ទីផ្សារ​ពិភពលោក​បានជា​ផ្លូវការ​។​

លោក ងិន ឆាយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ ថា កម្ពុជា​បាន​ផ្ញើ​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ និង​សមាសភាព​ចង្រៃ​នៅលើ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​រួច​អស់ហើយ ដោយ​នៅតែ​រង់ចាំ​មន្ត្រី​បច្ចេកទេសផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ​ភាគី​ចិន មក​ត្រួតពិនិត្យ​បច្ចេកទេស​ដាំ​ដុះ វេច​ខ្ចប់ រក្សាទុក នៅ​កម្ពុជា​ប៉ុណ្ណោះ​។​
 
​អគ្គនាយក​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍​ដូច្នេះ​ថា​៖«​ក្រោយពី​នាំចេញ​ផ្លែស្វាយ​ភ្លាម ហើយ​នៅពេលដែល​រដូវ​មៀន​ប៉ៃលិន​ចាប់ផ្តើម​ប្រមូល​ផល ខាង​ភាគី​ចិន​នឹង​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ផ្លែ​មៀន​ប៉ៃលិន​។ អ៊ីចឹង នេះ​ជាការ​ប៉ាន់ស្មាន និង​ព្យាករ​របស់​យើង​ក្នុង​ដើមឆ្នាំ​២០២១ យើង​អាច​នាំចេញ​ស្វាយ ហើយ​ប្រហែល​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២ យើង​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន​បាន​»​។ 

​លោក បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​ក្រុមហ៊ុន​ឯកជន​មួយ​កំពុង​វិនិយោគ​លើ​រោងចក្រ​សម្លាប់​មេរោគ និង​វេច​ខ្ចប់​មៀន​ប៉ៃលិន​នេះ នៅក្នុង​ខេត្ត​ប៉ៃលិន​។ 

​កាលពី​ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​ចិន ក្នុង​ការនាំចេញ​ផ្លែស្វាយ កែវ​រមៀត​ចំនួន ៥០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​៕ 
ដោយ៖ អ៊ូ សុខមាន © រក្សាសិទ្ធិដោយ thmeythmey25.com