ខេត្ត​ត្បូងឃ្មុំ ផលិត​ពោតក្រហម​ស្ងួត​បាន​ជាង ៥.៦​ម៉ឺន​តោន ក្នុង​មួយឆ្នាំៗ​

08/06/2020 6:00 pm ត្បូងឃ្មុំ

​ភ្នំពេញ​៖ ស្រុក​ចំនួន​៤ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ផលិត​គ្រាប់​ពោតក្រហម​ស្ងួត​បាន​ប្រមាណ ៥៦ ៧៥០​តោន ក្នុង​មួយឆ្នាំៗ​សម្រាប់​នាំចេញ និង​កែច្នៃ​ទៅជា​ចំណី​សត្វ​។ ស្រុក​ដែលមាន​ដាំ​ដុះ​ពោតក្រហម មានស្រុក​ក្រូចឆ្មារ​, ត្បូងឃ្មុំ​, មេមត់ និង​ស្រុក​អូររាំងឪ ដែលមាន​ផ្ទៃដី​សរុប ១០ ៧៩០ ហិកតា​។ នេះ​បើតាម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។ 
​លោក រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ប្រជាកសិករ​ក្នុង​ខេត្ត​នេះ កំពុង​ដាំ​
​ពូជ​ពោត​ប្រមាណ ១០​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​។ ទន្ទឹមនឹងនោះ ប្រជាកសិករ ក៏បាន​ងាក​ពី​ការដាំដុះ​បែប​ប្រពៃណី មកជា​ការដាំដុះ​តាម​បច្ចេកទេស​ថ្មី ដែល​បានធ្វើ​ឲ្យ​ទិន្នផល​ពោត កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ​។ ការដាំដុះ​តាម​បច្ចេកទេស​ថ្មី​មានដូចជា​ការជ្រើសរើស​ពូជ​,​ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​ដែល​ត្រូវការ​បរិមាណ​ទឹក​តិច​,​ការប្រើប្រាស់​ជី និង​ថ្នាំ ដែល​ដែល​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ 


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋម​ន្រ្តី​ក្រសួង​កសិកម្ម 

​ដំណាំ នៅ​រដូវប្រាំង ប្រជាកសិករ​ខេត្ត​ត្បូងឃ្មុំ អាច​ប្រមូល​ផល​នៅ​ចន្លោះ​ខែកុម្ភៈ ដល់​ខែមេសា រីឯ​នៅ​រដូវ​ស្សា វេលា​ប្រមូល​ផល​ក្រហម គឺ​នៅ​ចន្លោះ​ខែកក្កដា ដល់​ខែកញ្ញា​។ លោក វេ​ង សាខុន បញ្ជាក់​ដូច្នេះ រួច​បន្តថា​៖«​ការប្រមូល​ផល ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ទាំងស្រុង មក​ប្រើ​ម៉ាស៊ីន​ច្រូត​ពោត និង​ប្រឡេះ​គ្រាប់ពោត​ច្រក​កា​រ៉ុង​តែម្តង ដែល​ចំណេញ​ពេលវេលា ថវិកា កម្លាំង​ពលកម្ម និង​កាត់បន្ថយ​ការខាតបង់​»​។ 


រូបភាពពី​ហ្វេសប៊ុក​លោក វេង សាខុន រដ្ឋម​ន្រ្តី​ក្រសួង​កសិកម្ម 

​ជាមួយគ្នានេះដែរ ឡស​ម្ងួ​ត​ពោត​តាម​លំនៅដ្ឋាន ចំនួន​១៤ ត្រូវបាន​បង្កើតឡើង​ផងដែរ​នៅក្នុង​ខេត្ត​នេះ ដែល​ឡ​នីមួយៗ មាន​សមត្ថភាព​ស​ម្ងួ​ត​ពោត​ពី ១ ៥០០ តោន​ទៅ ៣ ០០០ តោន ក្នុង​មួយឆ្នាំ ដែល​បានរួម​ចំណែក​កាត់បន្ថយ​ការលំបាក​របស់​កសិក​រ ជាពិសេស​ថ្លៃដើម​ផលិត​បាន​យ៉ាងច្រើន​៕


ព័ត៌មានទាក់ទង