ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ផ្លូវបេតុងឡើងភ្នំអានសេះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាក់ស្រុត ដោយសារតែជំនន់ទឹកភ្លៀង។ បើតាមលោក ជា គីមសេង អភិបាលស្រុកជាំក្សាន្ត ផ្លូវបេតុងដែលរងការខូចខាតនោះ ត្រូវបានកងកម្លាំងជួសជុលឡើងវិញបានទាន់ពេលវេលា ដើម្បីសម្រួលដល់ចរាចរណ៍របស់ពលរដ្ឋបានជាបណ្តោះអាសន្នសិន។
លោក ជា គីមសេង ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ផ្លូវបេតុងនេះមានប្រវែង១៥០ម៉ែត្រ ដែលអាជ្ញាធរបានជួសជុល និងបើកឲ្យដំណើរបានធម្មតាវិញហើយ។ លោក ជា គីមសេង បានបញ្ជាក់ថា៖«សម្រាប់អ្នកថ្មើរជើង និងអ្នកជិះម៉ូតូ គឺយើងអនុញ្ញាតឲ្យពួកគេធ្វើដំណើរឆ្លងកាត់បាន ប៉ុន្តែយើងមិនអនុញ្ញាតឲ្យអ្នកជិះឡាន ឆ្លងកាត់បានឡើយ»។
ក្នុងដើមខែកញ្ញានេះ កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង ដែលបណ្តាលឲ្យបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ និងបណ្តាលឲ្យបាក់ស្រុតដីនៅតាមខេត្តមួយចំនួនផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រៀមការពារ និងទប់ស្កាត់គ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយការលំបាក និងការប៉ះពាល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com