ភ្នំពេញ៖ «ដើមត្នោត ធ្វើឲ្យខ្ញុំស្គាល់បរទេស! ដើមត្នោត ធ្វើឲ្យខ្ញុំបានជិះយន្តហោះ!» នេះជាសម្តីរបស់អតីតអ្នកឡើងត្នោតលោក សំ សារឿន នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន លោក សំ សារឿន ជាប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដែលជំរុញកសិករផលិតស្ករត្នោត ដើម្បីផ្គត់ផ្គង់នៅក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។ បើតាមលោក សារឿន ដើមត្នោតបានផ្ដល់អនុស្សាវរីយដល់លោកយ៉ាងច្រើននិងធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃ។
សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺដូចតទៅ៖
មិនមែនជារឿងចៃដន្យទេ ដែលលោកសារឿន បានស្គាល់បរទេស។ លោក សំ សារឿន ដែលជាអតីតអ្នកឡើងត្នោត រស់នៅភូមិតាសាល ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហាក់មានសំណាងបានស្គាល់ប្រទេសជាច្រើន តាមរយៈការងារទាក់ទងនឹងការលើកកម្ពស់ស្ករត្នោត។ មានវ័យ ៦១ឆ្នាំ លោក សារឿន បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើន ដែលភាគច្រើននៅតាមបណ្តាប្រទេសនៅអឺរ៉ុបនិងនៅអាស៊ី ក្នុងការផ្សព្វផ្សាយអំពីស្ករត្នោតកំពង់ស្ពឺ និងការស្នើសុំការកំណត់ផលិតផលសម្គាលភូមិសាស្ត្រជាដើម។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សារឿន បានរៀបរាប់អនុស្សាវរីយជាមួយដើមត្នោតថា៖ «អនុស្សាវរីយ៍ខ្ញុំជាមួយដើមត្នោត គឺប្រវត្តិដែលខ្ញុំឡើងត្នោត។ ដើមត្នោត បានផ្ដល់ជីវិតឲ្យប្រជាកសិករ ផ្ដល់កម្រៃ និងដើមទុនជាច្រើន។ ដើមត្នោតធ្វើឲ្យខ្ញុំស្គាល់នូវបណ្ដាប្រទេសនានា។ ដើមត្នោត ធ្វើឲ្យខ្ញុំបានជិះយន្តហោះ។ ទាំងនេះ ជាអនុស្សាវរីយខ្ញុំជាមួយដើមត្នោត»។
បន្ទាប់ពីសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានបង្កើតនៅឆ្នាំ២០០៨មក លោក សារឿន ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យក្លាយជាប្រធានសមាគម។ ក្រោយជាប់ឈ្មោះជាប្រធានសមាគម លោក សារឿន ក៏បោះបង់អាជីពជាអ្នកឡើងត្នោត ដែលធ្វើការនៅលើចុងត្នោត មកជាអ្នកជំរុញ និងរកទីផ្សារឲ្យអ្នកឡើងត្នោតវិញ។ ដោយមានបទពិសោធ ២០ឆ្នាំជាអ្នកឡើងត្នោត និង ១០ឆ្នាំទៀត ដែលលោក សំ សារឿន កំពុងទទួលបន្ទុកជាប្រធានសមាគមស្ករត្នោតកំពង់ស្ពឺ គឺលោកបានជួយដល់សមាគម និងកសិករដែលជាអ្នកឡើងត្នោតឲ្យមានជីវភាពធូរធារ តាមរយៈការផលិតស្ករត្នោតកំពង់ស្ពី។
Relate
នាពេលថ្មីៗនេះ ស្ករត្នោតកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩។ សូមបញ្ជាក់ថា បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានអ្នកឡើងត្នោតចំនួន ១៦៨នាក់ និងមានក្រុមហ៊ុនចំនួន ១០ក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងជាមួយសមាគមក្នុងការទិញស្ករត្នោតកំពង់ស្ពឺ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com