«បាក់មៃ»ដំរីព្រៃដែលកំពុងរស់នៅយ៉ាងស្និទ្ធស្នាលដូចបងប្អូន ជាមួយហ្មជនជាតិដើមភាពតិច ក្នុងខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ «បាក់មៃ» គឺជាដំរីព្រៃមួយក្បាល ដែលត្រូវបានគេទាក់មកចិញ្ចឹមតាំងតែពីវានៅតូចម្ល៉េះ។ បច្ចុប្បន្នលោក ក្លែង ថឹក គឺជាជនជាតិដើមភាគតិច ដែលត្រូវជាម្ចាស់ និងជាហ្មរបស់ បាក់មៃ។ ហ្មវ័យ៣៨ឆ្នាំរូបនេះ អះអាងថា លោកស្រឡាញ់ ស្និទ្ធស្នាល និងមើលថែដំរីរបស់ខ្លួន ប្រៀបដូចជាបងប្អនបង្កើតអ៊ីចឹងដែរ។
«បាក់មៃ» គឺជាដំរីព្រៃ ដែលមានវ័យចំណាស់ជាងដំរីឯទៀត នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើតាម លោក ក្លែង ថឹក ជនជាតិដើមភាគតិចព្នង វ័យ៣៨ឆ្នាំ ដែលជាម្ចាស់ផង ជាហ្មរបស់ «បាក់មៃ»ផង។ លោក ថឹក មិនបានដឹងពីអាយុពិតប្រាកដ របស់ បាក់មៃ ច្បាស់ឡើយ គ្រាន់តែដឹងថា វាមានអាយុច្រើនជាងខ្លួន ហើយត្រូវបាន ទាក់តាំងពីវានៅមានមាឌតូចម្ល៉េះ។
«បាក់មៃ» មានមាឌធំ ខ្ពស់សង្ហារ និងមើលទៅម៉ឹងមាត់។ សម្រាប់ លោក ក្លែង ថឹក បាក់មៃ ប្រៀបដូចជាបងប្អូនរបស់គាត់អីចឹង ហើយគាត់អះអាងថា បានយកចិត្តទុកដាក់ មើលថែដំរីព្រៃមួយនេះយ៉ាងខ្លាំង។ លោក ក្លែង ថឹក បញ្ជាក់ដូច្នេះ៖ «ខ្ញុំត្រូវមើលថែ បាក់មៃ ឲ្យបានល្អជាងកូនខ្ចីពីរនាក់ទៅទៀត ដោយសារខ្លាចវាឈឺចាស់ទៅមានបញ្ហា ហើយវាជាទ្រព្យសម្បត្តិរបស់ខ្ញុំ។ ខ្ញុំមិនគិតពីរឿងលុយប៉ុន្មានទេ សំខាន់គឺត្រូវមើលថែ បាក់មៃ ឲ្យមានសុខភាពល្អ។ ខ្ញុំត្រូវយក បាក់មៃ ទៅងូតទឹក២ដងក្នុងមួយថ្ងៃ។ បាក់មៃ ដូចបងប្អូនបង្កើតរបស់ខ្ញុំ»។
លោក ក្លែង ថឹក បានឲ្យដឹងថា តាំងតែពីលោក បន្តមើលថែវាបន្តពីដូនតា«បាក់មៃ» ធ្លាប់ធ្វើឲ្យលោក ធ្លាក់ពីលើខ្នងវា ចំនួនពីរដងដែរ។ ប៉ុន្តែឥឡូវនេះ បាក់មៃ និងហ្មជនជាតិដើមភាគតិចព្នងរូបនេះ មើលទៅហាក់ស្រឡាញ់ស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ បើតាមលោក ថឹក បាក់មៃ ឥឡូវនេះ មានភាពចាស់ទុំ ជាងមុនកាលពីវាទើបពេញវ័យឆ្ងាយណាស់ ហើយក៏ងាយគ្រប់គ្រងដែរ។
ជារៀងរាល់ថ្ងៃ «បាក់មៃ» និងដំរីមួយក្បាលទៀត ឈ្មោះ «Princess» ត្រូវចូលព្រៃចម្ងាយប្រមាណ១០ គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ដើម្បីរង់ចាំទទួលភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់ឋានទឹកជ្រោះអូរតេលេងទ្រុត។ ក្នុងមួយថ្ងៃ បាក់មៃ អាចរកចំណូលបានប្រមាណ ២០ដុល្លារ ជាមធ្យម ពីការដឹកភ្ញៀវទេសចរ ដែលមកទស្សនាទឹកជ្រោះអូរតេលែងទ្រុត។ ប៉ុន្តែថ្ងៃខ្លះ ក៏ក្សត់ភ្ញៀវ ហើយចំណូលក៏មិនសូវបានច្រើនដែរ។ នេះបើតាមលោក ក្លែង ថឹក៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com