ជប៉ុន​ផ្តល់ជំនួយ​ជាង​២៦​ម៉ឺន​ដុល្លារ ដើម្បី​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​នៅ​បាត់ដំបង និង​ឧ​ត្ត​រ​មានជ័យ​

30/11/-0001 12:00 am ឧត្តរមានជ័យ

​ភ្នំពេញ​៖  រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជំនួយ​សរុប ២៦២ ៧៥០​ដុល្លារ​បន្ថែមទៀត​ដល់​កម្ពុជា ដើម្បី​ស្តារ​ប្រព័ន្ធធារាសាស្ត្រ នៅ​ខេត្តបាត់ដំបង និង​ឧ​ត្ត​រ​មានជ័យ​។ ការចុះ​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ជំនួយ​នេះ ធ្វើឡើង​រវាង លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា  ជាមួយ​លោក ញ៉​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៣ ខែមីនា នៅ​ស្ថានទូត​ជប៉ុន​។


​ថវិកា​ជំនួយ​នេះ ត្រូវបាន​បែក​ចែក​យ៉ាង​ច្បាស់លាស់​ទៅតាម​តំបន់​នីមួយៗ ក្នុងនោះ​មាន​គម្រោង​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​នៅ​អូរ​ស្នូក លើ​ទំនប់​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ សាងសង់​ទ្វារ​ទឹក​២​កន្លែង និង​សង់​សំណង់​បង្ហៀរទឹក​១​កន្លែង ប្រវែង​ជិត​៣៥​ម៉ែត្រ នៅក្នុង​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ទំហំ​ថវិកា​ជិត​៩​ម៉ឺន​ដុល្លារ​។  ក្រោយ​បញ្ចប់​ការស្តារ​ឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​នេះ ប្រជាជន​១៣០០​គ្រួសារ នឹង​ទទួលបាន​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដែលមាន​ស្ថិរភាព ហើយ​ដី​កសិកម្ម​នឹង​កើន​ទិន្នផល​។ 


 
​រីឯ​គម្រោង​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​បឹង​ខ្ចុំ លើ​ប្រឡាយ​រង​ប្រវែង​ជាង​១៦០០​ម៉ែត្រ និង​សង់​សំណង់​ស្ទាក់​ទឹក​១​កន្លែង នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង មាន​ទំហំ​ទឹកប្រាក់​ជិត​៨,៩​ម៉ឺន​ដុល្លារ​។ បន្ទាប់ពី​គម្រោង​នេះ​បានបញ្ចប់ មាន​ប្រជាពលរដ្ឋ​២៣០​នាក់​ក្នុង​តំបន់ នឹង​ទទួលបាន​ទឹក​គ្រប់គ្រាន់ សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​រៀងៗ​ខ្លួន​។​


 
​នៅក្នុង​ឱកាស​នោះ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​ចុះហត្ថលេខា​ផ្តល់ជំនួយ​ទឹកប្រាក់​ជិត​៧,៥​ម៉ឺន​ដុល្លារ​ផងដែរ ជាមួយ​លោក ឈឹម ធឿន នាយកដ្ឋាន​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន លើ​គម្រោង​ពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន និង​ដំឡើង​សម្ភារ​បណ្តុះ         បណ្តាល​ក្នុង​វិទ្យាស្ថាន​។ 


 
​ចាប់តាំងពី​ឆ្នាំ​១៩៩១​មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង ជាង​៦០​លាន​ដុល្លារ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង​(​គូ​សាណូ​ណិ​)​ចំនួន​៦០៩​គម្រោង នៅ​ទូទាំងប្រទេស​កម្ពុជា​។ គម្រោង​ទាំងនេះ ភាគច្រើន​ផ្តោត​សំខាន់​ភាពក្រីក្រ និង​ភាព​អកុសល ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ និង​ការចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ក្រីក្រ ក៏ដូចជា​ការជួយ​ជំរុញ​ភាពជា​ម្ចាស់​លើ​ខ្លួនឯង របស់​ប្រជា​សហគមន៍​៕
 








 
 

ព័ត៌មានទាក់ទង