ស្ទឹងត្រែង៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានយកសម្ភារមួយចំនួន ទៅចែកជូនពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ពួកគេបណ្ដោះអាសន្ន។
អង្គការភ្លែនអន្តរជាតិកម្ពុជា ផ្តល់សម្ភារប្រើប្រាស់មួយចំនួន ឲ្យប្រជាពលរដ្ឋចំនួន៤៣៨ ក្នុងចំណាម ១២៨៨ គ្រួសារដែលបានជម្លៀសទៅទីទួលសុវត្ថិភាព។ សម្ភារទាំងនោះរួមមាន ធុងចម្រោះទឹក មុង តុង កន្ទេល និងសម្ភារផ្សេងៗទៀត ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោក យី គឹមថាន តំណាងអង្គការភ្លែន បានប្រាប់ដល់សារព័ត៌មានថ្មីៗថា ការចែកសម្ភារប្រើប្រាស់ឲ្យពលរដ្ឋរងគ្រោះនេះ ក្នុងគោលបំណងឲ្យពួកគាត់ មានសម្ភារគ្រប់គ្រាន់ និងបង្ការសុខភាព ដើម្បីជៀសផុតពីជំងឺផ្សេងៗ។
គិតមកដល់ពេលនេះ មានរយៈពេលជាងមួយសប្ដាហ៍ហើយ ដែលពលរដ្ឋរងគ្រោះ បន្តរស់នៅទីទួលមានសុវត្ថិភាព ក្រោយពីទឹកជំនន់ បានលិចលង់ផ្ទះសម្បែងរបស់ពួកគេ។ សូមបញ្ជាក់ថា ឃុំមួយចំនួន ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបានរងគ្រោះទឹកជំនន់នេះ គឺដោយសារការបាក់ទំនប់វារីអគ្គិសនី ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com