បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នឹងរំលេចមុខមាត់ថ្មីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួមទាំងរង្វង់មូលក្រុងប៉ោយប៉ែត នៅចុងឆ្នាំ២០១៩ ខាងមុខ។ នេះបើតាមលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត។
នៅថ្ងៃទី១៨ខែមិថុនានេះ អាជ្ញាធរចាប់ផ្ដើមរុះរើច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយកាត់យកកំពូលប្រាសាទបី នៃខ្លោងទ្វាររបស់ចក្រនេះ ដើម្បីយកទៅបន្តុបលើរង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់។ ប្រាសាទកំពូលបីនៃខ្លោងទ្វារច្រកព្រំដែននេះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨០ និងបានក្លាយជានិមិត្តរូបមួយនៃការស្គាល់ និងចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅ និងប្រកបអាជីវកម្មឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះ។
លោក សាន ស៊ានហូ អះអាងថា ដោយសារសំណង់ប្រាសាទកំពូលបីបានដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋដូច្នេះហើយបានជាអាជ្ញាធរ ត្រូវរក្សាសំណង់នេះដោយយកទៅបន្តុបលើរង្វង់មូលក្រុងប៉ោយប៉ែត ខណៈដែលច្រកទ្វារអន្តរជាតិមួយនេះ ត្រូវផ្លាស់ប្ដូរមុខមាត់ថ្មី។
លោក សាន ស៊ានហូ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី និងរង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត គ្រោងនឹងសាងសង់បញ្ចប់រួចរាល់នៅចុងឆ្នាំ២០១៩ ខាងមុខ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com